មន្រ្តីជាន់ខ្ពស់ផ្នែកអគ្គីភ័យអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះគ្រោះអគ្គីភ័យ បន្ទាប់ពីករណីអគ្គីភ័យក្នុងឆ្នាំ២០១៨កើនឡើងរហូតដល់ជាង៥៣០លើក ដែលភាគច្រើនបណ្តាលមកពីការតចរន្តអគ្គិសនីខុសបច្ចេកទេស។
ក្នុងសន្និបាតបូកសរុបសភាពការណ៍និងលទ្ធផលការងាររបស់កងកម្លាំងនគរបាលជាតិឆ្នាំ២០១៨ នាព្រឹកថ្ងៃទី២១ខែកុម្ភៈនេះ លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់អ្នកសារព័ត៌មានថា ក្នុងរយៈពេលមួយឆ្នាំពេញនៃឆ្នាំ២០១៨ អគ្គីភ័យបានកើតឡើងចំនួន៥៣៤លើកគឺកើនឡើងចំនួន២០លើក បើធៀបនឹងឆ្នាំ២០១៧។
លោកបន្តថា អគ្គីភ័យទាំងជាង៥០០លើកនេះបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន១៧នាក់ របួសចំនួន៥២នាក់ ឆេះផ្ទះអស់ចំនួន៥៥៣ខ្នង និងឆេះតូបអស់ចំនួន៣៩៦តូប នៅទូទាំងប្រទេស។
លោក នេត វន្ថា បន្ថែមថា មូលហេតុនាំឲ្យកើតមានអគ្គីភ័យភាគច្រើនបណ្តាលមកពីការតចរន្តអគ្គិសនីខុសបច្ចេកទេស និងការធ្វេសប្រហែសភ្លើងចង្ក្រាន ភ្លើងទៀន និងធូប។
លោកមានប្រសាសន៍ថា៖
«ត្រូវពង្រឹងផ្អែកទៅលើការចូលរួមពីវិស័យអ្នកវិនិយោគ ឬក៏ប្រជាពលរដ្ឋ ឬម្ចាស់សំណង់អគារ។ល។ ត្រូវតែមានការចូលរួមឲ្យបានកាន់តែខ្លាំង ស្រុះគ្នា។ កុំគិតថាជំនាញអគ្គីភ័យ កើតឡើងអគ្គីភ័យ ទុកភារកិច្ចឲ្យក្រុមពន្លត់អគ្គីភ័យ។ វាជាភារកិច្ចរួមទាំងអស់គ្នា ជាពិសេសគឺប្រជាពលរដ្ឋនេះឯង ជាអ្នកប្រើប្រាស់ភ្លើង បង្កើតភ្លើង ហើយបើសិនគាត់ចេះវិធានការពន្លត់បឋមគឺភ្លើងមិនអាចធំបានទេ»។
លោក នេត វន្ថា ក៏បានព្រមានថា ម្ចាស់ផ្ទះ ឬជនដែលបង្កឲ្យកើតមានអគ្គីភ័យ ដោយចេតនាក្តី ដោយអចេតនាក្តីនឹងត្រូវទទួលរងនូវការពិន័យនិងប្រឈមផ្លូវច្បាប់ជាធរមាន។
មាត្រា៤១៣នៃក្រមព្រហ្មទណ្ឌចែងថា អំពើប្រព្រឹត្តដោយចេតនាដើម្បីបំផ្លិចបំផ្លាញ ធ្វើឲ្យទ្រុឌទ្រោម ឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់អ្នកដទៃដោយអានុភាពនៃគ្រឿងផ្ទុះ នៃអគ្គីភ័យ ឬគ្រប់វិធីដទៃទៀតដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់បុគ្គល ជនបង្ករត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីពីរឆ្នាំទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពីបួនលានរៀលទៅដប់លានរៀល។
ចំណែកមាត្រា៤១៩នៃក្រមព្រហ្មទណ្ឌនេះបានចែងអំពីការធ្វើឲ្យខូចខាតដោយខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពបទបញ្ជាពាក់ព័ន្ធនឹងការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយអគ្គីភ័យ ឬគ្រឿងផ្ទុះ ដែលជនបង្ករត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពីមួយខែទៅមួយឆ្នាំ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅ២លានរៀល។
កន្លងមកប្រជាពលរដ្ឋតែងតែត្អូញត្អែរអំពីការអនុវត្តការងាររបស់មន្រ្តីពន្លត់អគ្គភ័យមួយចំនួន ដោយលើកឡើងថា ខ្វះការទទួលខុសត្រូវនិងមិនយកចិត្តទុកដាក់ ព្រមទាំងទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការបាញ់ពន្លត់អគ្គីភ័យជាដើម។
លោក នេត វន្ថា ធ្លាប់បានបញ្ជាក់ថា ការបាញ់ពន្លត់អគ្គីភ័យមិនតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់នោះទេ ហើយលោកថា ប្រសិនជាមានករណីមន្រ្តីអគ្គីភ័យរូបណាទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការបាញ់ពន្លត់អគ្គីភ័យនោះ ប្រជាពលរដ្ឋត្រូវរាយការណ៍ឬប្តឹងទៅសមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីចាត់វិធានការ។
មាត្រា២៧នៃច្បាប់ស្តីពីការបង្ការនិងការពន្លត់អគ្គីភ័យដែលបានចូលជាធរមានកាលពីឆ្នាំ២០១៣ចែងថា មន្រ្តីសមត្ថកិច្ចអគ្គីភ័យដែលខ្វះការទទួលខុសត្រូវ មិនបំពេញភារកិច្ច ឬបំពេញភារកិច្ចដោយមិនត្រឹមត្រូវក្នុងការពន្លត់អគ្គីភ័យ បង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់ VOA ថា បច្ចុប្បន្នបញ្ហាអគ្គីភ័យតែងកើតមានដោយសារអាកប្បកិរិយារបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនីមានភាពធ្វេសប្រហែស ស្របពេលដែលរដ្ឋាភិបាលនៅខ្វះខាតធនធាន ទាំងសម្ភារៈនិងមនុស្សក្នុងការទប់ស្កាត់និងពន្លត់អគ្គីភ័យ។
លោកបញ្ជាក់ថា៖
«ត្រូវមានការអប់រំផ្នែកចំណេះដឹងដល់ប្រជាពលរដ្ឋដើម្បីឲ្យពួកគេមានវិធានការច្បាស់លាស់នៅក្នុងការបង្ការនិងគ្រប់គ្រងអគ្គីភ័យ។ ក្រៅពីនោះ ត្រូវមានវិធានការសាធារណៈ ដូចជាការត្រៀមបង្ការជានិច្ច ហើយនឹងការរកមធ្យោបាយសម្រាប់អន្តរាគមន៍ភ្លាមៗទៅលើគ្រោះអគ្គីភ័យ ប្រសិនបើវាកើតឡើង ដូចជាការត្រៀមបង្ការនូវរថយន្តពន្លត់អគ្គីភ័យ ហើយនឹងជំនាញនៅក្នុងការទប់ស្កាត់ ឬក៏ជំនាញពន្លត់អគ្គីភ័យតាមបែបប្រពៃណី ឬក៏តាមបែបបុរាណ»។
ដោយឡែក នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ក៏បានចេញសេចក្តីណែនាំមួយស្តីពីវិធានការការពារ ទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹក និងព្រៃកោងកាង និងកិច្ចអន្តរាគមន៍សង្គ្រោះត្រីក្នុងរដូវប្រាំង ឆ្នាំ២០១៩។
សេចក្តីណែនាំនោះបានបញ្ជាក់ឲ្យដឹងថា កម្ពុជានឹងទទួលរងនូវបាតុភូតអែលនីណូ (El Nino)ដែលនឹងបង្កឱ្យអាកាសធាតុនារដូវប្រាំងនេះមានសភាពក្តៅហួតហែងសីតុណ្ហភាពអតិបរមាអាចហក់ឡើងដល់៤០-៤២°C ដែលងាយបង្កឱ្យមានភ្លើងឆេះព្រៃលិចទឹក និងព្រៃកោងកាង។
ដើម្បីបញ្ជៀសនូវបញ្ហានេះ ក្រសួងកសិកម្មក៏បានណែនាំឲ្យស្ថាប័នពាក់ព័ន្ធទប់ស្កាត់ការដុតព្រៃលិចទឹកដើម្បីចាប់សត្វ និងត្រូវទប់ស្កាត់និងបង្ការការកាប់ឆ្ការដុតរានព្រៃលិចទឹក ដើម្បីអភិវឌ្ឍន៍ដំណាំកសិកម្ម ការធ្វើកសិកម្មពនេចរ និងការតាំងទីលំនៅថ្មី ដោយវាតយកដីធ្វើជាកម្មសិទ្ធិមិនស្របច្បាប់ជាដើម៕