លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានកោះប្រជុំអង្គទូតនានាប្រចាំនៅប្រទេសកម្ពុជានៅឯទីស្តីការក្រសួងការបរទេសនៅរសៀលថ្ងៃសុក្រនេះ ដើម្បីស្តាប់ការពន្យល់របស់លោកទាក់ទិនការធ្វើបាតុកម្មទាមទាដកលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងចេញពីតំណែងអនុប្រធានរដ្ឋសភាកាលពីដើមសប្តាហ៍នេះ។
កិច្ចប្រជុំនេះក៏បានធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីតំណាងរាស្រ្ត៦៨រូបនៃគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតដកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិចេញពីតំណែងរបស់លោក ខណៈដែលលោកកំពុងស្ថិតនៅក្នុងប្រទេសថៃ។ នៅក្នុងការបោះឆ្នោត ដែលធ្វើឡើងនៅព្រឹកថ្ងៃសុក្រនេះ ពុំមានវត្តមានពីតំណាងរាស្ត្រ៥៥រូបនៃគណបក្សសង្រ្គោះជាតិនោះទេ។
លោក ហោ ណាំហុង បានការចាប់ផ្តើមការប្រជុំដោយរៀបរាប់ពីការផ្ទុះហិង្សាក្នុងព្រឹត្តិការណ៍បាតុកម្មទាមទារដកតំណែងលោក កឹម សុខា ដែលបានកើតឡើងនៅថ្ងៃទី២៦ ខែតុលាកន្លងទៅនេះ ជូនដល់មន្ត្រីអង្គទូតជាង៣០នាក់។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ទៅក្នុងរយៈពេលតែជាង១០នាទី ពុំមានមន្ត្រីនៃក្រសួងការបរទេសរូបណាចេញមកផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដើម្បីផ្តល់លទ្ធផលនៃការប្រជុំភ្លាមៗនោះទេ ខណៈដែលមន្ត្រីអង្គទូតបានដើរចេញពីបន្ទប់ប្រជុំយ៉ាងប្រញ៉ាប់ប្រញ៉ាល់។
កំពុងដើរចាកចេញពីបន្ទប់ប្រជុំ មន្ត្រីទូតនៃស្ថានទូតរបស់សាធារណរដ្ឋឆែក (Czech Republic) ប្រចាំនៅប្រទេសកម្ពុជាដែលមិនបានបញ្ជាក់ឈ្មោះបានប្រាប់ VOA ថា លោក ហោ ណាំហុង បានលើកពីការវាយប្រហារមកលើតំណាងរាស្រ្តពីររូបនៃគណបក្សសង្គ្រោះជាតិកាលពីថ្ងៃច័ន្ទ ហើយនឹងការបោះឆ្នោតដកលោក កឹម សុខាចេញពីតំណែងនៅថ្ងៃសុក្រនេះ។
«លោកគ្រាន់តែបានធ្វើការអធិប្បាយទៅលើការវាយប្រហារអ្នកតំណាងរាស្រ្តពីររូបកាលពីថ្ងៃច័ន្ទ និងការបោះឆ្នោតលោក កឹម សុខា»។
មន្ត្រីទូតរូបនោះបដិសេធមិនធ្វើការអធិប្បាយទាក់ទិននឹងសំណួរថា តើលោក ហោ ណាំហុង បាននិយាយអ្វីខ្លះពីការដកតំណែងរបស់លោក កឹម សុខា។ រីឯមន្ត្រីទូតឯទៀតបដិសេធមិនផ្តល់អត្ថាធិប្បាយអ្វីទេ។
យ៉ាងណាក៏ដោយ មួយសន្ទុះក្រោយ ក៏មានមន្ត្រីក្រសួងបរទេស ប្រមាណជា២ទៅ៣បានរៀបចំឯកសារស្តីពីលទ្ធផលនៃការប្រជុំនោះ។
នៅក្នុងឯកសារដែលបានចែកជូនដល់អ្នកសារព័ត៌មាននោះ បានបញ្ជាក់ពីការធ្វើបាតុកម្មដែលឈានដល់ការប្រើហិង្សាពីក្រុមបាតុករ ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីព្រឹត្តិការណ៍បាតុកម្ម និងការដកតំណែងលោក កឹម សុខាចេញពីអនុប្រធានរដ្ឋសភា។
ឯកសារដែលបានចែកជូននោះបានពន្យល់ពីមូលហេតុនៃការផ្ទុះអំពើហិង្សាយ៉ាងដូច្នេះថា៖ «ក្នុងរវាងម៉ោង១១:០០ បាតុកម្មបានបញ្ចប់ដោយសន្តិវិធី ហើយកម្លាំងនគរបាលក៏បានដកចេញពីតំបន់នេះ។ នៅម៉ោង១២និង១៥នាទី មានផ្ទុះហិង្សា បង្កឡើងដោយមនុស្សប្រមាណ២០-៣០នាក់ ដោយពុំមានវត្តមានរបស់នគរបាលធ្វើឲ្យមានរបួសស្នាមដល់តំណាងរាស្រ្តចំនួន២រូប»។
រីឯហេតុផលនៃការដកតំណែងលោក កឹម សុខា វិញ ឯកសារដដែលនេះបានបន្តថា៖ «ដើម្បីឲ្យមានកិច្ចសហប្រតិបត្តិការល្អ និងការបំពេញការងារបានល្អរបស់រដ្ឋសភា តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតឲ្យឯកឧត្តម កឹម សុខា ធ្វើជាអនុប្រធានទីមួយរដ្ឋសភានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។ ធ្វើដូចនេះ រាជរដ្ឋាភិបាលសង្ឃឹមថា តាមរយៈ«វប្បធម៌សន្ទនា» រាជរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិ នឹងមានកិច្ចសហប្រតិបត្តិការល្អ និងប្រកបដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ។
ឯកសារនោះបញ្ជាក់បន្ថែមថា លោក កឹម សុខា បានប្រើប្រាស់តួនាទីរបស់ខ្លួនជាអនុប្រធានទី១រដ្ឋសភាដោយធ្វើការមួលបង្កាច់ និងវាយប្រហាររាជរដ្ឋាភិបាល ហើយនិងធ្វើការញុះញង់ អុចអាលប្រជាជន ឲ្យប្រឆាំងនឹងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាទាំងនៅក្នុងប្រទេស និងទាំងនៅក្រៅប្រទេស។
លើសពីនេះទៅទៀត រាល់ការប្រព្រឹត្តិរបស់លោក កឹម សុខា ពុំមានលក្ខណៈសមស្របជាថ្នាក់ដឹកនាំរបស់រដ្ឋសភាឡើយ ដែលផ្ទុយនឹង«វប្បធម៌សន្ទនា» ហើយថា លោក កឹម សុខា គួរមានភាពអត់ធ្មត់ និងការថ្លឹងថ្លែងឲ្យបានច្រើនក្នុងការវាយប្រហាររាជរដ្ឋាភិបាល។
កាលពីព្រឹកថ្ងៃច័ន្ទកន្លងទៅ ក្រុមអ្នកតវ៉ាប្រឆាំងលោក កឹម សុខា ជាង១.០០០នាក់ដែលគេស្គាល់ថា ជាអ្នកគាំទ្រគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភា ធ្វើការស្រែកសុំឲ្យប្តូរលោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា។ ក្រុមអ្នកតវ៉ាភាគច្រើនបានរំសាយពីមុខរដ្ឋសភា ក្រោយពេលដែលអ្នកតំណាងរដ្ឋសភាចេញមកទទួលញតិ្ត។
ក៏ប៉ុន្តែក្រុមអ្នកតវ៉ាមួយចំនួនដែលគេជឿថា នៅសេសសល់បានរារាំងរថយន្តតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មុននឹងអូសតំណាងរាស្ត្រចេញពីរថយន្ត និងធ្វើការវាយតប់នោះ។ តំណាងរាស្ត្រដែលរងការវាយដំយ៉ាងដំណំនោះ រួមមានលោក គង់ សភា តំណាងរាស្ត្រខេត្តស្វាយរៀង និងលោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម។ តំណាងរាស្ត្រគណបក្សជំទាស់ទាំងពីរនាក់នេះបានចាកចេញទៅព្យាបាលរបួសនៅប្រទេសថៃ។
VOA ព្យាយាមធ្វើទំនាក់ទំនងលោក យ៉ែម ប៉ុញ្ញាឫទ្ធិ និងលោក យឹម សុវណ្ណ អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រនេះ តែនៅមិនទាក់ទងបាន។ VOA ក៏ពុំអាចទំនាក់ទំនងមន្ត្រីទៀតដែលតំណាងរាស្ត្រគណបក្សសង្គ្រោះបានដែរ។
យ៉ាងណាក៏ដោយ លោក កឹម សុខា បញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកថា លោកបានពិភាក្សា និងឯកភាពគ្នាជាមួយលោក សម រង្ស៊ី ថាគណបក្សសង្គ្រោះជាតិមិនសើ្នបេក្ខជន អនុប្រធានទី១រដ្ឋសភាថ្មីជំនួស ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងរំលោភលើកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សបក្សទាំងពីរនោះឡើយ។ លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិកំពុងស្ថិតនៅឯក្រៅប្រទេស៕