អ្នកជំនាញខាងហិរញ្ញវត្ថុលោក Bill Browder បានធ្វើសក្ខីកម្មនៅចំពោះមុខគណកម្មការតុលាការប្រចាំព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធីបតីរុស្ស៊ី Vladimir Putin គឺជាបុរសដែលមានជាងគេនៅលើពិភពលោក ដោយសារតែបទឧក្រិដ្ឋដ៏អាក្រក់ដែលរដ្ឋាភិបាលលោក Putin បានប្រព្រឹត្តិដោយពុំមានការគំរាមកំហែងថានឹងទទួលទោសទណ្ឌអ្វី។
លោក Browder បានថ្លែងថា៖«ខ្ញុំជឿថាលោកមានទ្រព្យសម្បតិ្តដល់ទៅ២០០ពាន់លានដុល្លារ។ គោលបំណងនៃរបបគ្រប់គ្រងរបស់លោក Putin គឺត្រូវប្រព្រឹត្តបទឧក្រិដ្ឋដើម្បីរកបានប្រាក់ទាំងនោះ ហើយលោកមិនចង់បាត់បង់ថវិកាទាំងនោះទេ។ ដូច្នេះលោកកំពុងស្ថិតក្នុងហានិភ័យប្រឈមនឹងច្បាប់ Magnitsky»។
លោក Browder បានថ្លែងថាដើម្បីការពារថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ លោក Putin បានចេញយុទ្ធនាការមួយដើម្បីលុបចោលច្បាប់ Magnitsky ដែលជាច្បាប់មួយរបស់អាមេរិកដើម្បីដាក់ទណ្ឌកម្មទៅលើក្រុមមន្ត្រីរបស់រុស្ស៊ីដែលទទួលខុសត្រូវចំពោះការស្លាប់របស់មេធាវីរុស្ស៊ីមួយរូបកាលពីឆ្នាំ២០០៩ គឺលោក Sergei Magnitsky ដែលបានស្លាប់នៅក្នុងគុករបស់រុស្ស៊ី បន្ទាប់ពីលោកត្រូវបានលោក Browder ជួលឲ្យធ្វើការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងប្រទេសរុស្ស៊ី។
លោក Browder គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគ Hermintage Capital Management ដែលធ្លាប់ជាក្រុមហ៊ុនវិនិយោគធំបំផុតមួយនៅក្នុងប្រទេសរុស្ស៊ី៕