ការបាញ់កាំជ្រួចខុសច្បាប់ត្រូវបានគេសង្ស័យថាជាមូលហេតុដែលបណ្តាលឲ្យឆេះតំបន់អនាធិបតេយ្យមួយនៅជិតរដ្ឋធានីម៉ានីលនៅថ្ងៃបុណ្យចូលឆ្នាំថ្មីដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២នាក់ហើយនិងធ្វើឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស។
ក្រុមពន្លត់អគ្គីយភ័យបាននិយាយកាលពីថ្ងៃព្រហស្បត៍ថា ពួកគេមានការលំបាកដើម្បីចូលទៅកាន់ទីកន្លែងដែលមានផ្ទះខ្ទមរាប់រយបានឆេះនៅជាយទីក្រុង Quezon ពីព្រោះតែរថយន្តបាញ់ទឹកមិនអាចបើកតាមច្រកដ៏ចង្អៀតៗបាន។
សាកសពមនុស្សយ៉ាងហោចណាស់ក៏២នាក់ដែរ បានត្រូវទាញចេញពីអាគារដែលឆេះភ្លើងនោះ។
ខ្យល់យ៉ាងខ្លាំងបានធ្វើឲ្យការឆេះនោះរាលដាលយ៉ាងរហ័សទូទាំងតំបន់នោះ ដែលធ្វើឲ្យអ្នកស្រុកប្រវេសប្រវាសគេចចេញពីអណ្តាតភ្លើង។
អ្នកពន្លត់អគ្គីភ័យម្នាក់ ដាច់ម្រាមដៃមួយចំនួននៅពេលដែលកំប៉ុងឧស្ម័នចម្អិនម្ហូបអាហារបានផ្ទុះ។
ក្រុមអាជ្ញាធរមិនទាន់កំណត់ពីមូលហេតុនៃការផ្ទុះនោះទេ ក៏ប៉ុន្តែបាននិយាយថា វាអាចមកពីផាវដែលបានប្រើប្រាស់ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំ៕