អ្នកចូលចិត្តភាពសប្បាយរីករាយនៅក្នុងប្រទេសនូវែលសេឡង់ អូស្រ្តាលីនិងប្រទេសនានានៅទ្វីបអាស៊ី បានប្រារព្ធពិធីចូលឆ្នាំថ្មីដោយមានការដុតកាំជ្រួចយ៉ាងធំនៅពេលដែលប្រទេសនានានៅទូទាំងសាកលលោកលាឆ្នាំ២០១៤ដែលមានភាពច្របូកច្របល់ហើយបានស្វាគមន៍ថ្ងៃទីមួយនៃឆ្នាំ២០១៥។
នាឡិកាដ៏ធំនៅប៉ម Sky Tower នៃទីក្រុង Auckland បានរាប់នាទីថយក្រោយកាលពីយប់ថ្ងៃពុធម្សិលមិញរហូតដល់ឆ្នាំថ្មីចូលមកដល មុនពេលកាំជ្រួច បានបាញ់បង្ហោះចេញពីប៉មទៅលើមេឃនៅពេលយប់។
នៅក្នុងទីក្រុងស៊ីដនី អ្នកចូលចិត្តភាពសប្បាយរីករាយជាង១លាន៥សែននាក់ បានផ្តុំគ្នានៅក្រោមអាកាសធាតុរដូវក្តៅនៅតាមបណ្តោយឆ្នេរនៃកំពង់ផែររបស់ទីក្រុងដើម្បីមើលកាំជ្រួចដ៏អស្ចារ្យដែលមានរាងដើមត្នោតពណ៌មាសនិងពណ៌ប្រាក់។ កាំជ្រួចគ្រប់ពណ៌នៅពាសពេញមេឃលើកំពង់ផែ Victoria របស់ទីក្រុងហុងកុង។
ទាំងទីក្រុងធំនិងទីក្រុងតូចនានានៅទូទាំងពិភពលោកបានប្រុងប្រៀបបាញ់កាំជ្រួច ប្រគំដូរតន្រ្តីហើយនិងធ្វើពិធីផ្សេងៗទៀតដល់សហគមន៍របស់ខ្លួន។
ទីក្រុងប៉េកាំងបានប្រារព្ធពិធីរាប់នាទីថយក្រោយដោយមានការតាំងពិពណ៌ ការជិះស្គីដែលមានគោលបំណងផ្សព្វផ្សាយដើម្បីស្វះស្វែងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៥នៅប្រទេសចិន ខណៈដែលទីក្រុងឌុយបៃនៃឈូងសមុទ្រពែក បានប្រុងប្រៀបអ្វីដែលទីក្រុងនោះ និយាយថា ជាការបាញ់កាំជ្រួចនៅខាងក្រៅអាគារដ៏ខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក។
នៅទីក្រុងញូវយ៉កដោយមានការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីធំជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក គេមានគម្រោងទម្លាក់ដុំគ្រីស្តាល់នៅពាក់កណ្តាលយប់ដោយមានអ្នកចូលចិត្តភាពសប្បាយរីករាយរាប់ម៉ឺននាក់ស្រែកអបអរក្នុងពិធីប្រចាំឆ្នាំនេះ។
ក៏ប៉ុន្តែនៅប្រទេសឥណ្ឌូនេស៊ី ការធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅក្នុងសមុទ្រជ្វាដ៏ជ្រៅ ពិធីរំឮកវិញ្ញាណក្ខន្ធបានធ្វើឡើងនៅរដ្ឋធានីហ្សាកាតា ហើយទីក្រុងផ្សេងៗទៀត បានលប់ចោលពិធីចូលឆ្នាំថ្មីនេះ៕