លោក Yan Bingzhu ដែលបានដឹកនាំធនាគារ Bank of Beijing តាំងពីធនាគារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៦ មកនោះ បានចូលនិវត្តន៍នៅឆ្នាំ ២០១៧។ លោក Yan ស្ថិតនៅក្នុងចំណោមមន្រ្តីជាន់ខ្ពស់មួយចំនួនដែលត្រូវបានស៊ើបអង្កេតអំពី«ការបំពានវិន័យនិងច្បាប់យ៉ាងធ្ងន់ធ្ងរ»។ នេះបើតាមសេចក្តីជូនដំណឹងដែលបានចេញផ្សាយលើគេហទំព័រផ្លូវការរបស់ទីក្រុងប៉េកាំងកាលពីថ្ងៃទី១ ខែមីនាកន្លងទៅនេះ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP។
លោក Yan គឺជាមន្ត្រីចុងក្រោយគេដែលត្រូវបានស៊ើបអង្កេតពីបទពុករលួយដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយដែលមានរយៈពេលមួយទសវត្សរ៍មកហើយរបស់លោកប្រធានាធិបតី Xi Jinping ដែលអ្នករិះគន់និយាយថា ត្រូវបានប្រើប្រាស់មួយផ្នែកដើម្បីដកគូប្រជែងនយោបាយរបស់លោក Xi។
លោក Yan មិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលជាង ៦ ខែមកហើយ។
កាលពីខែមករា លោក Xi បានប្តេជ្ញាថានឹងបង្កើនការបង្ក្រាបទៅលើការប្រព្រឹត្តមិនត្រឹមត្រូវនៅក្នុងវិស័យហិរញ្ញវត្ថុ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ដែលនេះគឺជាវិធានការដែលក្រុមអ្នកសង្កេតការណ៍ភ័យខ្លាចថាអាចរារាំងដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។
នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុដែលបានចូលនិវត្តន៍ម្នាក់ទៀត គឺលោក Tang Shuangning ដែលបានបម្រើការជាប្រធានសហគ្រាស China Everbright Group ត្រូវបានចាប់ខ្លួនកាលពីពីរខែមុន ក្រោមការសង្ស័យពីបទកេងបន្លំនិងស៊ីសំណូក។
អ្នកផ្សេងទៀតដែលត្រូវបានគេកំណត់គោលដៅសម្រាប់ការចោទប្រកាន់ពីបទពុករលួយរួមមានអតីតមន្ត្រីជាន់ខ្ពស់ធនាគារកណ្តាលចិន គឺលោក Sun Guofeng ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាង ១៦ ឆ្នាំពីបទទទួលសំណូក។
លោក Sun Deshun អតីតប្រធានធនាគារ China CITIC របស់រដ្ឋចិនត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិតផងដែរពីបទទទួលសំណូកជាង ១៣០ លានដុល្លារក្នុងអំឡុងពេលលោកមានអាជីពជាប្រធានធនាគារ China CITIC នោះ។
នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុម្នាក់ទៀត គឺលោក Zhang Hongli អតីតនាយកប្រតិបត្តិជាន់ខ្ពស់នៃធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម Bank of China ដែលជាធនាគារដ៏ធំបំផុតរបស់ប្រទេសនេះ ក៏ត្រូវបានស៊ើបអង្កេតពីបទពុករលួយផងដែរ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់
វេទិកាបញ្ចេញមតិ