ការបណ្តេញលោក James Comey នាយកទីភ្នាក់ងារ FBI ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃអង្គារគឺជាចំណុចរង្គោះរង្គើបំផុត រវាងទំនាក់ទំនងជាច្រើនឆ្នាំរវាងអ្នកទាំងពីរ។
ទោះបីជាក្នុងអំឡុងពេលដ៏ល្អបំផុត សម្រាប់លោក Trump វាគឺជាទំនាក់ទំនងស្រឡាញ់ផងស្អប់ផង។ ជម្លោះរវាងលោកប្រធានាធិបតីជាមួយនឹងនាយកទីភ្នាក់ងារ FBI លោក James Comey បានចាប់ផ្តើមក្នុងអំឡុងពេលយុទ្ធនាការ នៅពេលដែលលោក Comey បដិសេធមិនធ្វើការចោទប្រកាន់ប្រឆាំងនឹងគូប្រជែងរបស់លោក Trump គឺលោកស្រី Hillary Clinton ទាក់ទិននឹងការប្រើប្រាស់បណ្តាញអ៊ីម៉ែលឯកជន ក្នុងខណៈពេលដែលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស។
លោក James Comey អតីតនាយកទីភ្នាក់ងារ FBI ថ្លែងថា៖
«យើងមិនអាចរកឃើញករណីណាដែលអាចឈានដល់ការចោទប្រកាន់ទៅលើរឿងទាំងនោះបានទេ»។
លោក Trump ដែលពេលនោះលោកជាបេក្ខជនសម្រាប់ប្រកួតតំណែងប្រធានាធិបតីមានការខឹងសម្បារ ដោយប្រកែកតវ៉ាថាលោកស្រី Clinton គួរជាប់ពន្ធនាគារដោយសារតែបញ្ហាអ៊ីម៉ែលនោះ។
ប៉ុន្តែអាកប្បកិរិយារបស់លោក Trump បានកែប្រែ១១ថ្ងៃមុននឹងឈានដល់ការបោះឆ្នោត នៅពេលដែលលោក Comey ប្រកាសអំពីការពិនិត្យឡើងវិញរបស់ទីភ្នាក់ងារ FBI ទៅលើអ៊ីម៉ែលរបស់លោកស្រី Clinton ដែលនេះគឺជាសេចក្តីថ្លែងការណ៍មួយដែលសមាជិកខាងគណបក្សប្រជាធិបតេយ្យជាច្រើនថាជាកត្តាដែលជួយឲ្យលោក Trump ឈ្នះការបោះឆ្នោត។
«ខ្ញុំគោរពទៅលើការដែលលោកនាយក Comey អាចត្រឡប់មកវិញ ក្រោយលោកបានធ្វើអ្វីដែលលោកបានធ្វើ។ ខ្ញុំគោរពទង្វើនេះខ្លាំងណាស់»។
«អ្វីដែលលោកបានធ្វើគឺលោកបាននាំយកកិត្តិយសរបស់លោកមកវិញ»។
«នេះគឺជាការងារដ៏ល្អដែលទីភ្នាក់ងារ FBI បានធ្វើ»។
នៅពេលដែលលោក Trump ចូលកាន់តំណែង អាកប្បកិរិយារបស់លោកបានប្រែប្រួលជាថ្មីម្តងទៀត។ ពិសេសក្រោយពេលដែលលោក Comey បានបញ្ជាក់ថា លោកនឹងធ្វើការស៊ើបអង្កេតទៅលើថាតើយុទ្ធនាការរបស់លោក Trump បានចូលដៃជាមួយនឹងរុស្ស៊ីដើម្បីលូកដៃចូលការបោះឆ្នោតដែរឬយ៉ាងណា។
ក្រុមមន្ត្រីសេតវិមានថ្លែងថា ការស៊ើបអង្កេតរបស់លោក Trump មិនមានពាក់ព័ន្ធជាមួយនឹងការបណ្តេញលោកចេញពីតំណែងនោះទេ។ ផ្ទុយទៅវិញលោកបានលើកឡើងពីលិខិតមួយពីក្រសួងយុត្តិធម៌ ដែលបានរិះគន់ការគ្រប់គ្រងរបស់លោក Comey ពាក់ព័ន្ធនឹងការស៊ើបអង្កេតទៅលើអ៊ីម៉ែលរបស់លោកស្រី Clinton។
ប៉ុន្តែសមាជិកសភាជាច្រើនមិនជឿទៅលើហេតុផលទាំងនោះទេ ដោយចោទសួរថា ហេតុអ្វីបានជាលោក Trump បណ្តេញលោក Comey ដោយប្រើប្រាស់ហេតុផលដែលលោកតែងតែសរសើរកាលពីពេលមុននោះ។
សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យលោក Chuck Schumer ចោទសួរថា៖
«សំណួរទីមួយដែលរដ្ឋបាលនេះត្រូវឆ្លើយគឺថា តើហេតុអ្វីក៏បណ្តេញចេញនៅពេលនេះ»?
ប៉ុន្តែលោក Trump មានជំនឿជឿជាក់។ នៅពេលដែលលោកត្រូវបានសួរកាលពីថ្ងៃពុធអំពីមូលហេតុដែលលោកបណ្តេញលោក Comey ចេញពីតំណែងនោះ លោកបានឆ្លើយតបថា៖
«ពីព្រោះលោកធ្វើការងារមិនបានល្អ។ រឿងគឺសាមញ្ញដូច្នេះ។ គឺលោកធ្វើការមិនបានល្អ»៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា