ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រាំ​ឆ្នាំ​ក្រោយ​លោក​ឈុត វុទ្ធី​ស្លាប់​ អ្នក​ការពារ​បរិស្ថាន​នៅ​តែ​រង​ការ​ប្រឈម


លោក ​ឈុត​ វុទ្ធី ​អំឡុង​ពេល​បេសក​កម្ម​មួយ​កាល​ពី​ពេល​គាត់​នៅ​រស់។ ​​(រូប​ថត​ផ្ដល់​ដោយ​ក្រុម​គ្រួសារ)
លោក ​ឈុត​ វុទ្ធី ​អំឡុង​ពេល​បេសក​កម្ម​មួយ​កាល​ពី​ពេល​គាត់​នៅ​រស់។ ​​(រូប​ថត​ផ្ដល់​ដោយ​ក្រុម​គ្រួសារ)

អស់​រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ ​ដែល​លោក ​ឈុត​ វុទ្ធី ​បាន​បាត់​បង់​ជីវិត​ក្រោម​ចុង​កាណុង​កាំភ្លើង អំឡុង​ពេល​បំពេញ​បេសកកម្ម​ការងារ​នៅ​ខេត្ត​កោះកុង។ ​ក្រុម​គ្រួសារ​និង​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល ​បាន​រំឭក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍​បុគ្គល​ និង​ការងារ​ជាមួយ​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ដ៏​ល្បី​ល្បាញ​រូប​នេះ ​តែ​ថា យុត្តិធម៌​របស់​លោក​នៅ​តែ​ស្រពេច​ស្រពិល​ ហើយ​អ្នក​ការពារ​បរិស្ថាន​នា​ពេល​បច្ចុប្បន្ន​នៅ​តែ​មាន​ភាព​ងាយ​រងគ្រោះ​ខ្លាំង។

វា​ជា​ការពិត​មិន​អាច​ប្រកែក​បាន ដែល​ថា គ្មាន​បុគ្គល​ណា​ម្នាក់​អាច​ចៀស​ពី​សេចក្ដី​ស្លាប់ ឬ​ក៏​អាច​ដឹង​មុន​ ថា​ខ្លួន​នឹង​ស្លាប់​នៅ​ពេល​ណា។ ​ក៏ប៉ុន្តែ ​នេះ​ជា​ករណី​លើក​លែង​សម្រាប់អតីត​សកម្មជន​ការពារ​បរិស្ថាន ​លោក ​ឈុត ​វុទ្ធី ​ដែល​តោង​រំឭកស្មារតី​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ចំពោះ​សេចក្ដី​ស្លាប់ ​ដែល​មាន​នៅ​គ្រប់​ជំហាន​នៃ​ការងារ​កាល​លោក​នៅ​មាន​ជីវិត។

មុន​ពេល​ដែល​លោក​ត្រូវ​គេ​បាញ់​ស្លាប់ ​ការ​គំរាម​កំហែង​គ្រប់​រូប​ភាព ​ដល់​អាយុ​ជីវិត​របស់​លោក ​និង​ក្រុម​គ្រួសារ​បាន​កើត​មាន​ជា​បន្តបន្ទាប់ ​រាប់​ចាប់​តាំង​ពី​ការគំរាមជា​ពាក្យសម្ដី​ ការ​បាញ់​បង្អើល ​និង​ការ​គំរាម​ចាប់​ជំរិត​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ជា​ដើម។ ​នេះ​បើ​យោង​តាម ​លោកស្រី​ សម ​ចាន់ធី ​ភរិយា​របស់​លោក​ប្រាប់ VOA៖

​«បាញ់​ឡាន​អី​នៅ​ស្រែ​អំបិល ​ស្រែ​អី ​បាញ់​បំបែក​កង់​ឡាន​អី​ទៅ​ណា។ ​ពួក​កាប់​ឈើ​គេ​ថា ​បើ​គេ​ចាប់​បាន ឈុត​ វុទ្ធី ​គេ​អត់​ទុក​ទេ ​ហើយ​គេ​អត់​បាញ់​សម្លាប់​ភ្លាមៗ​ទេ ​គេច​ង​គាត់​ឆ្កាង ​ហើយ​គេ​អារ​សាច់​ម្ដង​មួយ​ដុំៗ»។​

លោក​ ឈុត​ វុទ្ធី​ (ស្ដាំ) ​និង​កូន​ប្រុស​ច្បង​គឺ​លោក​ ឆឺយ ​ឧត្ដម​រស្មី ​អំឡុង​ពេល​ចុះ​ល្បាត​ព្រៃ​នាកន្លង​មក។ ​(រូប​ថត​ផ្ដល់​ដោយ​ក្រុម​គ្រួសារ)
លោក​ ឈុត​ វុទ្ធី​ (ស្ដាំ) ​និង​កូន​ប្រុស​ច្បង​គឺ​លោក​ ឆឺយ ​ឧត្ដម​រស្មី ​អំឡុង​ពេល​ចុះ​ល្បាត​ព្រៃ​នាកន្លង​មក។ ​(រូប​ថត​ផ្ដល់​ដោយ​ក្រុម​គ្រួសារ)

​បន្ថែម​ពី​នេះ ​នៅ​ក្នុង​រាត្រី​មួយ​នៃ​ខែ​មីនា ​ឆ្នាំ​២០១២ ​លោក ​ឈុត ​វុទ្ធី ​បាន​និយាយ​ក្នុង​ន័យ​ហាក់​ដូច​ជា​ផ្ដែផ្ដាំ​ដល់​លោកស្រី ​សម​ ចាន់ធី ​ជា​ភរិយា​ ឱ្យ​ត្រៀម​លក្ខណៈ​ស្មារតី ​បើ​សិន​ជា​លោក​ត្រូវ​ក្ស័យ​សង្ខារ​ក្នុង​ខ​ណៈ​ណា​មួយ។​

​«មុន​ស្លាប់​មួយ​ខែ​ហ្នឹង ​គាត់​ប្រាប់​ខ្ញុំ​ថា៖ ​បើ​បង​ស្លាប់ ​អូន​ឯង​កុំ​យំ ​តាំង​ស្មារតី ​មើល​កូន​មើល​អី ​បើ​បង​អត់​នៅ ​… ​បង​ធ្វើ​ការ​ប្រឈម​គ្រោះថ្នាក់ ​អាច​ស្លាប់​ស្អែក​ ឬ​ថ្ងៃ​ហ្នឹង ​ក៏​មិន​ដឹង។ ​បង​គ្រាន់​តែ​ចង់​ឱ្យ​អូន​ឯង​តាំង​ចិត្ត​ឱ្យ​ហើយ»។

​មួយ​ខែ​ក្រោយ​មក ​គឺ​នៅ​ថ្ងៃទី​២៦ ​ខែ​មេសា ​ឆ្នាំ​២០១២ ​លោក​ស្រី ​សម ​ចាន់ធី ​បាន​ទទួល​ទូរស័ព្ទ​មួយ ​អំឡុង​ពេល​រសៀល​ម៉ោង​ពីរ​ ​ពី​សំណាក់​ប្អូន​ប្រុស​លោក ​ឈុត ​វុទ្ធី ​ដែល​ពាំ​នាំ​ព័ត៌មាន​ដ៏​មិន​គួរ​ឱ្យជឿ​មួយ​ថា៖

​«បង​វុទ្ធី​គេ​បាញ់​ស្លាប់​ហើយ ​នៅ​ខេត្ត​កោះកុង!»។

​នៅ​ក្នុង​ឡាន ​Jeep ​ពណ៌​ឈាម​ជ្រូក​របស់​លោក ​ឯ​នាយ​ព្រៃ​ជ្រៅ​ក្នុង​តំបន់​វាលបី ក្នុង​ស្រុក​មណ្ឌលសីមា ​ខេត្តកោះកុង​ លោក ​ឈុត​ វុទ្ធី ត្រូវ​បាន​ត្រូវ​គ្រាប់​កាំភ្លើង​រត់​ទម្លុះ​រាងកាយ ​និង​ដេក​ស្លាប់​ស្ដូក​ស្ដឹង ​ក្នុង​កៅអី​រថយន្ត ​អំឡុង​ពេល​ដែល​លោក​កំពុង​នាំ​អ្នក​សារ​ព័ត៌មាន​ពីរ​រូប​នៃ​កាសែត ​The​ Cambodia​ Daily ​ទៅ​ថត​ និង​យក​ព័ត៌មាន​ពី​តំបន់​ដី​ព្រៃ។ លោក ​ឈុត​ វុទ្ធី ​បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ​៤៦​ឆ្នាំ។

មក​ដល់​ពេល​នេះ ប្រាំ​ឆ្នាំ​មក​ហើយ ​ដែល​លោក ​ឈុត​ វុទ្ធី ​បាន​ទទួល​មរណភាព។

បើ​តាម​ទិន្នន័យ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ ​លោក ​ឈុត ​វុទ្ធី ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ម្នាក់​គឺ​លោក ​អ៊ិន ​រតនា ​បាញ់​ស្លាប់ ​បន្ទាប់​ពី​មាន​ជម្លោះ​ប្រកែក​គ្នា ​រឿង​ដែល​កង​កម្លាំង​ចង​រឹប​អូស​អង្គ​ចងចាំ​នៃ​កាមេរ៉ា​ដែល​ក្រុម​លោកបាន​ថត​នៅ​ឯ​ទីតាំង​របស់​ក្រុមហ៊ុន ​Timber Green ​ដែល​ទទួល​ការ​អនុញ្ញាត​ឱ្យ​កាប់​រានដី​ព្រៃ​ និង​ពង្រាប​បាត​អាង ​សម្រាប់​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី​ឫស្សីជ្រុំ ​ភាគ​ខាង​ជើង​ខេត្ត​កោះកុង។

លោក ​អ៊ិន​ គង់​ជិត​ អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង ​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ ​អំឡុង​ពេល​ផ្ដល់​បទ​សម្ភាស​ដល់​វីអូអេ។​ (អូន ឆេងប៉រ/VOA)
លោក ​អ៊ិន​ គង់​ជិត​ អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង ​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ ​អំឡុង​ពេល​ផ្ដល់​បទ​សម្ភាស​ដល់​វីអូអេ។​ (អូន ឆេងប៉រ/VOA)

មន្ត្រី​អាវុធហត្ថ​ឈ្មោះ​ អ៊ិន រតនា ក៏​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍នេះ​ផង​ដែរ។អាជ្ញាធរ​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្សេង​គ្នា មុន​នឹង​ចេញ​សន្និដ្ឋាន​ចុង​ក្រោយ​ថា សន្តិសុខ​ម្នាក់​របស់​ក្រុមហ៊ុន ​Timber Green ឈ្មោះ ​រ៉ាន់​ បូរ័ត្ន ​បាន​ទៅ​ដណ្ដើម​កាំភ្លើង​ពីមន្ត្រី​អាវុធហត្ថ ​អ៊ិន ​រតនា ​រហូត​រាល​កៃ​បណ្ដាល​ឱ្យ​ស្លាប់​មន្ត្រី​អាវុធ​ហត្ថរូប​នេះ។

​ក្រៅ​ពី​តុលាការ​កាត់​ទោស​ឈ្មោះ ​រ៉ាន់ បូរ័ត្ន ​ពី​បទ «​មនុស្ស​ឃាតដោយ​អចេតនា» ​មិន​មាន​ជន​ណា​ផ្សេង​ទៀត​ត្រូវ​បាន​ស៊ើប​អង្កេត​ និង​យក​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ឡើយ។ ​សំណុំ​រឿង​បាញ់​ប្រហារ​នេះ​ ក៏​ត្រូវ​បាន​បិទ​បញ្ចប់​តាំង​ពី​ចុង​ឆ្នាំ​២០១២​មក។​

​លោក ​អ៊ិន ​គង់ជិត ​អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង ​ដែល​បាន​ចូល​រួម​ពិនិត្យ​សព​លោក​ ឈុត​ វុទ្ធី ​និង​លោក ​អ៊ិន ​រតនា ​នៅ​ថ្ងៃ​កើត​ហេតុ​ផង​ដែរ​នោះ​ នៅ​តែ​ហៅ​ចំណាត់ការ​ទាំង​អម្បាលមាណ​ខាង​លើ​ ថា​ជា​ការ​ផ្ដល់ ​«យុត្តិធម៌​ដ៏​ស្រពេច​ស្រពិល» ​ដល់​អ្នក​ស្លាប់​ទាំង​ពីរ។​

​ចំណែក​លោក ​ឆឺយ ​ឧត្តមរស្មី ​ជា​កូន​ប្រុស​ច្បង​នៃ​សព​លោក ​ឈុត ​វុទ្ធី ​វិញ ​ក៏​បាន​និយាយ​ដែរ​ថា ​លោក​មិន​ដែល​មាន​ជំនឿ​លើ​ព័ត៌មាន ​និង​សេចក្ដី​សន្និដ្ឋាន​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។​

​«ហើយ​ចំពោះ​ដែល​ចំណាត់ការ ​ចំពោះ​ដែល​គេ​ស្វែង​រក​ឃាតក​អី​ហ្នឹង ​ចម្លើយ​គេ ​របាយ​ការណ៍​របស់​គេ​កន្លង​មក ​គឺ​ខ្ញុំ​មិន​ដែល​ទទួល​ស្គាល់​ថា ​ជា​ឃាតក​ពិត​ទេ។ ​ខ្ញុំ​គិត​ថា ​ពួក​ទាំង​នោះ ​គឺ​សុទ្ធ​ជា​ការ​រៀបចំ ​ជា​ឃាត​ក​សិប្បនិម្មិត​ទាំង​អស់»។​

​លោក ​ឆឺយ ឧត្ដម​រស្មី ​ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ជា​អ្នក​ស្នង​តំណែង​ឪពុក​របស់​លោក ​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ​បាន​និយាយ​បន្ត​ថា៖

​«អ្វី​ដែល​ខ្ញុំ​ចង់​រក​បំផុត​នោះ ​គឺ​ខ្ញុំ​ចង់​រក​អ្នក​ណា​អ្នក​បញ្ជា​បាញ់ឪពុក​ខ្ញុំ ​ព្រោះ​ខ្ញុំ​គិត​ថា ​រឿង​នេះគេតាម​គាត់​យូរ​ហើយ មិន​មែន​ថា​គេ​មិន​តាម​ទេ។ ​គេ​តាម​គាត់​យូរ​ហើយ ​ហើយ​ខ្ញុំ​ជឿ​ថា​មាន​អ្នក​បញ្ជា​ឱ្យ​តាម​សម្លាប់​គាត់។ អ៊ីចឹង​ហើយ ​អ្វី​ដែល​យើង​ចង់​ធ្វើ​នោះ​គឺ​តាម​រក​អ្នក​បញ្ជា ​និង​ឃាតករ​ពិត​យក​មក​កាត់​ទោស​ … ​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម ​ព្រោះ​ថា​ក្នុង​លោក​នេះ ​គ្មាន​អ្វី​ស្ថិតស្ថិរ​ទេ ​គ្មាន​អ្វី​ជា​អមតៈ​ទេ»។​

លោក​ ឆឺយ ​ឧត្ដម​រស្មី​ ផ្ដល់​កិច្ច​សម្ភាស​ដល់​វីអូអេ​ក្នុង​ពេល​កន្លង​មក។ ​(អូន ឆេងប៉រ/VOA)
លោក​ ឆឺយ ​ឧត្ដម​រស្មី​ ផ្ដល់​កិច្ច​សម្ភាស​ដល់​វីអូអេ​ក្នុង​ពេល​កន្លង​មក។ ​(អូន ឆេងប៉រ/VOA)

ទម្លាប់​ធ្វើ​ការ​ដើរ​ព្រៃ​របស់​លោក ​ឈុត​ វុទ្ធី ​មិន​បាន​ផ្ដល់​ភាព​អំណោយ​ផល​ផ្នែក​ពេល​វេលា​សម្រាប់​លោក​មើល​ថែ​ក្រុម​គ្រួសារឱ្យ​បាន​គ្រប់​ជំហាន​ទេ។ ​ប៉ុន្តែ​លោក​បាន​ប្រើ​ពេល​វេលា​ដ៏​ស្ដួច​ស្ដែង ​យ៉ាង​មាន​តម្លៃ ដើម្បី​ផ្ដល់​ការ​ថ្នាក់​ថ្នម​ដល់​ក្រុម​គ្រួសារ​បុត្រា​បុត្រី។ ​នេះ​បើ​តាម ​លោកស្រី ​សម ​ចាន់ធី ​ជាភរិយា៖​

​«និយាយ​រួម​គាត់​ម៉ឺងម៉ាត់ ​អត់ចូលចិត្ត​និយាយ​ស្ដី​អី​ច្រើន​អ៊ីចឹង​ទៅ​ណា​ ​និយាយ​រួម​ចូល​ចិត្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​គ្រួសារ។ ​គាត់​ប្រដែប្រដៅ​កូន ​គាត់​ចូល​ចិត្ត​ប្រើ​ធម៌​ត្រជាក់ ​… ​គាត់​អត់​ដែល​វាយ​កូន​ទេ ​ចា៎ ​គាត់​ប្រើ​ពាក្យ​ផ្អែម​ល្ហែម​ជាមួយ​កូន»។​

​លោក ​ឈុត ​វុទ្ធី ​មាន​ស្រុក​កំណើត ​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល ​ខេត្ត​កណ្ដាល ​ហើយ​លោក​កើត​ក្នុង​ពេលដែល​ប្រទេស​កម្ពុជា​កំពុង​រអិល​ខ្លួន​ធ្លាក់​ចូល​ទៅ​ក្នុង​វិនាសកម្ម​សង្គ្រាម​សឹងតែ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ គឺ​សម័យ​ខ្មែរក្រហម។​

​លោក​ វុទ្ធី ​បាន​ទទួល​ការ​សិក្សា​ផ្នែក​បច្ចេកទេស​យោធា ​នៅ​ឯ​ប្រទេស​រុស្ស៊ី ​មុន​នឹង​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​បម្រើ​ការជា​គ្រូ​ឧទ្ទេស​ក្នុង​ក្របខណ្ឌ​ក្រសួង​ការពារ​ជាតិ។ ​លោក​បាន​លាលែង​ពី​ការងារ​រាជការ​មក​បម្រើការ​ជា​មន្ត្រី​អង្គការ ​Global​ Witness ​ដែល​និយម​រិះគន់​មិន​សំចៃ​មាត់​លើ​ការ​គ្រប់​គ្រង​ចាត់ចែង​ធនធាន​រដ្ឋ​របស់​រដ្ឋាភិបាល​ខ្មែរ។​

​លោក ​Patrick ​Alley​ ស្ថាបនិក​នៃ​អង្គការ​ Global​ Witness​ បាន​រំឭក​ប្រាប់ ​VOA ​អំពី​ការងារ​ និង​អ្វី​ដែល​លោក​បាន​ស្គាល់​អំពី​វីរភាព​លោក ​ឈុត​ វុទ្ធី ​ថា៖

​«គាត់​គឺ​ជា​មនុស្ស​ដែល​ក្លាហាន​ជា​ខ្លាំង ​ហើយ​ជា​មនុស្ស​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់»។

​ក្រោយ​ពី​ការិយាល័យ​ប្រចាំ​ប្រទេស​កម្ពុជា ​របស់​អង្គការ​ Global​ Witness ​ត្រូវ​បាន​បិទ​ក្នុង​ឆ្នាំ​២០០៥ ​លោក ឈុត ​វុទ្ធី ​បាន​បើក​បង្កើត​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ និង​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​កាប់​ព្រៃ​នៅ​ទូទាំង​ប្រទេស​ មក​ទល់​នឹង​ថ្ងៃ​លោក​ទទួល​មរណភាព។​

លោក ​ឈុត​ វុទ្ធី ​សម្រាក​ចង​អង្រឹង​ក្នុង​បេសក​កម្ម​មួយ​កាល​ពី​លោក​នៅ​រស់។ ​(រូប​ថត​ផ្ដល់​ដោយ​ក្រុម​គ្រួសារ)
លោក ​ឈុត​ វុទ្ធី ​សម្រាក​ចង​អង្រឹង​ក្នុង​បេសក​កម្ម​មួយ​កាល​ពី​លោក​នៅ​រស់។ ​(រូប​ថត​ផ្ដល់​ដោយ​ក្រុម​គ្រួសារ)

មួយ​ក្នុង​ចំណោម​ស្នាដៃ​ចម្បងៗ​របស់​លោក ឈុត ​វុទ្ធី ​នោះ ​គឺ​ការ​ជួយ​ជ្រោមជ្រែង​បង្កើត​បណ្ដាញ​សហគមន៍ព្រៃឡង់​ (PLCN) ​នៅ​ឆ្នាំ​២០០៧​ ដើម្បី​ធ្វើ​ការ​ល្បាត​ការពារ​តំបន់​ព្រៃ​ទឹក​ភ្លៀង​ដ៏​ធំ​ល្វឹងល្វើយ ​ភាគ​កណ្ដាល​នៃ​ប្រទេស​កម្ពុជា ​ដែល​កំពុង​រង​ផល​ប៉ះ​ពាល់​ពី​ការ​កាប់​ទន្ទ្រាន​ទាំង​ស្រប​ច្បាប់ ​និង​ខុស​ច្បាប់។​

លោក ​សេង ​សុខហេង ​អ្នក​នាំ​ពាក្យ​នៃបណ្ដាញ​សហគមន៍​ព្រៃឡង់ ​បាន​ប្រាប់ ​VOA ​ថា ​លោក ​ឈុត​ វុទ្ធី ដែល​ជា​មគ្គុទេសក៍​នៃ​បណ្ដាញ​សហគមន៍​មួយ​នេះ ​ធ្លាប់​បាន​បង្ហាញ​តាម​រយៈ​សកម្មភាព​របស់​លោក​នូវ​ការ​តាំង​ចិត្ត ​និង​ពុះពារ​មិន​ខ្លាច​ឧបសគ្គ ​និង​គ្រោះថ្នាក់​អ្វី​ទាំង​អស់​ក្នុង​ការ​ការពារ​ព្រៃ​ឈើ។​

លោក ​សុខហេង ​បាន​និយាយ​ដូច្នេះ​ថា៖

«អ្វី​ដែល​យើង​ដឹង​ពី​គាត់ ​គឺ​គាត់​ជា​មនុស្ស​ដែល​ប្ដេជ្ញា ​ហ៊ាន​ធ្វើ។ ​អ្វី​ដែល​គាត់​ចូលចិត្តធ្វើ​បំផុត ​គឺ​គាត់​ចូល​ចិត្ត​ធ្វើការ​ជិត​ស្និទ្ធ ​ជាមួយ​អ្នក​ភូមិ​នៅ​ក្នុង​តំបន់​ព្រៃ។ ​គាត់​ចូល​ចិត្ត​នៅ​ជាមួយ​អ្នក​ភូមិ ​កៀងគរ​អ្នក​ភូមិ ​ផ្ដល់​បទ​ពិសោធន៍ ​ផ្ដល់​អនុសាសន៍​នានា​ដើម្បី​ការពារ​ព្រៃ​អ៊ីចឹង»។​

​អ្នក​នាំ​ពាក្យ​រូប​នេះ ​បាន​និយាយ​បន្ថែម​ថា ​លោក​ស្រមៃ​មិន​ចេញ​ឡើយ ​ថា​វាសនា​ព្រៃឡង់​នឹង​ទៅ​ជា​យ៉ាង​ណា ​បើ​សិន​ជា​មិន​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​លោក ​ឈុត ​វុទ្ធី ​កាល​ពី​១០​ឆ្នាំ​មុន​នោះ​ទេ។ កាល​ពី​ឆ្នាំ​២០១៥ បណ្ដាញ​សហគមន៍​ព្រៃឡង់ដែល​លោក ឈុត វុទ្ធី បាន​ជ្រោមជ្រែងបង្កើត​នេះ ទទួល​បាន​ពាន​រង្វាន់​លំដាប់​អន្តរជាតិ​មួយ​ពី​អង្គការ​សហប្រជាជាតិក្នុង​កិច្ច​ការការពារ​បរិស្ថាន។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​អង្កេត​ឃើញ​អំពី​ការ​កើន​ឡើង​នៃ​ចលនា​មហាជន ​ដែល​ផុស​ចេញ​ក្នុង​ចំណោម​យុវជន​ទាំង​នៅ​ទីក្រុង ​និង​នៅ​សហគមន៍ ​ដែល​ត្រូវ​បាន​លើក​ទឹក​ចិត្ត​តាម​រយៈ​វីរភាព​របស់​លោក ​ឈុត​ វុទ្ធី ​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន ​និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ។

បើ​ទោះ​ជា​មាន​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​ផ្ដល់​សិទ្ធិ​អំណាច​ធំ​ជាង​មុន​ដល់​ក្រសួង​បរិស្ថាន ​ក៏​ដូច​ជាមាន​ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​ថ្នាក់​ជាតិ ​ដើម្បី​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ​និង​រក្សា​ធនធាន​ព្រៃឈើ​ដែល​នៅ​សេសសល់​យ៉ាង​ណា​ក្ដី ​របាយការណ៍​នានា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ទំព័រ​សារព័ត៌មាន​ជាតិ ​និង​អន្តរជាតិ ​នៅ​តែ​បង្ហាញ​ថា ​បទលើ្មស​ព្រៃឈើ ​នៅ​តែ​មាន​សភាព​ខ្លាំងក្លា។

​រីឯ​សុវត្ថិភាព​អ្នក​ការពារ​ព្រៃឈើ​ជា​សកម្មជន ​និង​ជា​ប្រជា​សហគមន៍​ទៀត​សោត ​នៅ​តែ​រង​បញ្ហា​ប្រឈម​ដល់​អាយុ​ជីវិត ​ក្នុង​បេសកកម្ម​របស់​ពួក​គេ​ចូល​រួម​ក្នុង​ការ​ការពារ​ព្រៃ​ឈើ។

​លោក ​សេង ​សុខហេង​ នៃបណ្ដាញ​សហគមន៍​ព្រៃឡង់ បាន​រៀបរាប់​អំពី​បញ្ហា​សុវត្ថិភាព​ប្រឈម​របស់សមាជិក​ក្រុមលោក​ថា៖

«ហើយ​បន្ទាប់​មក​ ក៏​មាន​សកម្មជន​ផ្សេងៗ​ទៀត ​នៅ​ក្នុង​តំបន់​ព្រៃឡង់ ​ក៏​ត្រូវ​បាន​គំរាមកំហែង ​ពី​អ្នក​រកស៊ី​ឈើ ​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​នឹង​ការ​រក​ស៊ី​ឈើ​ហ្នឹង​ច្រើន​មែន​ទែន​បាទ​ គឺ​នៅ​តែ​មាន​បញ្ហា​ប្រឈម»។

កាល​ពី​ខែ​មីនា ​ឆ្នាំ២០១៦ ​កញ្ញា ​ផន ​សុភ័ក្ត្រ ​ដែល​ជា​សមាជិក​នៃ​បណ្ដាញ​សហគមន៍​ព្រៃឡង់ ​បាន​រង​របួស​ធ្ងន់​ពី​ការ​ប៉ុនប៉ង​មនុស្សឃាត​មិន​បាន​សម្រេច ​ពី​សំណាក់​ក្រុម​អ្នក​កាប់​ឈើ ​ដែល​បាន​យក​រណារ​អារ​ឈើ​មក​វាយ​ប្រហារ​លើ​សកម្មជន​វ័យ​២២​ឆ្នាំ​រូប​នេះ ​អំឡុង​ពេល​ដែល​នាង​ចុះ​ល្បាត​ព្រៃឡង់។

ក្រៅ​ពី​ប្រជា​សហគមន៍​និង​សកម្មជន​ បុគ្គលិក​រដ្ឋ​ដែល​ធ្វើការ​លើ​ការងារ​ព្រៃឈើ​នេះ ​ក៏​បាន​ជួប​គ្រោះ​ដល់​បាត់បង់​ជីវិត​ផង​ដែរ។ ​ក្នុង​ខែធ្នូ ​ឆ្នាំ២០១៥ ​បុគ្គលិក​ល្បាត​ព្រៃ​ពីរ​នាក់​ដែល​ជា​មន្ត្រី​របស់​ក្រសួង​បរិស្ថាន ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​មុខ​បាញ់​ស្លាប់ ​ខណៈ​កំពុង​លង់​លក់​ក្នុង​ដំណេក ​អំឡុង​ពេល​ដែល​ពួក​លោក​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ ​ភាគ​ខាង​ជើង​នៃ​ប្រទេស។

មិន​មាន​ជន​ដៃ​ដល់​ណា​ម្នាក់​ត្រូវ​បាន​យក​មក​ជំនុំ​ជម្រះ ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ឡើយ​ ចំពោះ​ករណី​វាយ​ប្រហារ​ និង​មនុស្ស​ឃាត​ទាំង​ពីរ​ខាង​លើ។

ត្រឡប់​ទៅ​ខេត្ត​កោះកុង​វិញ ដែល​ជា​ទី​លោក​ ឈុត ​វុទ្ធី ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ​សកម្មជន​ការពារ​បរិស្ថាន​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​ប្ដឹង​ផ្ដល់​នៅ​តុលា​ការ​រហូត​ជាប់​ទោស​ទណ្ឌ ​ដោយ​សារ​តែ​សកម្មភាព​របស់​ពួកគេ​ត្រូវ​បាន​រដ្ឋ​អំណាច​មើល​ឃើញ​ថា​មាន​ចរឹត​ប្រឆាំង ​និង​រារាំង​ដល់​ការ​អភិវឌ្ឍ។​

​លោក ​អ៊ិន ​គង់ជិត ​នៃ​អង្គការ​លីកាដូ​ខេត្ត​កោះកុង ​បាន​មាន​ប្រសាសន៍​ថា៖

​«បាទ ​នៅ​តែ​រង​ការ​ប្រឈម​ខាង​ផ្លូវ​ច្បាប់ ​អ៊ីចឹង​នាំគាត់​មាន​ការ​ភ័យ​ខ្លាច​បាទ»។​

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់​ព័ន្ធ​ចូលរួម​បន្ថែម​ទៀត​ក្នុង​ការ​ផ្ដល់​នូវ​សុខ​សុវត្ថិភាព ​និង​ការ​លើក​ទឹក​ចិត្ត​ដល់​សកម្មជន ​និង​ប្រជា​សហគមន៍​ដែល​សកម្ម​ក្នុង​ការ​ការពារ​ទេសភាព​ធម្មជាតិ ​និង​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ពួកគេ​ឱ្យ​បាន​គង់វង្ស ​មិន​ថា​នៅ​កោះកុង ​ឬ​កន្លែង​ផ្សេង​ទៀត​នោះ​ទេ៕

XS
SM
MD
LG