ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធាន​ធនាគារ Bank of China ត្រូវបាន​ចោទ​ប្រកាន់ពី​បទ​ស៊ី​សំណូក


អតីតប្រធានាធនាគារ Bank of China លោក Liu Liange ក្នុងអំឡុងពេលចូលរួម​វេទិកា​ហិរញ្ញវត្ថុ​រវាង​ចិន​និង​អ៊ីតាលី នៅ​ទីក្រុង Milan ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។
អតីតប្រធានាធនាគារ Bank of China លោក Liu Liange ក្នុងអំឡុងពេលចូលរួម​វេទិកា​ហិរញ្ញវត្ថុ​រវាង​ចិន​និង​អ៊ីតាលី នៅ​ទីក្រុង Milan ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

រដ្ឋអាជ្ញា​ចិន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ថា លោក Liu Liange អតីត​ប្រធាន​ធនាគារ Bank of China របស់​ចិន ត្រូវបាន​ចោទប្រកាន់​ពី​បទ​ស៊ីសំណូក។ ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឱ្យ​លោក Liu ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ផ្នែក​អាជីវកម្ម​និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​រូប​ដែល​ត្រូវបាន​បង្ក្រាប​ដោយ​វិធានការ​ប្រឆាំង​អំពើ​ពុករលួយ​ជាច្រើន​ឆ្នាំ​កន្លង​មក​របស់​មេដឹកនាំ​ចិន​លោក Xi Jinping។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Liu ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​កេង​ប្រយោជន៍​ពី​មុខ​តំណែង​របស់​លោក​នៅ​ធនាគារ Bank of China និង​ពី​មុខ​តំណែង​ពីមុន​របស់​លោក​ជា​ប្រធាន​ធនាគារ Export-Import Bank of China។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មហា​អយ្យការ​ចិន​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ។

ទីភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​រដ្ឋាភិបាល​ចិន​បាន​ឱ្យ​ដឹង​ថា លោក Liu ត្រូវបាន​ចោទប្រកាន់​ពី​បទ​ជួយ​អ្នកដទៃ​ឱ្យ​ទទួល​បាន​កម្ចី​និង​មុខ​តំណែង​ជា​ថ្នូរ​នឹង​ទ្រព្យសម្បត្តិ​និង​សាច់ប្រាក់ និង​ពី​បទ​ផ្ដល់​កម្ចី​ដោយ​រំលោភ​លើ​បទប្បញ្ញត្តិ​នានា​ដែល​បណ្តាល​ឱ្យ​មាន​ការ​ខាតបង់​ជាច្រើន។

បណ្ដឹង​ចោទ​ប្រកាន់​លើ​លោក Liu ដែល​ត្រូវបាន​ស៊ើបអង្កេត​អស់​រយៈពេល​ជាង ១០ ខែ​មក​ហើយ​នេះ ត្រូវ​បាន​ដាក់​ជូន​តុលាការ​ក្នុង​ទីក្រុង Jinan នៃ​ខេត្ត Shandong នៅ​ភាគ​ខាងកើត​ប្រទេស​ចិន។

រូបឯកសារ៖ ទីស្នាក់ការរបស់​ធនាគារ Bank of China ត្រូវបាន​កែលម្អ​នៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។
រូបឯកសារ៖ ទីស្នាក់ការរបស់​ធនាគារ Bank of China ត្រូវបាន​កែលម្អ​នៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។

ធនាគារ Bank of China ដែល​ជា​របស់​រដ្ឋ​និង​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ «‍ធំៗ​ទាំង​បួន» របស់​ប្រទេស​ចិន​នេះ មាន​វត្តមាន​យ៉ាង​ធំ​ទូលំទូលាយ​នៅ​ក្រៅ​ប្រទេស។

យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ ដែល​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​សាធារណជន​និង​ដែល​បាន​អនុញ្ញាត​ឱ្យ​លោក Xi បំបិទ​មាត់​គូប្រជែង​នយោបាយ​របស់​លោក ហាក់​ដូចជា​មិន​បាន​បង្ហាញ​សញ្ញា​ណា​មួយ​ថា​នឹង​ចុះ​ថមថយ​នោះឡើយ។

មហា​អយ្យការ​របស់​ប្រទេស​ចិន​បាន​ប្រកាស​កាលពី​ខែ​មករា​កន្លង​ទៅ​នេះ​ថា លោក Tang Shuangning អតីត​ប្រធាន​សហគ្រាស China Everbright Group ដែល​ជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​មួយ​ផ្សេង​ទៀត ត្រូវបាន​ចាប់ខ្លួន​ក្រោម​ការ​សង្ស័យ​ពី​បទ​កេងបន្លំ​និង​ស៊ីសំណូក។

នៅក្នុង​ករណី​ដូចនេះ ការផ្តន្ទាទោស​គឺ​ជា​លទ្ធផល​ដែល​គេ​អាច​ស្ទើរតែ​សន្មត​ទុក​ជាមុន​បាន​រួចស្រេច​ទៅហើយ។ អតីត​ប្រធាន​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម​របស់​រដ្ឋ​លោក Lai Xiaomin ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត​នៅ​ឆ្នាំ ២០២១ ពី​បទ​ទទួល​សំណូក។ អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​វែង។

ទីភ្នាក់ងារ​សារព័ត៌មាន Xinhua បាន​រាយការណ៍​ថា នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​ទៅកាន់​គណៈកម្មការ​វិន័យ​របស់​បក្ស​កុម្មុយនីស្ត​ចិន​កាលពី​ដើម​ឆ្នាំ​នេះ លោក Xi បាន​ជំរុញ​ឱ្យ​មាន​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​យក​ឈ្នះ​លើ​ការ​ប្រយុទ្ធ​ដ៏​លំបាក​និង​ចំណាយ​ពេល​យូរ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដោយ​លោក​បាន​និយាយ​ថា «ស្ថានភាព​នេះ​នៅតែ​ធ្ងន់ធ្ងរ​និង​ស្មុគស្មាញ‍»។

រឿង​ពុករលួយ​នេះ​មិន​ត្រឹមតែ​កើតឡើង​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​កើតឡើង​នៅក្នុង​វិស័យ​ផ្សេង​ទៀត​ផងដែរ។ ជាឧទាហរណ៍ កាលពី​ខែ​មករា​កន្លង​ទៅ​នេះ អតីត​ប្រធាន​សមាគម​បាល់ទាត់​ចិន​ត្រូវបាន​កាត់ទោស​ក្រោម​បទ​ចោទប្រកាន់​ថា​បាន​ទទួល​សំណូក​ចំនួន​ប្រមាណ ១១ លាន ២ សែន​ដុល្លារ៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG