រថយន្តក្រុងផ្ទុកជនចំណាកស្រុកបានចាប់ផ្តើមទៅដល់ប្រទេសស្លូវេនី (Slovenia) ដោយចាកចេញពីប្រទេសក្រូអាដ (Croatia) ជាលើកទីមួយនៅថ្ងៃសៅរ៍នេះ។
ជនចំណាកស្រុកដែលកំពុងសង្ឃឹមថា នឹងមានជីវភាពប្រសើរឡើងក្នុងតំបន់អឺរ៉ុបខាងលិច បានបង្វែទៅប្រទេសស្លូវេនីដោយធ្វើដំណើរទៅកាន់ទិសខាងជើងបន្ទាប់ ពីប្រទេសហុងហ្គារី បានបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសក្រូអាដនៅពាក់កណ្តាលយប់ថ្ងៃសុក្រ។
ហុងហ្គារី បានបិទព្រំដែននៅក្នុងកិច្ចខំប្រឹងប្រែង ដើម្បីរាំងខ្ទប់លំហូរជនចំណាកស្រុករាប់ពាន់នាក់ ដែលបានទៅដល់ប្រទេសនោះជារៀងរាល់ថ្ងៃមុនពេលធ្វើដំណើរទៅកាន់ទិសខាងជើង។
ក្រុមជនចំណាកស្រុកចុងក្រោយដែលមានគ្នារាប់រយនាក់ ត្រូវបានគេអនុញ្ញាតិឲ្យឆ្លងកាត់ព្រំដែនភ្លាមៗមុនពេលព្រំដែនត្រូវបិទ។ របងនៅតាមបណ្តោយព្រំដែនបានស្ថាបនារួចហើយ ដើម្បីរារាំងការឆ្លងកាត់ដោយគ្មានការអនុញ្ញាតិ។
លោកPeter Szijjarto រដ្ឋមន្រ្តីការបរទេសនៃប្រទេសហុងហ្គារី បានប្រកាសសេចក្តីសម្រេចបិទព្រំដែន បន្ទាប់ពីជំនួបរបស់គណៈរដ្ឋមន្រ្តីសន្តិសុខជាតិកាលពីថ្ងៃសុក្រ។
លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលទីក្រុងប៊ុយដាប៉េស បានផ្តល់ព័ត៌មានដល់ប្រទេសនានាដែលមានព្រំដែនជាមួយខ្លួនហើយនិងប្រទេសនានាអំពីការសម្រេចនេះ។
ហុងហ្គារីបានបិទព្រំដែនជាមួយប្រទេស Serbia កាលពីខែកញ្ញា។ នៅក្នុងការឆ្លើយតបដល់ចំណាត់ការរបស់ប្រទេសហុងហ្គារី ប្រទេសស្លូវេនីបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងលុបចោលសេវាកម្មរទេះភ្លើងទាំងអស់ទៅកាន់ប្រទេសក្រូអាដ។
ប្រទេសស្លូវេនីបានប្រាប់ឲ្យដឹងថា ខ្លួននឹងបន្តទទួលយកជនចំណាកស្រុក ក៏ប៉ុន្តែចង់ត្រួតត្រាការហូរចូលជនចំណាកស្រុកនេះ។ ក្រៅពីការដឹកជញ្ជូនអ្នកមកដល់ថ្មីទៅកាន់ព្រំដែនរបស់ខ្លួន រទេះភ្លើងនិងរថយន្តក្រុងនឹងដឹកពួកគេទៅកាន់មជ្ឈមណ្ឌលជនភៀសខ្លួន៕