ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី WFP ថា​​​តំបន់​ហ្កាហ្សា​​ប្រឈមនឹង​​ទុរ្ភិក្ស​បន្ទាន់


ជនជាតិប៉ាឡេស្ទីនដែលរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបានជួយនៅមន្ទីរពេទ្យឥណ្ឌូនេស៊ី បន្ទាប់ពីមន្ទីរពេទ្យ Al Shifa បានឈប់សម្រាកព្យាបាល ចំពេលមានការវាយលុកដីរបស់អ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជនជាតិប៉ាឡេស្ទីនដែលរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបានជួយនៅមន្ទីរពេទ្យឥណ្ឌូនេស៊ី បន្ទាប់ពីមន្ទីរពេទ្យ Al Shifa បានឈប់សម្រាកព្យាបាល ចំពេលមានការវាយលុកដីរបស់អ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមជនស៊ីវិលនៅ​ហ្កាហ្សា​«កំពុងប្រឈម​នឹងទុរ្ភិក្ស​បន្ទាន់»។ នេះ​បើតាម​លោកស្រី Cindy McCain ​នាយិកាប្រតិបត្តិ​នៃកម្មវិធីស្បៀង​អាហារ​ពិភពលោក។

លោកស្រី McCain ​បាន​និយាយនៅក្នុងសេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ ​«ការ​ផ្គត់ផ្គង់ស្បៀង​អាហា​រ​និង​ទឹក​មិនមាន​ទេ​នៅហ្កាហ្សា​ ហើយ​មានតែ​ផ្នែក​តូច​មួយនៃ​អ្វី​ដែល​គេ​ត្រូវការកំពុង​ទៅ​ដល់​តាម​ព្រំដែន។ គេ​មិនអាច​បំពេញ​សេចក្តី​ត្រូវការនៃការ​ស្រេកឃ្លានបច្ចុប្បន្ន​ដោយ​ច្រក​ព្រំដែន​មាន​ប្រតិបត្តិការតែ​មួយ​បាន​ទេ។ សេចក្តី​សង្ឃឹម​តែ​មួយគឺ​បើក​ច្រក​មួយ​ទៀត ​ជាកន្លែង​ដឹកជញ្ជូន​ស្បៀង​អាហារ​មនុស្សធម៌​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ទៅក្នុងហ្កាហ្សា»។

កាល​ពីយប់​ថ្ងៃ​ព្រហស្បតិ៍​ កង​យោធា​អ៊ីស្រាអែល​បាន​ប្រកាសថាខ្លួនបាន​ផ្តល់​ទឹក​៤.០០០​លីត្រនិង​អាហារ​ចម្អិន​ស្រាប់១.៥០០ដល់​មន្ទីរពេទ្យ​ Shifa។

នៅថ្ងៃសុក្រនេះ​ដែរ ​កងកម្លាំង​ការពារ​ជាតិអ៊ីស្រាអែល ​បានប្រកាសថាខ្លួ​ន​បាន​រក​ឃើញ​និង​បាន​យក​សាកសពនាយឯក​ Noa Marciano។ កងយោធាថា​សព​អ្នកស្រីត្រូវ​បានរក​ឃើញ​«នៅ​ជិត​មន្ទីរពេទ្យ​ Shifa ​ក្នុង​តំបន់​ហ្កាហ្សា»។​ ពួកហាម៉ាស់​បានចាប់​ពង្រត់​អ្នកស្រីកាលពី​ថ្ងៃទី៧ ​ខែតុលា​ក្នុង​ការវាយប្រហារ​របស់​ពួកជន​សកម្មប្រយុទ្ធ​លើ​អ៊ីស្រាអែល។

អ៊ីសា្រអែលបាន​បញ្ជាឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​ចាក​ចេញពី​ក្រុងបួនក្នុងប៉ែក​ខាង​ត្បូង​តំបន់ហ្កាហ្សាកាលពី​ថ្ងៃព្រហស្បតិ៍ ​ជា​សញ្ញា​បង្ហាញ​ថានឹង​មាន​ការពង្រីក​សង្គ្រាមប្រឆាំង​នឹងក្រុមជនសកម្ម​ប្រយុទ្ធ​ហាម៉ាស់ទៅក្នុង​កន្លែងដែល​ពួកមន្ត្រី​អ៊ីស្រាអែល​បាន​ប្រាប់ប្រជារាស្ត្រ​ថាមាន​សុវត្ថិភាព​នៅ​ទីទាំង​នោះ៕

អ្នកឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​អ្នកស្រី​ Margaret Besheer​ និង​ប្រធាន​ការិយាល័យ​សេតវិមាន​អ្នកស្រី​ Patsy Widakuswara ​បាន​ចូលរួម​ចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​មួយ​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press, Reuters និង Agence France-Presse ។

XS
SM
MD
LG