ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​​ហ្វីលីពីន​ឈ្នះ​ការ​ប្រកួត​ប្រជែង​បច្ចេកវិទ្យា​និង​សហគ្រិន​ GISTTech I​ ប្រចាំ​ឆ្នាំ​២០១៥


នេះ​ជា​រូបថត​ពី​គេហទំព័រ YouTube ដែល​បង្ហាញ​កម្មវិធី Sari របស់​លោក Ibrahim Bernado មក​ពី​ប្រទេស​ហ្វីលីពីន​​ដែល​បាន​​ឈ្នះ​រង្វាន់​ការ​ប្រកួត GIST។
នេះ​ជា​រូបថត​ពី​គេហទំព័រ YouTube ដែល​បង្ហាញ​កម្មវិធី Sari របស់​លោក Ibrahim Bernado មក​ពី​ប្រទេស​ហ្វីលីពីន​​ដែល​បាន​​ឈ្នះ​រង្វាន់​ការ​ប្រកួត GIST។

លោក Ibrahim Bernado បាន​បង្កើត​កម្មវិធី​​ Sari ដែល​ផ្ដល់​អំណាច​ដល់​សហគ្រាស​ខ្នាត​តូច​​តាម​រយៈ​ប្រតិបត្តិករ​ទទួល​បាន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​និង​ការ​តភ្ជាប់​ទីផ្សារ។

បេក្ខជន​ហ្វីលីពីន​មួយ​រូប​បាន​ឈ្នះ​ការ​ប្រកួត​ប្រជែង​បច្ចេកវិទ្យា​និង​សហគ្រិន​ដែល​ឈ្មោះ​ថា GISTTech I Competition ប្រចាំ​ឆ្នាំ​២០១៥​នៅ​ប្រទេស​កេនយ៉ា ពី​ក្នុង​ចំណោម​បេក្ខជន​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចំនួន​៧៦​រូប។

លោក Ibrahim Bernado មក​ពី​ប្រទេស​ហ្វីលីពីន​បានឈ្នះ​ពាន​រង្វាន់​ល្អ​បំផុត​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ (ICT) ​ដោយ​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ​ដែល​មាន​ឈ្មោះ​ថា​ Sari។ កម្មវិធី Sari គឺ​ជា​គម្រោង​ដែល​ផ្ដល់​អំណាច​ដល់​សហគ្រាស​ខ្នាត​តូច​ ដូច​ជា​ហាង​ Sari Sari ឬ​ហាង​លក់​គ្រឿង​ទេស​តាម​រយៈ​ប្រតិបត្តិករ​ទទួល​បាន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​និង​ការ​តភ្ជាប់​ទីផ្សារ។

កិច្ចប្រជុំ​កំពូល​សហគ្រិន The Entrepreneur Summit និង​ការ​ប្រកួត​ប្រជែង​បច្ចេកវិទ្យា​ និង​សហគ្រិន​ GISTTech Iនៅ​ឆ្នាំ​នេះ​ត្រូវ​បាន​ប្រារព្ធ​នៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី​ ប្រទេស​ កេនយ៉ា​ពី​ថ្ងៃ​ទី ​២៥​ និង​២៦ ខែ​កក្កដា ឆ្នាំ ២០១៥ កន្លង​ទៅ​នេះ។ វា​ជា​ការប្រកួត​ប្រជែង​បច្ចេកវិទ្យាប្រចាំ​ឆ្នាំ​ សម្រាប់​សហគ្រិន​ខាង​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​មក​ពី​ប្រទេស​ដែល​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ​នៅ​ទូទាំង​ពិភពលោក។

ការ​ប្រកួត GISTTech I មាន​គោល​បំណង​ដើម្បី​ផ្ដល់​សិទ្ធិ​អំណាច​ដល់​យុវជន​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក​អាស៊ី​ អាមេរិកឡាទីន​ និង​តំបន់​មជ្ឈិម​បូព៌ា​ដើម្បី​អភិវឌ្ឍ​ផលិតផល​បច្ចេកវិទ្យា​ដែល​មាន​មូលដ្ឋាន​ថ្មី​និង​ក្រុម​ហ៊ុន​ដែល​អាច​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​តាម​រយៈ​ការ​ប្រកួត​ប្រជែង ​ការចាប់ផ្ដើម​និង​ការ​ភ្ជាប់​ទំនាក់​ទំនង​បច្ចេកវិទ្យា។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យាស្ថាន​សង្គម​អាស៊ី ឬ Asia Society លោក Ibrahim Benardo បាន​និយាយ​ថា៖ «នៅ​ក្នុង​ទ្រង់​ទ្រាយ​នោះ​យើង​នឹង​មាន​វេទិកា​មួយ​ដែល​អាច​ធ្វើ​បាន​ច្រើន​ដើម្បី​ ជួយ​ហាងលក់​គ្រឿង​ទេស Sari Sari។ ហើយ​ វា​អាច​ជួយ​សហគមន៍​ទាំង​មូល»។

លោក Ibrahim Benardo ស្ថិត​នៅ​ក្នុង​ចំណោម​បេក្ខជន​ចំនួន​ប្រាំពីរ​រូប​ដែល​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ ​ដែល​រួម​មាន​ប្រទេស​ឥណ្ឌូនេស៊ី​ ហ្វីលីពីន​ និង​ វៀតណាម។ បេក្ខជន​ពីរ​រូបដែល​មក​ពី​ប្រទេស​ហ្វីលីពីន​ ​ជា​អ្នក​បាន​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​និង​ម្នាក់ទទួល​បាន​ពាន់​រង្វាន់​នៅ​វគ្គ​ចុង​បញ្ចប់។

នៅ​ឆ្នាំ​នេះ​អ្នក​ឈ្នះ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ទៀតគឺ​មក​ពី​ប្រទេស​ នីហ្សេរីយ៉ា​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ បុតស្វាណា ម៉ាឡាវី​ អ៊ូហ្គង់ដា ​ស៊ីលី​ ម៉ិកស៊ិក​ ប៉ាគីស្ថាន​ ហ្វីលីពីន​ និង​ ប្រទេស​បង់ក្លាដេស។

លោក Ibrahim Bernado និង​សហគ្រិន​វ័យ​ក្មេង​ដទៃ​ទៀតដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ​ បាន​ក្លាយ​ជា​គំរូ​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួក​គេ​ ហើយ​បាន​បង្កើត​ការ​ច្នៃប្រឌិត​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​គាំទ្រ​ដល់​សហគមន៍​និង​ប្រទេស​របស់​ពួក​គេ។ កម្មវិធី GIST បាន​ភ្ជាប់​យុវជន​ជាង​ ២, ៥​លាន​នាក់​ជាមួយ​នឹង​ធនធាន​សហគ្រិនភាព ​តាម​រយៈ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិក៕

XS
SM
MD
LG