លោក Mahathir Mohamad អតីតមេដឹកនាំនៃប្រទេសម៉ាឡេស៊ីបានស្បថចូលកាន់ដំណែងកាលពីថ្ងៃព្រហស្បត៍ជានាយករដ្ឋមន្រ្តីទី៧របស់ម៉ាឡេស៊ីបន្ទាប់ពីជ័យជម្នះនៅក្នុងការបោះឆ្នោតដ៏ភ្ញាក់ផ្អើលមួយកាលពីមួយថ្ងៃមុន ដែលធ្វើឲ្យលោកក្លាយជាមេដឹកនាំដ៏ចាស់ជាងគេបំផុតរបស់ពិភពលោក។
អតីតនាយករដ្ឋមន្រ្តីដែលមានអាយុ៩២ឆ្នាំរូបនេះបានត្រូវគេស្គាល់ថាជាមេដឹកនាំផ្តាច់ការ ហើយក្រុមចម្រុះរបស់លោកដែលជាគណបក្សប្រឆាំងដែលមានឈ្មោះថា សម្ព័ន្ធភាពនៃក្តីសង្ឃឹម ឬ Alliance of Hope បានផ្តួលរំលំគណបក្សចម្រុះ Barisan Nasional របស់នាយករដ្ឋមន្រ្តី Najib Razak ដែលបានដឹកនាំប្រទេសម៉ាឡេស៊ីចាប់តាំងពីប្រទេសនោះបានក្លាយជាប្រទេសឯករាជ្យនៅឆ្នាំ១៩៥៧មក។
ពិធីនៅឯវិមានរដ្ឋផ្លូវការក្នុងរាជធានី Kuala Lumpurបានបញ្ចប់មន្ទិលសង្ស័យនៅពេលដែលពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយថា គណបក្សចម្រុះ Barisan Nasional នឹងព្យាយាមរក្សាការត្រួតត្រាអំណាចរបស់ខ្លួន។
លោក Mahathir ដែលស្លៀកសម្លៀកបំពាក់អាវធំពណ៌ខ្មៅនិងសារ៉ុងតាមបែបប្រពៃណីនិងមួកកាតឹបឥស្លាមបានស្បថចូលកាន់ដំណែងជាផ្លូវការដោយមានការចូលរួមពីព្រះមហាក្សត្រ Sultan Muhammad នៅក្នុងពិធីមួយតាមបែបប្រពៃណីឥស្លាមម៉ាឡេដែលមានរាប់សតវត្សរ៍មកហើយ។
លោក Mahathirបានថ្លែងនៅក្នុងបន្ទប់មួយដែលមានការតុបតែងយ៉ាងល្អដែលបានឡោមព័ទ្ធទៅដោយសម្ព័ន្ធមិត្តខាងនយោបាយនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា «ខ្ញុំ Mahathir Mohamad ក្រោយពីបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តី សូមស្បថបំពេញការងាររបស់ខ្ញុំឲ្យអស់ពីសមត្ថភាព ហើយខ្ញុំនឹងស្មោះត្រង់ចំពោះប្រទេសម៉ាឡេស៊ីហើយនឹងថែរក្សានិងការពាររដ្ឋធម្មនុញ្ញ»។
ពលរដ្ឋម៉ាឡេស៊ីរាប់រយនាក់បានឈរតម្រង់ជួរនៅតាមដងផ្លូវឆ្ពោះទៅកាន់វិមានមុនពេលពិធីចាប់ផ្តើមដោយមានការគ្រវីទង់ជាតិគណបក្សនិងស្រែកអបអរសាទរ។
លោក Najib បានសុខចិត្តទទួលចាញ់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ដោយនិយាយថា លោកនិងសហការីរបស់លោកបានសុខចិត្តទទួលយកការសម្រេចរបស់ប្រជាពលរដ្ឋ។
លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានស្វាគមន៍ប្រជាពលរដ្ឋម៉ាឡេស៊ីចំពោះការបោះឆ្នោតនេះដោយនិយាយថា ពួកគេបានចូលរួមដំណើរការបោះឆ្នោតដោយសន្តិវិធីក្នុងចំនួនយ៉ាងច្រើនហើយនឹងប្រកបដោយការសាទរ។
ពួកអ្នកជំនាញបានរំពឹងថា គណបក្សចម្រុះ Barisan Nasional នឹងចាញ់ចំនួនសន្លឹកឆ្នោតក៏ប៉ុន្តែ នៅតែរក្សាការត្រួតត្រានៅសភា។
ការបរាជ័យរបស់លោក Najib បណ្តាលមកពីការយកពន្ធដារលើការលក់ទំនិញដែលបានប៉ះពាល់យ៉ាងខ្លាំងលើប្រជាពលរដ្ឋក្រីក្រនៅតំបន់ដាច់ស្រយាលនិងរឿងអាស្រូវពុករលួយដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារដែលរងការចោទប្រកាន់ពីការលួចមកពីមូលនិធិវិនិយោគទុនរបស់រដ្ឋដែលលោកត្រួតត្រា។ លោកបានបដិសេធថា លោកពុំបានធ្វើអ្វីខុសទេ។
លោក Mahathir បាននិយាយថា លោកមិនស្វះស្វែងរកការសងសឹកប្រឆាំងនឹងគូប្រកួតប្រជែងខាងនយោបាយរបស់លោកទេ ក៏ប៉ុន្តែ បានសន្យាស្តារច្បាប់និងសណ្តាប់ធ្នាប់ឡើងវិញ។
លោក Mahathir បានដឹកនាំប្រទេសម៉ាឡស៊ីពីឆ្នាំ១៩៨១ដល់ឆ្នាំ២០០៣។ លោកមានកិត្តិស័ព្ទដោយការធ្វើឲ្យសេដ្ឋកិច្ចជឿនលឿនក្នុងប្រទេសម៉េឡេស៊ី។ ក៏ប៉ុន្តែ ជនជាតិម៉ាឡេស៊ីជាច្រើននៅតែមានការរកាំចិត្តចំពោះអ្វីដែលពួកគេបាននិយាយថា ការធ្វើបាបរបស់លោក Mahathir លើពួកប្រឆាំងនិងការកៀបសង្កត់លើសេរីភាពនៃការនិយាយស្តី៕