ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និន្នាការ​វឌ្ឍនភាព​របស់​លោកស្រី Elizabeth Warren អាច​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​យូរ​នៅក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ២០២០


បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី Elizabeth Warren ថ្លែង​អំពី​ផែនការ​ពន្ធដារ​របស់​លោកស្រី​ នៅ​ក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​មួយ​ កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង Hampton Falls រដ្ឋ New Hampshire។
បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី Elizabeth Warren ថ្លែង​អំពី​ផែនការ​ពន្ធដារ​របស់​លោកស្រី​ នៅ​ក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​មួយ​ កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង Hampton Falls រដ្ឋ New Hampshire។

សមាជិកា​ព្រឹទ្ធសភា​អាមេរិកាំង បាន​កើន​ប្រជាប្រិយភាព​ដល់​លំដាប់​ថ្នាក់​លេខ​២ នៅក្នុង​ការស្ទង់មតិ​សាធារណៈ និង​ទាក់ទាញ​ហ្វូងមហាជន​ជាច្រើន​នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត សម្រាប់​បេក្ខភាព​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិបតេយ្យ នៅក្នុង​ឆ្នាំ ២០២០​ខាងមុខ​នេះ។

ឧបមា​ថា លោកស្រី Warren មិន​បាន​ទទួល​ការតែងតាំង​ពី​គណបក្ស​របស់​លោកស្រី​ក៏ដោយ ក៏​សំណើ​អំពី​សេដ្ឋកិច្ច​ដែល​មាន​សេចក្តី​លម្អិត​របស់​លោកស្រី អាច​នឹង​ត្រូវ​បាន​គេ​បន្ត​ពិភាក្សា​នៅ​ក្នុង​ការប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតី គ្រាដែល​ផែនការ​វឌ្ឍនភាព​សម្រាប់​ការផ្លាស់ប្តូរ ទំនងជា​នឹង​ធ្វើ​ឲ្យ​អ្នកបោះឆ្នោត​ខ្លះ​មាន​ចិត្តរំភើប និង​អ្នកផ្សេង​ទៀត​ មិន​សប្បាយ​ចិត្ត។

នៅក្នុង​ការជួប​ប្រមូលផ្តុំ​មួយ​នៅក្នុង​ទីក្រុង Seattle ដែល​ស្ថិត​នៅ​តំបន់​ភាគពាយ័ព្យ​នៃ​សហរដ្ឋ​អាមេរិក មាន​មនុស្ស​ប្រមាណជាង ១ម៉ឺន ៥ ពាន់​នាក់ បាន​មក​បង្ហាញ​ការគាំទ្រ​ដល់​បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិបតេយ្យ គឺ​លោកស្រី Elizabeth Warren និង​សេចក្តី​លម្អិត​នៃ​និន្នាការ​លោកស្រី ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ភាពមិនស្មើគ្នាផ្នែក​សេដ្ឋកិច្ច​នៅ​សហរដ្ឋ​អាមេរិក។

លោកស្រី Elizabeth Warren សមាជិកា​ព្រឹទ្ធសភា​ខាងគណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​នៅ​រដ្ឋមាស្សាឈូសេត​ថ្លែង​ថា៖

«ខ្ញុំ មិនចង់​ឲ្យមាន​រដ្ឋាភិបាល​មួយ​ដែល​ធ្វើការឲ្យក្រុមហ៊ុន​ធំៗ​ទេ។ ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល ធ្វើការ​សម្រាប់​ក្រុមគ្រួសារ​របស់​យើង»។

សំណើ​សេដ្ឋកិច្ច​របស់​លោកស្រី Elizabeth Warren មាន​រួមបញ្ចូល​ការស្នើ​ឲ្យ​ដាក់​បន្ថែម​ពន្ធ​២ភាគរយ​ទៅ​លើ​ក្រុមគ្រួសារ​អ្នកមាន​ដែល​មាន​ប្រាក់​ចំណូល​ច្រើនជាង ៥០លានដុល្លារ ក្នុង​មួយ​ឆ្នាំ និង ដាក់​ពន្ធ​បន្ថែម​ចំនួន ៧ភាគរយ​ទៀត​ទៅ​លើ​សាជីវកម្ម ដែល​រក​ប្រាក់ចំណូល​បាន​លើសពី​១០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

លោកស្រី Elizabeth Warren ថ្លែង​ទៀត​ថា៖

«អ្វី​ដែល​យើង​ចង់​និយាយ គឺ​ចង់​សំដៅ​ទៅ​ដល់​អ្នក​ដែល​មាន​ប្រាក់ចំណូល​ច្រើន គឺ​ច្រើន​មែនទែន។ អ្នក​ដែល​មាន​ប្រាក់ចំណូល​ក្នុង​លំដាប់​ខ្ពស់បំផុត​ក្នុងចំណោម​អ្នក​មាន​ដែល​មាន​ចំនួន​មួយ​ភាគរយ គឺ​ឲ្យ​ពួកគេ ចូល​វិភាគទាន ដូច្នេះ មនុស្ស​គ្រប់​គ្នា នៅក្នុង​ប្រទេស​នេះ បាន​ទទួល​ឱកាស​ ដើម្បី​សាង​ជីវភាព​របស់​ខ្លួន​ឲ្យ​ប្រសើរ​ឡើង»។

ទឹកប្រាក់​ដែល​គេ​ប៉ាន់ស្មាន​ថា មាន​ចំនួន​ជិត​៣លាន លាន ដែល​បាន​មកពី​ការបង់ពន្ធ រយៈពេល​ជាង ១០ ឆ្នាំ នឹងអាច​ជួយ​ពង្រីក​កម្មវិធី​បណ្តុះបណ្តាល​វីជ្ជាជីវៈ។

លោកស្រី Warren ក៏​ចង់​បំបែក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា Google និង Facebook ផងដែរ ដើម្បី​កំណត់​ឲ្យ​សាជីវកម្ម​ទាំងនោះ បំរើ​ប្រយោជន៍​សាធារណៈ​ជាជាង​ប្រដេញ​រក​ប្រាក់ចំណេញ និង​អនុញ្ញាតិ​ឲ្យ​អ្នកធ្វើការ​ជ្រើសរើស​សមាជិក​គណៈកម្មការ​របស់​ក្រុមហ៊ុន​ចំនួន​៤០ភាគរយ។ ម្យ៉ាងទៀត គឺ​ដើម្បី​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ចកម្ម​អន្តរជាតិ​ដែល​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្រៅប្រទេស និង​រក្សា​ការងារ​សម្រាប់​អ្នកធ្វើការ​ជា​ជនជាតិ​អាមេរិកាំង។

រូបភាព​ឯកសារ៖ បុរស​ម្នាក់​ដើរ​កាត់​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន Google ក្នុង​ក្រុង San Francisco កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ បុរស​ម្នាក់​ដើរ​កាត់​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន Google ក្នុង​ក្រុង San Francisco កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។

មិនថា នៅ​ទីចុង​បញ្ចប់​លោកស្រី Warren នឹង​បាន​ទទួល​ការតែងតាំង​បេក្ខភាព​ពី​គណបក្ស​របស់​លោកស្រី ឬ ក៏​អត់​នោះ​ទេ ផែនការ​«សេដ្ឋកិច្ច​មាន​លក្ខណៈ​ស្នេហា​ជាតិ»​របស់​លោកស្រី Warren នឹង​បង្ខំ​ឲ្យ​គូប្រជែង​នៅក្នុង​គណបក្ស​ប្រជាធិបតេយ្យ ឆ្លើយតប​ទៅនឹង​ផែនការ​វឌ្ឍនភាព​សម្រាប់​ការផ្លាស់ប្តូរ​របស់​លោកស្រី ហើយនឹងពិភាក្សា​នៅ​ក្នុង​ការប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅក្នុង​ឆ្នាំ២០២០​ខាងមុខ​នេះ។

លោក John Halpin នៃ​មជ្ឈមណ្ឌល​វឌ្ឍនភាព​អាមេរិកាំង Center for American Progress ថ្លែង​ថា៖

«វា​ប្រាកដ​ណាស់ នឹង​ធ្វើ​ឲ្យ​បេក្ខជន​ផ្សេងៗ​ទៀតត្រូវ​បង្កើត​សំណើ​នយោបាយ​ដោយ​ផ្ជិតផ្ចង់»។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ផងដែរ សំណើ​របស់​លោកស្រី​អាច​នឹង​ត្រូវបាន​ប្រើប្រាស់​ដោយ​លោក​ប្រធានាធិបតី Donald Trump និង​សមាជិក​គណបក្ស​សាធារណៈរដ្ឋ​ដើម្បី​ជា​ការបង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ​ជា​អ្នកសង្គម​និយម​ជ្រុលនិយម។

លោក Alex Conant អ្នកពិគ្រោះ​យោបល់​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​ក្រុមហ៊ុន​ផ្តល់​យុទ្ធសាស្រ្ត Firehouse Strategies ថ្លែងថា៖

«នៅ​ពេល​ដែល​លោក ​(Donald Trump) និយាយ​ថា សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជា​អ្នកសង្គម​និយម​ជ្រុលនិយម យើង​អាច​លើក​ឡើង​អំពី​កត្តា​មួយ​ចំនួន​នៃ​និន្នាការ​របស់​លោកស្រី Elizabeth Warren ដែល​មាន​លក្ខណៈ​សេរី​និយម​ខ្លាំង​ជាង​អ្វី​ដែល​លោក បារ៉ាក់ អូបាម៉ា ឬ លោក ប៊ីល គ្លីនតុន នឹង​គាំទ្រ​ទៅ​ទៀត»។

លោកស្រី Elizabeth Warren គាំទ្រ​ការពង្រីក​ការថែទាំ​សុខភាព​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​ ដូច​ដែល​បាន​ស្នើ​ឡើង​ដោយ​គូប្រជែង​របស់​លោកស្រី​ដែរ គឺ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​នៅ​រដ្ឋ Vermont លោក Bernie Sanders។

បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ លោក Bernie Sanders និង​ភរិយា​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ការ​តាំងពិព័រណ៍​ Iowa State Fair ក្នុង​ក្រុង Des Moines រដ្ឋ Iowa កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។
បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ លោក Bernie Sanders និង​ភរិយា​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ការ​តាំងពិព័រណ៍​ Iowa State Fair ក្នុង​ក្រុង Des Moines រដ្ឋ Iowa កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។

លោកស្រី Warren បាន​រិះគន់​ការដាក់ពន្ធ​បែប​ឯកតោភាគី​ទៅលើ​ទំនិញ​ដែល​ផលិត​នៅ​បរទេស​ថា ជា​ទង្វើ​ដែល​មិន​បាន​គិត​ឲ្យ​បាន​ដិតដល់ ប៉ុន្តែ​លើក​ឡើង​ថា លោកស្រី​ក៏ ប្រហែល​ជា​អាច​នឹង​ប្រើប្រាស់​វិធី​ដាក់ពន្ធ​នេះ ជា​ផ្នែក​មួយ​នៃ «គោលនយោបាយ​ដែល​ជាប់​ទាក់ទងនឹង​ពាណិជ្ជកម្ម» ផងដែរ។

រួមជាមួយ​នឹង​អ្នកនយោបាយ​ដែល​មាន​គោលនយោបាយ​វឌ្ឍនភាព​ដទៃទៀត​ លោកស្រី​បាន​គាំទ្រ​គោលនយោបាយ​ពាណិជ្ជកម្ម​ដែល​មាន​និន្នាការ​ការពារ​បរិដ្ឋាន​ ដើម្បី​បញ្ចប់​ការពឹងផ្អែក​របស់​អាមេរិក​ទៅលើ​ការប្រើប្រាស់​ប្រេង​ឥន្ធនៈ ហើយនឹង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​វិនិយោគ​ទឹកប្រាក់​ចំនួន​ពីរ លាន លាន ដុល្លារ​ទៅលើ​បច្ចេកវិទ្យា​ផលិត​ថាមពល​ប្រើប្រាស់​ឡើងវិញ។

អ្នកបោះឆ្នោត​និយម​កណ្តាល​ដែល​ជាញឹកញាប់​មាន​ភាពមិន​ជាក់លាក់​ចំពោះ​ការពង្រីក និង​តម្លៃ​របស់​កម្មវិធី​រដ្ឋាភិបាល​នោះ គោលនយោបាយ​ខាង​លើ​នេះ អាច​ជា​អ្នកសម្រេច​ថា បេក្ខជន​ណា​នឹង​ឈ្នះ​ក្នុង​ការបោះឆ្នោត​នា​ពេលខាងមុខ​នេះ។

ក៏ប៉ុន្តែ អ្នកគាំទ្រ​លោកស្រី Warren អះអាង​ថា គន្លឹះ​សំខាន់​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ ២០២០ គឺ​ការធ្វើ​ឲ្យ​អ្នកបោះឆ្នោត​ដែល​មាន​ជីវភាព​មធ្យម​មាន​សន្ទុះចិត្ត​ដោយ​មាន​និន្នាការ​វឌ្ឍនភាព​ដ៏​សំខាន់៕

ប្រែសម្រួលដោយ អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG