ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គិភ័យ​មួយ​នៅ​រោង​ពុម្ព​ក្នុង​ក្រុង​មូស្គូ​សម្លាប់​កម្មករចំណាក​ស្រុក​១៧​នាក់


សាច់​ញាតិ​​និង​មិត្តភ័ក្រ​របស់​ជន​រងគ្រោះ​មក​ពី​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន បាន​ជួប​ជុំ​គ្នា​នៅ​ក្បែរ​អាគារ​ដែល​បាន​ឆេះ​ កាល​ពី​ថ្ងៃទី​២៧ ខែ​សីហា។
សាច់​ញាតិ​​និង​មិត្តភ័ក្រ​របស់​ជន​រងគ្រោះ​មក​ពី​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន បាន​ជួប​ជុំ​គ្នា​នៅ​ក្បែរ​អាគារ​ដែល​បាន​ឆេះ​ កាល​ពី​ថ្ងៃទី​២៧ ខែ​សីហា។

អាជ្ញាធរ​រុស្ស៊ី​បាន​និយាយ​ថា​ មាន​អគ្គិភ័យ​មួយ​នៅ​ក្នុង​អាគារ​រោង​ពុម្ព​មួយ​ក្នុង​ក្រុង​មូស្គូ​ ដែល​បាន​បណ្តាល​ឱ្យ​កម្មការិនី​ចំណាក​ស្រុក​១៧នាក់​មក​ពី​ប្រទេសកៀហ្ស៊ីស៊ីស្ថាន​ (Kyrgyzstan)​ ស្លាប់​កាល​ពី​ថ្ងៃសៅរ៍។

លោក ​Abdygani Shakirov​ អ្នក​តំណាង​សហគមន៍​នៃ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន ក្នុង​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា​ ជន​ដែល​បាន​បាត់បង់​ជីវិត​ទាំង​អស់​គឺ​ស្ត្រី​វ័យ​ក្មេង​ដែល​បាន​ជាប់​គាំង​នៅ​ក្នុង​បន្ទប់​ស្លៀក​ពាក់​នៅ​ពេល​ពួក​គេ​ប្តូរ​ទៅ​ស្លៀក​ពាក់​សម្លៀក​បំពាក់​សម្រាប់​ធ្វើ​ការ។ លោក​បាន​ថ្លែង​ថា​ នារី​ម្នាក់​អាយុ​១៦​ឆ្នាំ​ឋិត​ក្នុង​ចំណោម​ពួក​ស្ត្រី​ដែល​បាន​ស្លាប់។

ក្រសួង​ការបរទេស​នៃ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ​បាន​បញ្ជាក់​ថា​មនុស្ស​១៤នាក់​ក្នុង​បណ្តា​ពួក​ជន​ដែល​បាន​បាត់​បង់​ជីវិត​ជា​ពលរដ្ឋ​កៀហ្ស៊ីស៊ីស្ថាន។

ថ្លែង​ទៅ​កាន់​បណ្តាញ​ផ្សាយ​ព័ត៌មាន​រុស្ស៊ី​ លោក​ Ilya Denisov ​នាយក​ផ្នែក​សេវាកម្ម​គ្រា​មាន​អាសន្ន​នៃក្រុង​ម៉ូស្គូ​ បាន​បញ្ជាក់​ថា​ ​ជន​រង​គ្រោះ​ទាំង​អស់​មក​ពី​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ ដែល​ជា​អតីត​សាធារណរដ្ឋ​មួយ​របស់​សហភាព​សូវៀត​នៅ​ក្នុង​តំបន់​កណ្តាល​នៃ​ទ្វីប​អាស៊ី​ ហើយ​គេ​មាន​ជំនឿ​ថា​ ស្ត្រី​ទាំង​នេះ​បាន​ធ្វើការ​ដោយ​ត្រឹមត្រូវ​តាម​ច្បាប់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

លោក ​Denisov​ បាន​និយាយ​ថា​ អគ្គិភ័យ​នេះ​បាន​បណ្តាល​មក​ពី​ចង្កៀង​ភ្លើង​អគ្គិសនី​មួយ​មាន​ដំណើរ​ការ​មិន​ល្អ​នៅ​ជាន់​ទីមួយ​នៃ​អាគារ​ដាក់​ឥវ៉ាន់​ដែល​នៅ​ទី​នោះ​មាន​វត្ថុរាវ​ និង​ផលិត​ផល​ក្រដាស​អាច​ឆាប​ឆេះ​ជា​ច្រើន​បាន​ត្រូវស្តុក​ទុក ហើយ​អគ្គិភ័យ​នេះ​បាន​រាល​ដាល​ឆាប់​រហ័ស​ទៅ​កាន់​បន្ទប់​ស្លៀក​ពាក់តាម​រយៈ​ប្រលោះ​ជណ្តើរ​យោង។

លោក ​Denisov ​បាន​និយាយ​ថា ​ពួក​អ្នក​ពន្លត់​អគ្គិភ័យ​បាន​រក​ឃើញ​សាក​សព​កម្មារិនី​១៦​នាក់​ ហើយ​បាន​បញ្ជូន​អ្នក​ធ្វើការ​៤នាក់​ដែល​ត្រូវ​របួស​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ទី​នោះ​ កម្មារិនី​ម្នាក់​បាន​បាត់​បង់​ជីវិត​នៅ​ពេល​បន្ទាប់​មក។

អាជ្ញាធរ​រុស្ស៊ី​បាន​បើក​ធ្វើការ​ស៊ើប​អង្កេត​ពី​បទ​ឧក្រិដ្ឋ​ដើម្បី​កំណត់​ថា ​តើអគ្គិភ័យ​នេះ​បាន​កើត​មាន​ឡើង​ដោយ​សារ​ការ​លប​ដុត​ ឬ​មួយក៏​ដោយ​សារ​ការ​ធ្វេស​ប្រហែស។គេ​បាន​បន្ទោស​ជា​ញឹកញយ​ដល់​ស្តង់ដារ​សុវត្ថិភាព​ធូរ​រលុង​ខាង​ការ​បញ្ចៀសអគ្គិភ័យ​ដែល​បាន​នាំ​ឱ្យមាន​អគ្គិភ័យ​ដ៏ប្រល័យ​នៅ​ក្នុង​កន្លែង​ធ្វើការ​ក្នុង​ប្រទេស​រុស្ស៊ី។ កាល​ពី​ខែ​មករា​ មនុស្ស​១២​នាក់​បាន​ស្លាប់​នៅ​ក្នុង​អគ្គិភ័យ​មួយ​ក្នុង​រោង​ចក្រ​ផលិត​សម្លៀក​បំពាក់​មួយ​ក្នុង​ក្រុងមូស្គូ៕

XS
SM
MD
LG