រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះប្រកាសឲ្យប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធត្រៀមទឹកទុកប្រើប្រាស់ប្រចាំថ្ងៃសម្រាប់រដូវប្រាំងឆ្នាំ២០១៩ ដែលនឹងមានកើនកម្តៅខ្លាំងខុសពីធម្មតានិងខ្សត់ភ្លៀង។
តាមសារាចរណែនាំស្តីពីការចាត់វិធានការថែររក្សាទឹកទុក ចេញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថាក្រសួងធនធានទឹក និងឧតុនិយមកម្ពុជាបានព្យាករណ៍ថាកម្ពុជានឹងរងឥទ្ធិពលពីបាតុភូត អែលនីណូ ដោយប្រយោល នារដូវប្រាំងឆ្នាំ២០១៩នេះ។សារាចរណែនាំដដែលបន្តថាឥទ្ធិពលនៃបាតុភូតនេះ នឹងបង្កឲ្យអាកាសធាតុនៅកម្ពុជានារដូវប្រាំង ជាពិសេសក្នុងខែមេសានិងឧសភា មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមាពេលខ្លះហក់ឡើងខ្ពស់រហូតដល់៤០ ទៅ៤២អង្សារមានភ្លៀងកក់ខែធ្លាក់តិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់កើតឡើងច្រើន រដូវវស្សាយឺតជាងបណ្តាឆ្នាំកន្លងទៅ-ល-។
រាជរដ្ឋាភិបាលកម្ពុជាបានណែនាំពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធក្នុងសារាចរនោះតាមន័យដើមថា៖
«ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២ បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមូយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទុកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ រហូតដល់មានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ»។
ក្នុងសារាចរនោះ រាជរដ្ឋាភិបាលក៏បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនានា ដូចជាខ្យល់កន្រ្តាក់ជាដើម៕