មួយសប្តាហ៍មុនការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ដែលគណបក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជ័យជម្នះភ្លូកទឹកភ្លូកដី លោក ជា ជីវ អ្នកនយោបាយរបស់បក្សប្រឆាំង កំពុងតែលាក់ខ្លួន។
លោក ជា ជីវ អតីតប្រធានប្រតិបត្តិខេត្តបាត់ដំបងរបស់គណបក្សសង្រ្គោះជាតិ និងសហការីរបស់លោកពីរនាក់ទៀត ត្រូវបានប្តឹងដោយមន្រ្តីគណបក្សប្រជាជនកម្ពុជា ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយចោទប្រកាន់ថាញុះញង់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ក្នុង«យុទ្ធនាការម្រាមដៃស្អាត» តាមរយៈការបង្ហោះរូបថតហូបនំបញ្ចុករួចបង្ហាញម្រាមដៃស្អាត។
លោកត្រូវបានពិន័យឲ្យបង់ប្រាក់ចំនួន២៥០០ដុល្លារអាមេរិក។ នៅពេលនោះផងដែរ លោកក៏ទទួលបានព័ត៌មានថា លោកអាចនឹងត្រូវចាប់ខ្លួន ដូច្នេះហើយទើបលោកគេចខ្លួនមួយរយៈ។
លោក ជា ជីវ អាយុ៣៩ឆ្នាំ មានប្រសាសន៍ថា៖ «សកម្មភាពហ្នឹងគឺជាការបំភិតបំភ័យ និងគំរាមកំហែងសេរីភាពដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ហ្នឹងគឺជាការរារាំងមិនឲ្យខ្ញុំ និងអតីតសហការីរបស់ខ្ញុំហ្នឹង គាត់ធ្វើសកម្មភាពពាក់ព័ន្ធទៅនឹងការមានឆន្ទៈក្នុងការមិនទៅបោះឆ្នោត ប្រសិនបើអត់មានវត្តមានរបស់គណបក្សសង្រ្គោះជាតិ»។
ក្នុងចំណោមអ្នកនយោបាយបក្សប្រឆាំងទាំង១១៨នាក់ ដែលត្រូវបានកាត់សិទ្ធិនយោបាយ ក្រោយគណបក្សមួយនេះត្រូវបានរំលាយ លោក ជា ជីវ ក៏ត្រូវបានកាត់សិទ្ធិនយោបាយរយៈពេល៥ឆ្នាំផងដែរ។ លោកបានចាត់ទុកថា ការកាត់សិទ្ធិនយោបាយនេះ គឺជាការបំបាក់អ្នកនយោបាយបក្សប្រឆាំងនៅថ្នាក់ខេត្ត ដូចជារូបលោក។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគ្រាន់តែជាប្រធានគណៈប្រតិបត្តិខេត្តនៅថ្នាក់ក្រោមជាតិតែប៉ុណ្ណឹង។ ដូច្នេះមិនគួរណាកាត់សិទ្ធិនយោបាយខ្ញុំរយៈពេល៥ឆ្នាំនោះទេ ព្រោះខ្ញុំមិនមែនថ្នាក់ដឹកនាំថ្នាក់ជាតិ»។
លោកបញ្ជាក់បន្ថែមថា ការកាត់សិទ្ធិនយោបាយនេះ ដោយសារលោកជាមនុស្សម្នាក់ដែលមានសមត្ថភាពក្នុងការប្រមូលកម្លាំងនៅថ្នាក់ក្រោម ហើយជាមនុស្សដែលមានឥទ្ធិពលម្នាក់។
សម្រាប់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពួកគេយល់ថា អ្នកដែលត្រូវបានកាត់សិទ្ធិនយោបាយទាំងនោះ គឺជា«ពួកក្បត់ជាតិ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា រដ្ឋាភិបាលមានភស្តុតាងបង្ហាញថា ថ្នាក់ដឹកនាំខេត្តទាំងនោះ បានចូលរួមយ៉ាងសកម្មក្នុងការផ្តួលរំលំរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖ «មានភស្តុតាង ភស្តុតាងដែលចូលរួមសកម្មក្នុងការប្រមូលកម្លាំងមនុស្ស ដើម្បីមកធ្វើបដិវត្តន៍ពណ៌។ យើងមានភស្តុតាង មានរូបភាពអីទាំងអស់អ្នកនៅក្នុងខេត្តហ្នឹង។ វាមិនអស់ទេ បើសិនជាអស់ វាអាចគ្រប់តែខេត្តហ្នឹង»។
អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមួយចំនួនបានស្នើសុំតុលាការកំពូលឲ្យផ្តល់សិទ្ធិនយោបាយដល់ពួកគេវិញ។ ប៉ុន្តែការស្នើសុំនោះត្រូវបានច្រានចោល។ អ្នកនយោបាយបក្សប្រឆាំងដែលត្រូវបានកាត់សិទ្ធិនយោបាយទាំងនោះ មិនមានឱកាសការពារខ្លួនថា ពួកគេមិនគួរត្រូវបានកាត់សិទ្ធិនយោបាយនោះទេ។
លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ថា ការកាត់សិទ្ធិនយោបាយនេះ គឺដើម្បីបញ្ចប់ទាំងស្រុងនូវសកម្មភាពនយោបាយរបស់បក្សប្រឆាំង។
លោកមានប្រសាសន៍ថា៖ «បញ្ហាដែលគេកាត់សិទ្ធិនេះ ដោយសារគេដឹងមុន មិនអាចយកឈ្នះគណបក្សសង្រ្គោះជាតិបានទេ។ អីចឹងគេត្រូវតែរំលាយគណបក្សសង្រ្គោះជាតិ ហើយគេរំលាយ(ដូច)គេថា ជីកស្មៅជីកទាំងឫសថែមទៀត»។
លោកបានបន្ថែមថា ការរំលាយនេះ គឺដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយរក្សាអំណាចរបស់ពួកគេ។
មុនការរំលាយគណបក្សសង្រ្គោះជាតិ តំណាងរាស្រ្តទាំង៦៨រូបមកពីគណបក្សប្រជាជនកម្ពុជា បានធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលផ្តល់អំណាចដល់តុលាការកំពូលរំលាយគណបក្សណាមួយ និងបិទសិទ្ធិអ្នកនយោបាយ។ ប៉ុន្មានខែក្រោយមក គណបក្សសង្រ្គោះជាតិ ត្រូវបានប្តឹងផ្តល់ដោយគណបក្សនយោបាយចំនួនពីរ ហើយក្រសួងមហាផ្ទៃ ក៏បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ឲ្យរំលាយគណបក្សប្រឆាំងមួយនេះ។
បើតាមវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងករណីដែលគណបក្សនយោបាយត្រូវបានរំលាយ តុលាការអាចសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនោះក្នុងរយៈពេល៥ឆ្នាំ។
លោក ជា ជីវ មានប្រសាសន៍ថា ការរំលាយគណបក្សរបស់លោក គឺអយុត្តិធម៌ ហើយវាជាការរំលាយឆន្ទៈរបស់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «វាពិតជាអយុត្តិធម៌ ដោយសារតែបោះឆ្នោតតាមរយៈប្រជាពលរដ្ឋ បោះឆ្នោតសាកលរើសតំណាង។ ប៉ុន្តែគណបក្សកាន់អំណាចខំប្រឹងបង្កើតច្បាប់ ដើម្បីរំលាយគណបក្ស គឺដូចជាការរំលាយឆន្ទៈរបស់ប្រជាពលរដ្ឋអញ្ចឹង»។
ការរំលាយគណបក្សប្រឆាំងនេះ ក៏រងការរិះគន់ និងថ្កោលទោសពីសហគមន៍អន្តរជាតិផងដែរ ប៉ុន្តែរដ្ឋាភិបាលបានច្រានចោល និងចាត់ទុកថា នេះជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការរំលាយគណបក្សប្រឆាំង គឺដោយសារគណបក្សនេះបានប្រព្រឹត្តកំហុស មិនមែនជាចេតនារបស់គណបក្សកាន់អំណាចក្នុងការរំលាយនោះទេ។
កាលពីខែមីនា ឆ្នាំ២០១៨ លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣៣ឆ្នាំមកហើយ បានលើកឡើងថា មិនមានច្បាប់ណា ដែលអនុញ្ញាតឲ្យរូបលោកលើកលែងចំពោះការកាត់សិទ្ធិនយោបាយនោះទេ ហើយលោកក៏មិនអាចប្រឆាំងនឹងសាលដីការបស់តុលាការកំពូលដែរ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំបានប្រាប់គាត់ថា ច្បាប់នៅកម្ពុជា វាអត់ទាន់មាន។ ច្បាប់លើកលែងទោសសម្រាប់ពួកអ្នកហាមឃាត់សិទ្ធិធ្វើនយោបាយ វាអត់ទាន់មាន។ វាមានតែច្បាប់ពន្ធនាគារដែលអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីធ្វើការសុំលើកលែងទោសចំពោះអ្នកដែលជាប់គុក មានសាលក្រមស្ថាពរតែប៉ុណ្ណោះ»។
ស្ថិតនៅក្រោមការតាមដាន
លោក ជា ជីវ បានចូលរួមជាសមាជិកគណបក្សសម រង្ស៊ី កាលពីឆ្នាំ២០០២ ដោយលោកបានឃើញភាពអយុត្តិធម៌ក្នុងសង្គម ប្រព័ន្ធតុលាការមិនឯករាជ្យ យុវជនអត់ការងារធ្វើ និងរដ្ឋអំណាចមិនបានបំពេញសេវាជូនប្រជាពលរដ្ឋស្មើគ្នា។
បន្ទាប់ពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ត្រូវបានបញ្ចូលគ្នាកាលពីឆ្នាំ២០១២ បង្កើតជាគណបក្សសង្រ្គោះជាតិ គណបក្សប្រឆាំងមួយនេះ បានទទួលសំឡេងគាំទ្រច្រើន គឺជាង៤៣ភាគរយនៃសំឡេងឆ្នោត កាលពីការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧។ គណបក្សសង្រ្គោះជាតិបានឈ្នះបានតំណែងមេឃុំចៅសង្កាត់ចំនួន៤៩លើ១០២ឃុំសង្កាត់ សម្រាប់ខេត្តបាត់ដំបង ដែលកាលពីមុនមិនដែលបានមេឃុំចៅសង្កាត់នោះទេ។
លោក ជា ជីវ មានប្រសាសន៍ថា ក្រោយពីគណបក្សសង្រ្គោះជាតិទទួលសំឡេងគាំទ្រច្រើននៅថ្នាក់ខេត្ត អាជ្ញាធរចាប់ផ្តើមរឹតបន្តឹងគណបក្សប្រឆាំង។ ចាប់តាំងពីលោកត្រូវបានកាត់សិទ្ធិនយោបាយ លោកមានការប្រុងប្រយ័ត្ននឹងសកម្មភាពរបស់លោក សូម្បីតែការនិយាយតាមទូរសព្ទ ដោយលោកយល់ថា សំឡេងរបស់លោកត្រូវបានថតទុក។
លោកមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំមិនអាចប្រាប់កន្លែងស្នាក់នៅរបស់ខ្ញុំទេ ពីព្រោះខ្ញុំបារម្ភអំពីសុវត្ថិភាព»។
លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំដឹងថាអាជ្ញាធរកំពុងតែតាមដានខ្ញុំ។ នៅពេលខ្ញុំទៅកន្លែងណា ឬក៏មានការជួបជុំជាមួយអតីតសហការីរបស់ខ្ញុំ ខ្ញុំត្រូវបានតាមដានដោយអាជ្ញាធរមូលដ្ឋាន ដែលពួកគេមកថតរូប»។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ លោក ជា ជីវ ត្រូវបានមន្រ្តីប៉ូលិសដែលលោកស្គាល់ ជូនដំណឹងមកលោកដោយសម្ងាត់អំពីការតាមដានសកម្មភាពរបស់លោកជាមួយសហការីក្នុងពិធីហូបនំបញ្ចុកមួយ។
នៅក្នុងរបាយការណ៍នោះ ប៉ូលិសបានរាយការណ៍ថា លោក ជា ជីវ បានដឹកនាំការហូបនំបញ្ចុកជាមួយសហការីរបស់ខ្លួន។
លោកបានបញ្ជាក់ថា៖ «មានខាងមន្រ្តីយោធា មន្រ្តីប៉ូលិសដែលសុំមិនបញ្ចេញអត្តសញ្ញាណ បាន Message មកខ្ញុំថា ថ្ងៃនេះ ឈ្មោះរ៉ូហ្សែត [អតីតចៅសង្កាត់អូរចារ] ឈ្មោះ ស ចាន់ដេត (អតីតព្រឹទ្ធសមាជិកបក្សប្រឆាំង) ធ្វើអី ហើយខ្ញុំធ្វើអី។ គឺមានរបាយការណ៍ជាប្រចាំ រៀងរាល់ថ្ងៃ»។
លោក ជា ជីវ មានប្រសាសន៍ថា សេរីភាពរបស់លោកត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់។
លោកបានថ្លែងថា៖ «អ្វីក៏អាចកើតឡើងដែរនៅកម្ពុជា។ គ្រាន់តែពលរដ្ឋម្នាក់Share (ចែករំលែក) ចាប់គាត់ដាក់គុក។ គ្រាន់តែពលរដ្ឋបញ្ចេញមតិ ក៏ចាប់គាត់ដាក់គុក ដោយមិនពឹងផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានណាមួយ»។
ទោះជាយ៉ាងណា ស្នងការនគរបាលខេត្តបាត់ដំបង លោក អ៊ុច សុខុន បានថ្លែងប្រាប់VOA ថា លោកមិនបានដឹងអំពីការតាមដានរបស់កម្លាំងរបស់លោកនោះទេ។
លោកមានប្រសាសន៍ថា៖ «បើគាត់ថាម៉េចថាអីចឹងទៅ បើខ្ញុំអត់ដឹងផង។ គាត់ធ្វើអីខ្លួនគាត់ គាត់ដឹងខ្លួនគាត់ហើយតើ»។
បាត់បង់ការងារ និងការទទូចពីគ្រួសារឲ្យឈប់ធ្វើនយោបាយ
ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ គណបក្សមួយនេះបានបាត់បង់តំណែងតំណាងរាស្រ្តទាំង៥៥ និងអាសនៈរបស់ក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេសចំនួន៥០០៧ ដែលជាមូលដ្ឋានគាំទ្ររឹងមាំមួយរបស់បក្សប្រឆាំងនៅថ្នាក់ក្រោម។ លោក ជា ជីវ ក៏បានបាត់បង់តំណែងជាក្រុមប្រឹក្សាខេត្តបាត់ដំបង ដោយសារលោកមិនបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
មុន និងបន្ទាប់ពីគណបក្សប្រឆាំងនេះត្រូវបានរំលាយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវជាបន្តបន្ទាប់ ឲ្យមន្រ្តីបក្សប្រឆាំងចុះចូលជាមួយគណបក្សកាន់អំណាច ដើម្បីឲ្យពួកគេអាចរក្សាតំណែងរបស់ពួកគេនៅដដែល។ សមាជិកគណបក្សរាប់រយនាក់ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ខណៈមានការរាយការណ៍ថា ពួកគេមានគំនាបខាងផ្លូវតុលាការ និងពីកម្លាំងសមត្ថកិច្ច។
លោក ជា ជីវ មានប្រសាសន៍ថា លោកមិនបានចុះចូលនោះទេ បើទោះមានការសន្យាថា លោកនឹងអាចទទួលបានតំណែងជាអភិបាលរងខេត្តក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ហើយម្យ៉ាងទៀត ខ្ញុំគិតថាខ្ញុំជាមនុស្ស តែបើសិនជាទិញដូរបាន អូសទាញបាន តើសហការីខ្ញុំ គាត់យល់យ៉ាងណា។ ហើយខ្ញុំ តើមនសិការ សម្បជញ្ញៈរបស់ខ្ញុំស្ថិតនៅត្រង់ណា»?
លោកបន្តថា បើលោកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដូច្នេះលោកមិនមានឱកាសក្នុងការនាំមកនូវការផ្លាស់ប្តូរនៅកម្ពុជានោះទេ។
សព្វថ្ងៃនេះ លោក ជា ជីវ មានកូន៤នាក់ក្នុងបន្ទុក ប្រុសពីរ ស្រីពីរ ហើយលោកជួយលក់ដូរភេសជ្ជៈនៅហាងមួយរបស់បងប្អូនក្នុងខេត្តបាត់ដំបង ដើម្បីបានកម្រៃខ្លះក្នុងការចិញ្ចឹមគ្រួសារ តែលោកថា វាមិនគ្រប់គ្រាន់នោះទេ។ លោកក៏ត្រូវបានផ្គត់ផ្គង់ថវិកាមួយចំនួនពីឪពុកម្តាយរបស់លោកដែលរស់នៅសហរដ្ឋអាមេរិក និងបងប្អូន មិត្តភ័ក្តិមួយចំនួនទៀត។
អតីតមន្រ្តីបក្សប្រឆាំង ជាពិសេសថ្នាក់ដឹកនាំកំពូលភាគច្រើនកំពុងស្ថិតនៅក្រៅប្រទេស។ មន្រ្តីខ្លះ ក៏កំពុងលាក់ខ្លួនផងដែរ។
នៅពេលសួរថា ហេតុអ្វីលោកមិនចាកចេញទៅក្រៅប្រទេសដែរ លោក ជា ជីវ មានប្រសាសន៍ថា៖ «ខ្ញុំមិនបានធ្វើការចាកចេញទៅឆ្ងាយទេ ព្រោះខ្ញុំត្រូវទទួលបន្ទុកក្នុងក្រុមគ្រួសារ ភរិយាខ្ញុំមួយ ហើយនិងកូន៤នាក់។ ដូច្នេះខ្ញុំមិនអាចឆ្ងាយពីគ្រួសាររបស់ខ្ញុំទេ»។
លោកបញ្ជាក់ថា ដោយសារប្រឈមនឹងការលំបាកបែបនេះ ភរិយារបស់លោកក៏បានទទូចឲ្យលោកឈប់ធ្វើនយោបាយតទៅទៀត។
នៅក្នុងភូមិរបស់លោក ការទំនាក់ទំនងជាមួយអ្នកជិតខាងមិនដូចមុននោះទេ។ លោក ជា ជីវ និយាយថា ប្រជាពលរដ្ឋមានភាពភ័យខ្លាចក្នុងការនិយាយជាមួយលោកដោយចំហ។
លោកមានប្រសាសន៍ថា៖ «ការដែលដាក់ខ្ញុំក្នុងចំណោម១១៨នាក់ គឺដើម្បីកុំឲ្យខ្ញុំធ្វើសកម្មភាព កុំឲ្យទំនាក់ទំនងជាមួយសហការី កុំឲ្យជួបជាមួយប្រជាពលរដ្ឋ»។
លោក ជា ជីវ មានជំនឿថា ថ្នាក់ដឹកនាំរបស់លោកនឹងទទួលជោគជ័យក្នុងការការធ្វើយុទ្ធនាការនៅក្រៅប្រទេស ដើម្បីឲ្យគណបក្សសង្រ្គោះជាតិរស់ឡើងវិញបាន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមានជំនឿទៅលើថ្នាក់ដឹកនាំគណបក្សរបស់ខ្ញុំ ជាពិសេសគឺលោកប្រធានសម រង្ស៊ី»។
លោកបញ្ជាក់បន្ថែមថា៖ «បើសិនជាប្រជាពលរដ្ឋរួមគ្នា ចូលរួមជាមួយគណបក្សសង្រ្គោះជាតិ មិនខ្លាចរអា មិនចាញ់ការសម្លុត គំរាមកំហែងរបស់គណបក្សកាន់អំណាច នោះគណបក្សសង្រ្គោះជាតិនឹងត្រឡប់មកវិញ»។
ទោះប្រឈមនឹងការគាបសង្កត់ពីអាជ្ញាធរ និងការទទូចពីក្រុមគ្រួសារក៏ដោយ លោក ជា ជីវ នៅតែចង់ធ្វើនយោបាយបន្តទៀត។
លោកមានប្រសាសន៍ថា៖ «ខ្ញុំនៅតែចង់ធ្វើនយោបាយ ប៉ុន្តែខ្ញុំត្រូវតែគោរពច្បាប់ បើទោះជាច្បាប់នោះអយុត្តិធម៌សម្រាប់ខ្ញុំក៏ដោយ»៕