ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ទម្លាក់​អនុប្រធាន​សភា​កឹម សុខា


លោក​ ហេង​ សំរិន ប្រធាន​រដ្ឋសភា​ នៅ​ក្នុង​​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា​/ VOA)
លោក​ ហេង​ សំរិន ប្រធាន​រដ្ឋសភា​ នៅ​ក្នុង​​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា​/ VOA)

លោក ​កឹម សុខា​ ត្រូវ​បាន​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ជា​ឯកឆន្ទ​ទម្លាក់​ចេញ​ពី​មុខ​តំណែង​អនុប្រធាន​ទី១​នៃ​រដ្ឋ​សភាជាតិនៅព្រឹក​ថ្ងៃសុក្រ​ ទី៣០​ ខែ​តុលា ឆ្នាំ​២០១៥នេះ​។

លោក ​កឹម សុខា​ ត្រូវ​បាន​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ជា​ឯកឆន្ទ​ទម្លាក់​ចេញ​ពី​មុខ​តំណែង​អនុប្រធាន​ទី១​នៃ​រដ្ឋ​សភាជាតិ ​នៅព្រឹក​ថ្ងៃសុក្រ​ ទី៣០​ ខែ​តុលា ឆ្នាំ​២០១៥នេះ​ បន្ទាប់ពី​កាន់​តំណែង​នេះ​បាន​ជាង​មួយ​ឆ្នាំ។​

គណបក្ស​គ្រប់គ្រង​ប្រទេស​អះអាង​ថា​ លោក​បាន​បញ្ចេញមតិ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ​បំបែក​បំបាក់​គណបក្ស​ទាំង​ពីរ​ដែល​មាន​វប្បធម៌​សន្ទនា​ និង​ប៉ះពាល់​កិច្ច​ព្រមព្រៀង​រវាងគណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ ហេង សំរិន​ ប្រធាន​រដ្ឋ​សភា​ជាតិ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដោយ​ប្រាប់​អង្គ​សភា​ទាំង​មូល​ភ្លាមៗ​ថា៖

«អនុលោម​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដក​តំណែង​ជា​អនុប្រធាន​ទី១​នៃ​រដ្ឋសភា​ពី​ឯកឧត្តម ​កឹម សុខា ​អម្បាញ់​មិញ​នេះ​ ខ្ញុំសុំ​ប្រកាស​ជា​ឧឡារិក​ថា​ ឯកឧត្តម​ កឹម សុខា​ត្រូវបាន​អង្គសភា​បោះឆ្នោត​ដក​តំណែង​ពី​អនុប្រធាន​ទី១​នៃ​រដ្ឋសភា​ជា​ស្ថាពរ»។

ការ​បោះឆ្នោត​ដក​តំណែង​លោក ​កឹម សុខា​ មាន​ការ​ចូលរួម​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ផង​ដែរ។

លោក​ ហេង សំរិន ​ត្រូវ​គេដឹងថា ​បាន​ប្រាប់​ឲ្យ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បោះ​ឆ្នោត​យល់ព្រម​ទម្លាក់​ និង​គូស​ឲ្យ​ចំ​ពាក្យ​យល់ព្រម ​ក្នុង​ពេល​ដែល​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥រូប​ ធ្វើ​ពហិកា​មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត។

លោក ​ជាម យៀប ​ប្រធាន​គណៈកម្មការ​សភា​ដ៏​មាន​ឥទ្ធិពល​ក្នុង​គណបក្ស​ប្រជាជន ​កម្ពុជា​ម្នាក់​បាន​ប្រកាស​ថា​លោក ​កឹម សុខា​ បាន​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​នាំ​ឲ្យ​មាន​បញ្ហា​ចលាចល​សង្គម​ ប៉ះពាល់​សន្តិសុខ​ជាតិ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ព្រម​ព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំងពីរ ​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​ទី២២ ​ខែកក្កដា ​ឆ្នាំ២០១៤​ នឹង​យោង​តាម​ការ​ទាមទារ​របស់​ពលរដ្ឋ​ ដែល​បាន​ទាមទារ​ឲ្យ​សភា​ដក​តំណែង​ និង​ចុះចេញ​ពី​តំណែង​ជា​អនុប្រធាន​សភា​ទី១​សភា។ ​

ការណ៍​នេះ​ជា​ហេតុផល​មួយ​ចំនួន​ក្នុង​ចំណោម​ហេតុផល​ដែល​ត្រូវ​ដក​តំណែង​របស់​លោក។ ឆ្លើយ​តប​នឹង​សមាជិក​សភា​ គណបក្ស​សង្គ្រោះ​ជាតិ​បីរូប​ គឺ​លោក​ អេង ឆៃអ៊ាង​ លោក ​យ៉ែម បុញ្ញរិទ្ធ ​លោក ​ហូ វ៉ាន់ ​ដែល​បាន​ចូលរួមប្រជុំ​គណៈអចិន្ត្រៃយ៍​សភា​ មុន​កិច្ចប្រជុំ​សភា​ពេញ​អង្គ ​ដែល​ថា​ការ​ដក​តំណែង​របស់​លោក​ កឹម សុខា​ វា​ខុស​ពី​រដ្ឋធម្មនុញ្ញ​នោះ ​លោក​ ជាម យៀប ​បាន​បញ្ជាក់​ថា៖

«នៅក្នុង​នោះ​ទាំង​ឯកឧត្តម​ អេង ឆៃអ៊ាង​ ឯកឧត្តម ​យ៉ែម បុញ្ញរិទ្ធ​ បាន​លើក​ឡើង​ថា បើសិន​ជា​អង្គសភា​ធ្វើ​ដូច្នេះ វា​ខុស​នឹង​រដ្ឋធម្មនុញ្ញ។​ ខ្ញុំ​សូម​បញ្ជាក់​ជូន​សាធារណជន​ ឲ្យ​បាន​ជ្រាប​ថា​ និយាយ​អំពី​គោលការណ៍​នៃ​ច្បាប់​ពិសេស​ គឺ​ច្បាប់​រដ្ឋបាល​ដែល បាន​ចែង​ពី​អ្វី​ ដែល​គ្មាន​ចែង​ក្នុង​ច្បាប់​ បើសិន​ជា​ពិនិត្យ​ឃើញ​នេះ​ជា​ការ​ចាំបាច់ ​និង​ជា​ការ​ត្រឹមត្រូវ​ ធ្វើ​ក៏​បាន​ឬ មិន​ធ្វើ​ក៏​បាន»។

លោក​ អេង ឆៃអ៊ាង​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ប្រាប់​ VOAថា​នៅក្នុង​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​សភា​លោក​ បាន​លើក​ឡើង​ថា​ សភា​មិន​គួរ​ដាក់​របៀប​វារៈ​ការ​ដក​តំណែង​លោក ​កឹម សុខា ​ដែល​លោក​ថា ​មាន​អធម្មនុញ្ញភាព​នោះ។ ​លោក​បន្ត​ថា​ តែ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សំឡេង​ច្រើន​ជាង​ក្នុងការ​សម្រេច​ដាក់ ​របៀប​វារៈ​នេះ។

«នៅក្នុង​រដ្ឋធម្មនុញ្ញ​ហ្នឹង​ អត់​មាន​មាត្រា​ណា​ចែង​អំពី​នីតិវិធី​នៃ​ការ​ផ្លាស់​ប្តូរថ្នាក់​ដឹកនាំ ​រដ្ឋសភា​ទេ ​មាន​ចែង​ពី​ការ​ជ្រើសតាំង​ តែ​ការ​ផ្លាស់ប្តូរ​អត់​មាន​ទេ​ លើកលែង​តែ​ករណី ​ថ្នាក់​ដឹកនាំ​ជា​ប្រធាន ​និង​អនុ​ប្រធាន​លាលែង ​ឬ​ទទួល​មរណភាព ​នោះ​ទើប​រដ្ឋ​ធម្មនុញ ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ ​ក្នុង​ករណី​ដែល​ថ្នាក់​ដឹកនាំ​រដ្ឋសភា ប្រធាន​អនុប្រធាន​នៅ​ជ្រងោៗ។ ​អូ! ​មាន​ទោស​ត្រូវ​ផ្លាស់​ប្តូរ ឬ​មាន​ញ្ញតិ​ស្តី​បន្ទោស​អី​ អត់​មាន​ទេ»។

លោក​ អេង ឆៃអ៊ាង ​បាន​បន្ថែម​ថា​ ដោយសារ​ហេតុផល​អធម្មនុញភាព​នេះ​ហើយ​ដែល​សមាជិក​សភាគណបក្ស​សង្គ្រោះ​ជាតិ​ពហិកា​មិន​ចូល​ប្រជុំ​សភា។

លោក ​សឺន ស៊ូប៊ែរ៍ ​អតីត​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ និង​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​ តាម​គោលការណ៍​ប្រជាធិបតេយ្យ​គេ​មិន​អាច​ធ្វើការ​ដក​តំណែង លោក​ កឹម សុខា​ របៀប​នេះ​បាន​ទេ។

«តាម​យោបល់​ខ្ញុំ​ដែល​ធ្លាប់​នៅ​រដ្ឋសភា​ពីមុន​ហ្នឹង​ កាល​ណា​គេ​បោះ​ឆ្នោត ​តែងតាំង​ ហើយ​គេ​អត់​អាច​ទម្លាក់​បាន​ទេ​ លុះត្រាតែ​មាន​ធ្វើ​កំហុស​ណា​មួយ​ ដូចជា​ឧក្រិដ្ឋកម្ម។ ហើយ​ឯក​ឧត្តម​ កឹម សុខា​ មិន​ទាន់​បាន​ធ្វើ​អ្វី​ខុស​បទបញ្ជា​ផ្ទៃ​ក្នុង​ផង ​និង​ខុស​រដ្ឋ​ធម្មនុញ​ផង​ ហើយ​ខ្ញុំ​យល់​ថា​ ការ​ប្រព្រឹត្ត​របៀប​នេះ​គឺ​ទាក់ទង​នឹង​របប​ផ្តាច់ការ»។

លោក​ សឺន ស៊ូប៊ែរ៍ ​បាន​ថ្លែងថា​ សភា​នេះ​មាន​គណបក្ស​ពីរ​ដែល​ត្រូវ​និយាយ​គ្នា​មិនមែន​ជា​សភា​គណបក្ស​ប្រជាជន​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ​ជា​គូ​ប្រជែង​នយោបាយ​ដ៏​សំខាន់​សម្រាប់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ជា​ពិសេស​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ ​និង​ការ​បោះ​ឆ្នោត​ជា​សកល​នៅ​ឆ្នាំ​២០១៨។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រួមទាំង​លោក ​សម រង្ស៊ី​ រង​ការ​គំរាម​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ថ្មីៗ​នេះ​ថា​អាច​ត្រូវ​ជាប់​គុក​រឿង​បង្ហោះ​ឯកសារ​ព្រំដែន​លើ​ទំព័រ​ហ្វេសប៊ុក។​ ហើយ​សមាជិក​សភា​ពីរ​រូប​គឺ​ លោក​ ញ៉យ ចំរើន​ និង​លោក ​គង់ សភា​ រង​ការ​វាយ​ប្រហារ​ពី​ក្រុម​មនុស្ស​មួយ​ក្រុម​ខាង​ក្រៅ​បរិវេណ​រដ្ឋសភា​កាល​ពី​ថ្ងៃច័ន្ទ​ ហើយ​លោក ​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ដក​ចេញ​ពី​តំណែង​អនុប្រធាន​ទី១​រដ្ឋសភា ​ដែល​គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​បែងចែក​ក្នុង​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​អំណាច​នេះ​ដោយ​កិច្ច​ព្រមព្រៀង នយោបាយ​ក្នុង​ការ​បញ្ចប់​ការ​ជាប់​គាំង​ដំណើរ​នយោបាយ​រយៈពេល​ជិត១​ឆ្នាំ​ ក្រោយ​ការ​បោះឆ្នោត​ជា​សកល​ឆ្នាំ​២០១៣​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​លោក​ ឈាង វុន​ សមាជិក​សភា​ និង​ជា​អ្នកនាំ​ពាក្យ​បាន ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ការ​ដក​តំណែង​លោក ​កឹម សុខា​ គឺ​មិន​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ​នោះ​ទេ។

តែ​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​ថ្ងៃនេះ​វិញ​បាន​ចោទ​ប្រកាន់​ថា ការ​ដក​តំណែង​លោក​ កឹម សុខា ​ជា​ការ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា​ទី៨៧ ​និង​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា។

នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន បញ្ជាក់​ថា​ គណបក្ស​ទាំងពីរ​ព្រមព្រៀង​ក្នុង​ការ​រក​ដំណោះ​ស្រាយ​នយោបាយ​ដោយ​ធ្វើការ​រួមគ្នា​ក្នុង​សភា​ ដើម្បី​ដោះ​ស្រាយ​បញ្ហាជាតិ​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ៕

XS
SM
MD
LG