ក្រុមពន្លត់អគ្គិភ័យរបស់ប្រទេសបារាំងបានបញ្ជាក់នៅថ្ងៃអង្គារនេះថា រចនាសម្ព័ន្ធសំណង់នៃព្រះវិហារគ្រិស្តសាសនា Notre Dame ដ៏ល្បីឈ្មោះ ដែលត្រូវបានអគ្គិភ័យឆាបឆេះកាលពីថ្ងៃចន្ទម្សិលមិញ រួមទាំងគំនូរចម្លាក់ចម្បងនៃព្រះវិហារនេះ ត្រូវបានជួយសង្គ្រោះបានហើយ បន្ទាប់ពីអ្នកពន្លត់អគ្គិភ័យ ៤ រយនាក់បានប្រឹងប្រែងពន្លត់អគ្គិភ័យនេះអស់រយៈពេលជាង ៩ ម៉ោង។
ប៉មនិមិត្តរូបពីរនៃព្រះវិហារសតវត្សទី ១២ នេះ និងរចនាសម្ព័ន្ធថ្មនៅតែឈរត្រដែតដដែលនៅថ្ងៃអង្គារនេះ ប៉ុន្តែដំបូល និងកំពូលស្រួចនៃព្រះវិហារនេះត្រូវបានភ្លើងលេបត្របាក់។
អភិបាលក្រុងប៉ារីសអ្នកស្រី Anne Hidalgo បានថ្លែងអំណរគុណដល់ក្រុមអ្នកពន្លត់អគ្គិភ័យ និងមន្ត្រីប៉ូលិស ដែលបានជួយសង្គ្រោះវត្ថុពិសិដ្ឋនានា និងរូបសិល្បៈដ៏អស្ចារ្យនៃព្រះវិហារនេះ។
អ្នកស្រីបាននិយាយថា ព្រះវិហារ Notre Dame គឺជាទីកន្លែងដែល «ដួងព្រលឹងនៃទីក្រុងប៉ារីសល្បីខ្ចរខ្ចាយឡើង»។
មហាសេដ្ឋីបារាំងលោក Francois Henri Pinault បានសន្យាថា នឹងផ្ដល់ថវិកាចំនួន ១១៣ លានដុល្លារអាមេរិកដើម្បីជួយសាងសង់សំណង់ព្រះវិហារនេះឡើងវិញ។ ចំណែកឯមហាសេដ្ឋីបារាំងម្នាក់ទៀត គឺលោក Bernard Arnault បាននិយាយថា ក្រុមគ្រួសារ និងក្រុមហ៊ុនរបស់លោកនឹងរួមចំណែកថវិកាចំនួន ២២៦ លានដុល្លារអាមេរិក។
គេនៅមិនទាន់ច្បាស់ទេថាតើអគ្គិភ័យនេះបណ្ដាលមកពីមូលហេតុអ្វីនោះ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា មន្ត្រីពន្លត់អគ្គិភ័យបានបញ្ជាក់ថា អគ្គិភ័យនេះអាចមាន «ការ ពាក់ព័ន្ធដែលអាចទៅរួច» ជាមួយនឹងកិច្ចការជួសជុលព្រះវិហារនេះឡើងវិញក៏ដោយ៕