យន្តហោះដំបូងមួយដែលបានដឹកកុមារប៉ាឡេស្ទីនដែលរងរបួសនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា បានមកដល់អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃសៅរ៍។ នេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងផ្តល់ជំនួយរបស់ប្រទេសនេះដល់កុមារ១ពាន់នាក់នៅតំបន់ហ្កាហ្សា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
មនុស្សមួយក្រុមដែលមានគ្នា១៥នាក់ រួមមានកុមារនិងក្រុមគ្រួសាររបស់ពួកគេបានឆ្លងព្រំដែន Rafah នៅតំបន់ហ្កាហ្សា ទៅកាន់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃសុក្រ។ បន្ទាប់មក ពួកគេបានធ្វើដំណើរតាមយន្តហោះពីទីនោះឆ្ពោះទៅកាន់រាជធានីអាប៊ូដាប៊ី នៃអេមីរ៉ាតអារ៉ាប់រួម។
កុមារតូចៗគេងលើភ្លៅម្តាយរបស់ពួកគេ ពេលយន្តហោះចុះចតកាលពីថ្ងៃសៅរ៍នៅឯអាកាសយានដ្ឋានអន្តរជាតិអាប៊ូដាប៊ី។ កៅអីខ្លះនៅលើយន្តហោះត្រូវបានដកចេញ ដើម្បីផ្តល់កន្លែងសម្រាប់កុមារដែលរបួសធ្ងន់ហើយត្រូវការសម្រាកលើគ្រែពេទ្យ។
ជនជាតិប៉ាឡេស្ទីនជាង ១១.៤០០នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម ដែល២ភាគ៣ ជាស្ត្រីនិងអនិតិជន។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន។
អេមីរ៉ាតអារ៉ាប់រួមដែលជាសហព័ន្ធនៃអេមីរ៉ាតចំនួន ៧ របស់ឧបទ្វីបអារ៉ាប់ មានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ក្រោយកិច្ចព្រមព្រងទទួលស្គាល់កាលពីឆ្នាំ២០២០៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា