អតីតសណ្ឋាគារលំដាប់ផ្កាយ៥ឈ្មោះ InterContinental បានប្រកាសបិទដំណើរការក្រោមហេតុផលបញ្ហាហិរញ្ញវត្ថុបន្ទាប់ពីប្តូរឈ្មោះបានជិត២ឆ្នាំ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៨ សណ្ឋាគារ InterContinental ដែលមានទីតាំងតាមបណ្តោយផ្លូវម៉ៅសេទុង រាជធានីភ្នំពេញ បានប្តូរឈ្មោះមកជាសណ្ឋាគារ The Great Duke ក្រោយដំណើរការអស់រយៈពេលជាង២០ឆ្នាំ។ មូលហេតុនៃការប្តូរឈ្មោះនោះមិនត្រូវបានបញ្ជាក់ជាផ្លូវការដោយសណ្ឋាគារនោះទេ។
ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដែលVOAទទួលបាន លោក Chakrapong Paladsongkram អ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ The Great Duke បានជូនដំណឹងដល់បុគ្គលិកសណ្ឋាគារទាំងអស់ថា«សណ្ឋាគារនឹងត្រូវបិទដំណើរការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩»។
លិខិតនោះបន្ថែមថា៖ «ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ បុគ្គលិកទាំងអស់ត្រូវបានស្នើឲ្យសម្រាក មិនបាច់មកធ្វើការទេ។ ម្យ៉ាងវិញទៀត សណ្ឋាគារបានចាត់តាំងការិយាល័យមេធាវី អេចប៊ីអេស (HBS) ឲ្យទទួលដោះស្រាយនូវដំណើរការនៃការបិទសណ្ឋាគារនេះ រួមទាំងគិតគូរដោះស្រាយពីអត្ថប្រយោជន៍របស់បុគ្គលិកទាំងអស់ទៅតាមផ្លូវច្បាប់ជាធរមាន»។
លិខិតជូនដំណឹងនេះមិនបានបញ្ជាក់ថាតើសណ្ឋាគារនេះក្ស័យធនឬយ៉ាងណា ហើយសណ្ឋាគារនេះនឹងត្រូវផ្លាស់ប្តូរទៅជាបែបណាបន្តទៀតនោះទេ។
VOA មិនអាចសុំការឆ្លើយតបពីលោក Chakrapong Paladsongkram អ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារបាននៅឡើយទេ។
នៅរសៀលថ្ងៃចន្ទនេះ សណ្ឋាគារលំដាប់ផ្កាយ៥ ដែលជាកន្លែងប្រជុំអាស៊ានពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០០២ នៅពេលនេះ ប្រែជាស្ងប់ស្ងាត់លែងមានដំណើរការ ដោយមានរបងស័ង្កសីពណ៌ខៀវព័ទ្ធពីក្រៅរបងសណ្ឋាគារនិងមានសន្តិសុខពីរបីនាក់យាមនៅខាងក្រោយសណ្ឋាគារ។
លោក ជា ប៊ុនថន អ្នកគ្រប់គ្រងផ្នែកធនធានមនុស្សនៅសណ្ឋាគារ The Great Duke សុំមិនធ្វើអត្ថាធិប្បាយដោយគ្រាន់តែប្រាប់ថា សណ្ឋាគារនឹងបិទជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ។
ខណៈពេលដែលសណ្ឋាគារប្រកាសបិទទ្វារ ក្រុមបុគ្គលិកដែលធ្វើការនៅទីនោះជាង១០០នាក់បាននាំគ្នាទាមទារឲ្យសណ្ឋាគារផ្តល់ប្រាក់សំណងដែលពួកគេបានធ្វើការជាច្រើនឆ្នាំមក។
អ្នកស្រី អ៊ិន សុវណ្ណារ៉ា អាយុ៤៧ឆ្នាំ អតីតបុគ្គលិកសណ្ឋាគារផ្នែករៀបចំបន្ទប់ មានប្រសាសន៍ថា អ្នកស្រីបានធ្វើការនៅទីនោះប្រមាណជា២៣ឆ្នាំ ចាប់តាំងពីសណ្ឋាគារនោះនៅជាឈ្មោះInterContinental និងប្តូរមកជា The Great Duke។ អ្នកស្រីបន្តថា ចាប់តាំងពីសណ្ឋាគារប្តូរឈ្មោះ អ្នកស្រីឃើញថាភ្ញៀវមានការធ្លាក់ចុះជាងមុន តែអ្នកស្រីមិនបានដឹងពីមូលហេតុនោះទេ។
លោក ទូច កុសល ដែលជាតំណាងឲ្យបុគ្គលិកសណ្ឋាគារ The Great Duke ប្រាប់ VOA នៅថ្ងៃចន្ទនេះថា ក្រោយការប្តូរឈ្មោះ តម្លៃបន្ទប់នីមួយៗត្រូវឡើងថ្លៃខ្លាំង៖
«នៅពេលដែលទម្លាក់ស្លាក InterCon ហ្នឹងចេញ Brand[យីហោ] សណ្ឋាគារ International [អន្តរជាតិ] ហ្នឹងចេញ មកដាក់ឈ្មោះ Local [តំបន់] ប៉ុន្តែតម្លៃបន្ទប់វាទៅជាឡើងថ្លៃមួយជាពីរ។ ដែលកន្លែងហ្នឹងខ្ញុំគិតថា វាមិនមែនបញ្ហាចោទមកពីភ្ញៀវទេ វាអាចជាបញ្ហាអីដែលមិនអាចស្មានដល់។ ហើយតាមព័ត៌មានថា លក់ឲ្យអ្នកនេះ លក់ឲ្យអ្នកនោះ ខ្ញុំថា អាចបញ្ហាហ្នឹងមែនក៏មិនដឹងដែរ ព្រោះថាបើសិនជាសណ្ឋាគារនេះចង់លក់មែន បើតម្លៃបន្ទប់ដូចដើម វាមិនខ្វះទេភ្ញៀវស្នាក់នៅ»។
លោក ទូច កុសល បន្ថែមថា បុគ្គលិកដែលបម្រើការទីនោះមានចំនួនប្រមាណជា១៥០នាក់ បានចាប់ផ្តើមតវ៉ាតាំងពីខែកក្កដា ដោយសារសណ្ឋាគារមិនបើកប្រាក់អតីតភាពឲ្យបុគ្គលិក ក្រោយមកក៏មានបញ្ហាយឺតយ៉ាវក្នុងការបើកប្រាក់ខែ ដោយមិនមានការជូនដំណឹងណាមួយនោះទេ។
លោកបញ្ជាក់ថា៖ «ពួកគាត់ [បុគ្គលិក] បានរៀបចំឯកសារអស់ហើយ រង់ចាំតែថ្ងៃស្អែកទេ បើអត់មានចំណាត់ការ អត់មានដំណោះស្រាយ ហើយមេធាវីហ្នឹងអត់ព្រមជួបតំណាងរបស់គាត់ដែលជាសហជីពហ្នឹង ពួកគាត់នឹងធ្វើការតវ៉ាទៅដល់ក្រសួង ឬក៏ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី»។
លោក លី តៃសេង មេធាវីដែលត្រូវបានប្រគល់សិទ្ធិដោយសណ្ឋាគារ The Great Duke ដើម្បីដោះស្រាយជាមួយបុគ្គលិក បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយលើកឡើងថា ការនិយាយទូរស័ព្ទជាមួយអ្នកសារព័ត៌មាន ខុសទៅនឹងវិជ្ជាជីវៈរបស់មេធាវី។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ប្រាប់ VOAថា លោកមិនទាន់ទទួលបានព័ត៌មានណាមួយពីសណ្ឋាគារ The Great Duke ពាក់ព័ន្ធនឹងការបិទទ្វារនៅឡើយ។ លោកបន្ថែមថា កន្លងមក មានបញ្ហាភ្ញៀវទេសចរណ៍ធ្លាក់ចុះនៅខេត្តសៀមរាប បានបង្កឲ្យប៉ះពាល់ដល់ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួននៅទីនោះ ប៉ុន្តែលោកថា សម្រាប់ទេសចរណ៍នៅរាជធានីភ្នំពេញ មិនមែនជាបញ្ហាចោទនោះទេ។
អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែមថា៖ «អាចថាជាការប្រកួតប្រជែងក្នុងមុខជំនួញរបស់គាត់ ជួនកាលម្ចាស់សណ្ឋាគារគាត់មានបញ្ហាអីមួយ ជាពិសេសពាក់ព័ន្ធនឹងការវិនិយោគរបស់គាត់អីអញ្ចឹងទៅ អាហ្នឹងវាជារឿងធម្មតាទេ ប៉ុន្តែទាក់ទងលើរឿងការអភិវឌ្ឍវិស័យទេសចរណ៍ វិស័យសណ្ឋាគារនេះ យើងមិនមានបញ្ហាទេ»។
បើតាមលោក តុប សុភ័ក នៅរាជធានីភ្នំពេញមានសណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន៧ ហើយនេះគឺជាលើកទីមួយ ដែលសណ្ឋាគារលំដាប់ផ្កាយ៥ត្រូវបិទទ្វារនៅរាជធានីភ្នំពេញ៕