កេរដំណែលរបស់អតីតនាយករដ្ឋមន្ត្រីចិនលោក Li Keqiangដែលកាលពីពេលមុនត្រូវបានគេចាត់ទុកជាគូប្រជែងដ៏ខ្លាំងមួយសម្រាប់តំណែងប្រធានាធិបតីចិននោះ នឹងត្រូវគេមើលឃើញថាជាការបាត់បង់ឱកាសដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ចដ៏សំខាន់មួយដោយពួកអ្នកវិភាគខ្លះ បានពណ៌នាលោកថាជាអ្នកជំនាញសេដ្ឋកិច្ចម្នាក់ដែលមានអំណាចតិចតួចដើម្បីរៀបចំចាត់ចែងកិច្ចការសេដ្ឋកិច្ច។
លោក Chang Wu-uehជាអ្នកជំនាញស្តីពីនយោបាយចិននៅឯសាកលវិទ្យាល័យ Tamkang នៃកោះតៃវ៉ាន់បានប្រាប់វីអូអេតាមទូរសព្ទថា«លោក Liជានាយករដ្ឋមន្ត្រីចិនដែលទទួលបានការសិក្សាខ្ពស់បំផុត ពីព្រោះលោកបានទទួលសញ្ញាប័ត្របណ្ឌិត សេដ្ឋកិច្ចពីសាកលវិទ្យាល័យប៉េកាំង ក៏ប៉ុន្តែ ក្នុងឋានៈជានាយករដ្ឋមន្ត្រី លោកត្រូវបានគេផ្តល់អំណាចឱ្យតិចតួចលើកិច្ចការសេដ្ឋកិច្ច»។
លោកបានបន្ថែមទៀតថា«ស្របពេលដែលលោក Liត្រូវទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៅពេលដែលលោកជានាយករដ្ឋមន្ត្រី ក្នុងពេលជាង១០ឆ្នាំចុងក្រោយនេះ រាល់ការសម្រេចសេដ្ឋកិច្ចសំខាន់ៗទាំងអស់នៅក្នុងប្រទេសចិនត្រូវបានធ្វើឡើងដោយប្រធានាធិបតីចិនលោក Xi Jinping។
លោក Liជានាយករដ្ឋមន្ត្រីចិននិងជាប្រធានក្រុមប្រឹក្សារដ្ឋចិនចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ ពេល១ទសវត្សរ៍ដំបូងនៃការកាន់តំណែងរបស់លោក Xi។ កាលពីខែមីនាលោកត្រូវបានជំនួសដោយលោក Li Qiang អតីតលេខាបក្សក្រុងសៀងហៃនិងជាអ្នកស្មោះត្រង់នឹងលោក Xi បន្ទាប់ពីសមាជជាតិរបស់ប្រជាជន។
ការប្រកាសផ្លូវការណ៍មួយដែលបានចេញផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថាលោកបានជួបប្រទះ«ជំងឺបេះដូងភ្លាមៗ»កាលពីថ្ងៃទី២៦ ខែតុលា ខណៈដែលលោកឈប់សម្រាកនៅក្នុងទីក្រុងសៀងហៃ។ លោកបានស្លាប់១០នាទីក្រោយ មកនៅពាក់កណ្តាលយប់ថ្ងៃទី២៧ ខែតុលាបន្ទាប់ពី«ការខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយធ្វើឱ្យលោករស់ឡើងវិញ»។
ក្នុងអំឡុងពេលលោកជានាយករដ្ឋមន្ត្រី ចិនបានជួបប្រទះបញ្ហាសេដ្ឋកិច្ចកើនឡើង រួមទាំងការតានតឹងពាណិជ្ជកម្មកើនឡើងជាមួយសហរដ្ឋអាមេរិក ការកើនឡើងនូវបំណុលរបស់រដ្ឋាភិបាលនិងការគ្មានការងារធ្វើ ហើយនិងការធ្លាក់ចុះសេដ្ឋកិច្ចដ៏ធ្ងន់ ធ្ងរដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។ ថ្វីបើមានបញ្ហាប្រឈមជាច្រើនក៏ដោយ លោក Li បានបន្តគាំទ្រការខំប្រឹងប្រែងដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាពនិងបង្កើនការមានការងារធ្វើនៅក្នុងប្រទេសចិន។
ស្របពេលដែលអ្នកធ្វើកំណែទម្រង់ខ្លះនៅក្នុងគណបក្សកុម្មុយនីស្តចិនបានរំពឹងថាលោក Liនឹងបន្តសន្ទុះនៃកំណែទម្រង់សេដ្ឋកិច្ចដែលត្រូវបានធ្វើឡើងដោយអ្នកកាន់តំណែងមុនៗរបស់លោកដូចជាលោកZhu Rongji និងលោកWen Jiabao លោកLi បានស្ថិតនៅក្រៅសង្វៀនបន្តិចម្តងៗនៅពេលដែលប្រធានាធិបតី Xiបានរឹតបន្តឹងការត្រួតត្រាលើគណបក្ស។
លោក Wen-ti Sungជាអ្នកវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យជាតិអូស្ត្រាលីបានប្រាប់វីអូអេតាមទូរសព្ទថា«លោក Xi បានដើរតួនាទីកាន់តែខ្លាំងឡើងនៅក្នុងការធ្វើការសម្រេច រួមទាំងនៅក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូច្នេះ នៅទីបញ្ចប់ លោក Xi ហាក់ដូចជាមានឥទ្ធិពលកាន់តែធំឡើងៗលើបញ្ហានានាដូចជាសេដ្ឋ កិច្ចដែលជាប្រពៃណីត្រូវបានគេចាត់ទុកជាដែនឥទ្ធិពលរបស់នាយករដ្ឋមន្ត្រី»។
លោក Sung បាននិយាយទៀតថាតួនាទីនិងឥទ្ធិពលដែលមានកម្រិតរបស់លោក Li នៅក្នុងប្រព័ន្ធនយោបាយរបស់ចិនអាចត្រូវគេមើលឃើញតាមរយៈបណ្តាញរាយ ការណ៍ព័ត៌មានរដ្ឋ។ ក្នុងឆ្នាំ២០១៣ បណ្តាញព័ត៌មានរដ្ឋបានយោងដល់សករាជនេះថា«ជាសករាជលោកXiនិងលោក Li»ដែលជាទម្លាប់ត្រូវបានបង្ហាញឲ្យឃើញបន្ទាប់មក នូវអតុល្យភាពនៃអំណាចរវាងអគ្គលេខាធិការបក្សនិងនាយករដ្ឋមន្ត្រី។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បណ្តាញព័ត៌មានរដ្ឋជាធម្មតាបានប្រើប្រាស់«សករាជថ្មីរបស់លោក Xi»សម្រាប់ពេលវេលានេះ។
លោក Sungបាននិយាយទៀតថា«ខ្ញុំគិតថានេះជាសូចនាករត្រង់ៗថាតើអំណាចរបស់អគ្គលេខាធិការបានរីកកាន់តែធំឡើងយ៉ាងដូចម្តេចលើវិស័យទាំងអស់នៃអភិបាលកិច្ចរបស់ចិន រួមទាំងគោលនយោបាយសេដ្ឋកិច្ច។ ហើយការណ៍នេះ ជាវិធីបណ្តាលឱ្យលោកLiមិនអាចមានតួនាទីដូចបានកំណត់ទុកស្តីពីគោលនយោបាយសេដ្ឋកិច្ចដូចជានាយករដ្ឋមន្ត្រីមុនៗ»។
«អ្នកកំណែទម្រង់មិនបានជោគជ័យ»
លោក Li ដែលមានសញ្ញាបត្រច្បាប់និងសេដ្ឋកិច្ចបានត្រូវគេមើលឃើញថាមានការរាក់ទាក់នឹងផ្នែកឯកជននិងជាអ្នកកែទម្រង់ស៊ីជម្រៅម្នាក់ដែលបានប៉ុនប៉ងផ្តួចផ្តើមការផ្លាស់ប្តូរដល់គោលនយោបាយសេដ្ឋកិច្ចរបស់ចិនដែលភាគច្រើនមិនបានចេញជារូបរាង្គ។
លោក Dexter Robertsជានាយកនៃកិច្ចការចិននៅមជ្ឈមណ្ឌល Mansfieldនៃសា កលវិទ្យាល័យ Montana បាននិយាយថាក្នុងអំឡុងនៃការកាន់អំណាចរបស់លោក Li«មានការពិភាក្សាជាប្រចាំអំពីកំណែទម្រង់ប្រព័ន្ធដីធ្លីនៅក្នុងតំបន់ជនបទរបស់ប្រទេសចិនដែលនឹងក្លាយជាកំណែទម្រង់ដ៏សំខាន់មួយដែលអនុញ្ញាតឱ្យពលរដ្ឋនៅជនបទរកប្រាក់ចំណូលមកពីដីធ្លីរបស់ខ្លួនហើយនឹងអនុញ្ញាតឱ្យពលរដ្ឋនៅតំបន់ជនបទចាប់ផ្តើមកាន់តែមានទៅៗ»។
លោក Robertបាននិយាយទៀតថានៅក្នុងដំណាក់កាលបន្ទាប់នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក លោក Liបានចាប់ផ្តើមផ្តោតលើការជំរុញកំណែទម្រង់សេដ្ឋកិច្ចដែលមិនមានការប្រែប្រួលខ្លាំងដល់សេដ្ឋកិច្ចចិន។
លោក Robert បានប្រាប់វីអូអេតាមទូរសព្ទថា«ក្នុងឆ្នាំក្រោយៗរបស់លោក លោក Li បានចាប់ផ្តើមពិភាក្សាបញ្ហានានាដូចជាកាត់បន្ថយការិយាធិបតេយ្យនិងកាត់បន្ថយចំនួនបទបញ្ជារដ្ឋបាលដែលចំពោះខ្ញុំហាក់ដូចជាកំណែទម្រង់ដ៏ប្រាកដប្រជាពិតៗដែលមិនអាចធ្វើទៅបាន»។
បន្ថែមដល់កំណែទម្រង់តិចតួចដែលបានកម្រិតផលប៉ះពាល់លើសេដ្ឋកិច្ចចិន លោក Robertបាននិយាយថាលោ Liក៏បានគាំទ្រគំនិតសហគ្រិនភាពនិងការបញ្ចូលរបៀបថ្មីដែលជាម៉ាស៊ីនសម្រាប់ការរីកលូតលាស់ថ្មី។ ខណៈដែលកាន់តំណែងជានាយករដ្ឋមន្ត្រី លោក Liបានសន្យាធ្វើឱ្យប្រសើឡើងនូវស្ថានភាពសម្រាប់ម្ចាស់សហគ្រិន ក៏ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានរឹតបន្តឹងការត្រួតត្រាលើបច្ចេកវិទ្យានិងឧស្សាហ កម្មផ្សេងទៀតហើយនិងបង្កើតច្បាប់ហាក់ដូចជាមិនបង្កភាពងាយស្រួលដល់ពាណិជ្ជកម្មបរទេស។
លោក Robertបានបន្ថែមទៀតថា«ខ្ញុំមានអារម្មណ៍ថាដូចជាលោកLiត្រូវបានគេជំរុញឱ្យចូលក្នុងកិច្ចការនានាដែលមិនមែនជាកំណែទម្រង់សេដ្ឋកិច្ចសំខាន់ៗពីព្រោះលោកមិនមានអំណាចដើម្បីធ្វើកិច្ចការនោះនៅក្រោមអំណាចលោក Xi Jinping។ លោកជាអ្នកកំណែទម្រង់មិនបានជោគជ័យម្នាក់»។
មិនដូចលោក Xi ដែលចេញពីគ្រួសារបក្សកុម្មុយនីស្តដ៏ល្បីល្បាញមួយ លោក Li បានឡើងឋានៈតាមរយៈសម្ពន្ធយុវជនរបស់គណបក្សដែលត្រូវបានគេទទួលស្គាល់ចំពោះការបង្កើតឥស្សរជននយោបាយដែលមានគំនិតកំណែទម្រង់ពីប្រវត្តិក្រុមគ្រួសារខ្សត់ខ្សោយ។ ក្រុមនេះជាមូលដ្ឋាននៃអំណាចដ៏សំខាន់មួយសម្រាប់អតីតប្រធានាធិបតីលោក Hu Jintao។
លោក Sung បាននិយាយទៀតថាលោក Liបានធ្វើឱ្យខ្លួនលោកល្បីល្បាញជាមនុស្សម្នាក់ដែលបានយកចិត្តទុកដាក់ដល់បញ្ហារស់នៅសម្រាប់«ពលរដ្ឋក្រីក្រ»។
លោក Sung បានប្រាប់វីអូអេថា«ក្នុងរបៀបម្យ៉ាងទៀត លោក Liបានដាក់ខ្លួនទាបបំផុតបើប្រៀបធៀបទៅនឹងមេដឹកនាំចិនផ្សេងទៀត»។
មនុស្សខ្លះនៅលើបណ្តាញសង្គមចិន Weibo បានសម្តែងនូវការចូលរួមរំលែកទុក្ខដល់«នាយករដ្ឋមន្ត្រីដ៏ល្អដែលបានបូជាខ្លួនលោកដល់ប្រជាពលរដ្ឋ»ខណៈដែលមនុស្សសផ្សេងទៀតនិយាយថាពួកគេជានិច្ចកាលស្រឡាញ់និងគោរពលោក Li។
លោក Sung បានថ្លែងបន្តទៀតថា«លោក Li នឹងត្រូវគេចងចាំជាអ្នកគាំទ្រទីផ្សារសេរីនិងពលរដ្ឋក្រីក្រ»។
កាលពីឆ្នាំ២០២០ លោក Li បានថ្លែងដ៏ល្បីល្បាញថាមនុស្ស៦រយលាននាក់នៅក្នុងប្រទេសចិនបានរកប្រាក់តិចជាង១៤០ដុល្លារអាមេរិកក្នុងមួយខែ ដែលបានធ្វើឱ្យមានការជជែកដេញដោលគ្នាអំពីភាពក្រីក្រនិងប្រាក់ចំណូលមិនស្មើគ្នានៅក្នុងប្រទេសចិន។
ថ្វីបើខ្វះភាពជោគជ័យពិតប្រាកដរបស់លោកជានាយករដ្ឋមន្ត្រីក៏ដោយ លោក Liមានឥទ្ធិពលដ៏យូរលង់អំពីថាតើពិភពលោកបកស្រាយពីសកម្មភាពសេដ្ឋកិច្ចរបស់ចិនយ៉ាងដូចម្តេច។ នៅក្នុងសហរដ្ឋអាមេរិក ការបែកធ្លាយទូរសារការទូតអេឡិចត្រូនិក ដែលត្រូវបានបញ្ចេញដោយ Wikileaks នៅឆ្នាំ២០១០ថាលោក Li ដែលជាប្រធានបក្សនៅខេត្ត Liaoning បាននិយាយនៅឆ្នាំ២០០៧ថាផលិតផលសរុបក្នុងស្រុកឬGDPរបស់ចិនជា«ការប្រឌិត»និង«មិនអាចទុកចិត្តបាន»។
អត្ថាធិប្បាយនេះបាននាំទៅរកមធ្យោបាយផ្សេងដើម្បីបកស្រាយសកម្មភាពសេដ្ឋកិច្ចរបស់ចិន ហើយមនុស្សខ្លះបានចាត់ទុកវិធានការទាំងនេះថាជាវិធានការកែទម្រង់សេដ្ឋកិច្ចរបស់លោក Li ហៅថា «Likonomics»។
ការស្លាប់របស់លោក Li កើតមានឡើងនៅពេលដែលចិនខិតខំដោះស្រាយការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបានបន្តដោយការរាតត្បាតនៃជំងឺកូវីដ១៩រយៈពេល៣ឆ្នាំនិងការកើនឡើងនូវការតានតឹងជាមួយប្រទេសលោកខាងលិច។
នៅពេលដែលពិភពលោករង់ចាំដំណឹងមរណភាពរបស់លោក Liដែលត្រូវបានយល់ ព្រមជាផ្លូវការណ៍ដោយគណបក្សកុម្មុយនីស្តចិននិងបញ្ជាក់ពី កេរដំណែលរបស់លោកនោះ លោក Changបាននិយាយថាលោកគិតថាមរណភាពរបស់លោក Li នឹងមានឥទ្ធិពលមួយកម្រិតលើសង្គមចិនហើយនិងការគ្រប់គ្រងអំណាចរបស់លោក Xi Jinping លើប្រទេសចិន។
ស្របពេលការស្លាប់របស់មន្ត្រីជាន់ខ្ពស់ចិនបានបណ្តាលឱ្យមានការតវ៉ាប្រឆាំងជាសាធារណៈកាលពីអតីតកាល លោក Changនិយាយថាការស្លាប់របស់លោក Li មិនទំនងនាំឱ្យមានការតវ៉ាប្រឆាំងណាមួយដល់លោក Xi នោះទេ។
លោកបានប្រាប់វីអូអេថា«រដ្ឋាភិបាលចិននឹងអត់ឱនឱ្យមានការកាន់ទុក្ខជាសាធារណៈនិងគោរពវិញ្ញាណក្ខន្ធខ្លះដល់លោក Li ក៏ប៉ុន្តែ ការស្លាប់របស់លោកនឹងមិនមានឥទ្ធិពលខ្លាំងលើមេដឹកនាំនយោបាយរបស់ចិននិងផលប្រយោជន៍របស់លោក Xi Jinping ទេ»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន