ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Google បើក​មណ្ឌល​បច្ចេកវិទ្យា​ទំនើប​ដំបូង​ប្រចាំ​អាស៊ី​នៅ​កូរ៉េ


បុរស​ពីរ​នាក់​ពិភាក្សា​នៅ​មុខ​ច្រក​ចូល​មណ្ឌល Google Campus នៅ​សង្កាត់ Gangnam ក្នុង​ទី​ក្រុង​​សេអ៊ូល​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៥។
បុរស​ពីរ​នាក់​ពិភាក្សា​នៅ​មុខ​ច្រក​ចូល​មណ្ឌល Google Campus នៅ​សង្កាត់ Gangnam ក្នុង​ទី​ក្រុង​​សេអ៊ូល​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃ​សុក្រ​នេះ​ ក្រុមហ៊ុន​អ៊ីនធឺណិត Google ​បាន​បើក​សម្ពោធ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា (Google Campus) របស់​ខ្លួន​ទី​មួយ​នៅ​អាស៊ី​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ក្នុង​គោល​បំណង​គាំទ្រ​សហគ្រិន​ពាណិជ្ជកម្ម​បង្កើត​ថ្មីៗ​ (start-up) តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​ ក្រុមហ៊ុន​ Google ​សង្ឃឹម​ថា ការ​មក​ដល់​នៃ​មជ្ឈមណ្ឌល​ថ្មី​នេះ​នឹង​ជួយ​ជ្រោមជ្រែង​កម្មវិធី​បច្ចេកវិទ្យា​ជាន់​ខ្ពស់​របស់​ប្រទេស​កូរ៉េ​ឲ្យ​ចូល​ទីផ្សារ​ពិភពលោក​ ហើយ​ក៏​ជា​ឱកាស​មួយ​ផង​ដែរ​ដល់​ក្រុមហ៊ុន​ Google ​ក្នុង​ការ​ចូល​ទីផ្សារ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។​

បើ​ប្រៀបធៀប​ជាមួយ​នឹង​អគារ​ដ៏​ធំ​ស្កឹមស្កៃ​និង​ប្រកប​ដោយ​បរិវេណ​មាន​រុក្ខជាតិ​ខៀវ​ស្រងាត់​របស់​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន ​Google​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ Silicon​ Valley​ នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​នោះ​ អគារ​នៃ​មជ្ឈមណ្ឌល​នៅ​ឯ​ទីក្រុង​សេអ៊ូល​មាន​ទំហំ​តូចតាច​តែ​ប៉ុណ្ណោះ។​

មជ្ឈមណ្ឌល​សាខា​នៅ​ឯ​ទីក្រុង​សេអ៊ូល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ស៊ីវីល័យ​ Gangnam​ និង​មាន​ទំហំ​២.០០០​ម៉ែត្រ​ការ៉េ​សម្រាប់​ឲ្យ​សហគ្រិន​ខាង​អ៊ីនធឺណិត​របស់​កូរ៉េ​ធ្វើ​ការងារ។​

ប៉ុន្តែ​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន ​Google​ ចំពោះ​អគារ​នេះ​គឺ​លើស​ពី​ទំហំ​អគារ។​ ក្រុមហ៊ុន​ Google ​មានគោលបំណង​ចង់​ឲ្យ​ការ​បើក​សាខា​នៅ​ប្រទេស​កូរ៉េ​នេះ​គឺ​ជា​កន្លែង​បណ្តុះ​គំនិត​នៃ​ការ​បង្កើត​ថ្មីៗ​ថ្មី​មួយ​នៅ​អាស៊ី។​

លោកស្រី​ Mary Grove​ នាយក​កម្មវិធី Google for Entrepreneurs សម្រាប់​សហគ្រិនថ្លែង​ថា នៅឯ​មជ្ឈមណ្ឌល​ក្រុង​សេអ៊ូល​នេះ នឹង​មាន​ផ្តល់​នូវ​ការ​ជំរុញ​លើក​ទឹកចិត្ត ​ការ​ណែនាំ​ ការ​ផ្តល់​នូវ​ឱកាស​ក្នុង​ការ​ពង្រីក​បណ្តាញ​ទំនាក់ទំនង​ និង​ជួយ​នាំ​មក​នូវ​អ្នក​វិនិយោគ​ដល់​អ្នក​បង្កើត​កម្មវិធីតាម​ប្រព័ន្ធ​អ៊ីនធឺណិត។​ បរិយាកាស​ប្រកប​ដោយ​ការ​គាំទ្រ​ដោយ​ឥត​គិត​ថ្លៃ​នេះ​នឹង​ជួយ​ដល់​ក្រុមហ៊ុន​ Google ​ក្នុង​ការ​ចូល​ទីផ្សារ​ប្រទេស​កូរ៉េ​ផង​ដែរ។​

លោកស្រី​ Mary Grove​ ថ្លែង​ថា៖ ​«ក្រុមហ៊ុន​ Google ​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ពេល​ណា​ពាណិជ្ជកម្ម​បង្កើត​ថ្មីៗ​ទាំង​នោះ​ទទួល​បាន​ភាព​ជោគជ័យ​ផង​ដែរ។​ ពួក​យើង​យល់​ថា​ នៅ​ពេល​ដែល​មាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​បង្កើត​ថ្មីៗ​កាន់​តែ​ច្រើន​ឡើង​នោះ​ នឹង​មាន​ក្រុមហ៊ុន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ អ្នក​ប្រើប្រាស់​ផលិតផល​របស់ ​Google​ ក៏​កាន់​តែ​មាន​ច្រើន​ឡើង​ផង​ដែរ។ ​គឺ​វា​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ Google ​ផង​ដែរ‍»។​

ប្រទេស​កូរ៉េ​ខាង​ត្បូង​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ពីរ​បី​ប៉ុណ្ណោះ​ដែល​គេហទំព័រ​ Google​ ពុំ​មែន​ជា​គេហទំព័រ​កំពូល​ដែល​ត្រូវ​គេ​ប្រើប្រាស់​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​នោះ​ទេ។​ ក្រុមហ៊ុន​កូរ៉េ ​Naver​ នោះ​ទេ​ដែល​គ្រប់គ្រង​ទី​ផ្សារ​ប្រទេស​កូរ៉េ។​

ក្រុមហ៊ុន ​Google​ មាន​អគារ​ Campus ស្រដៀង​នេះ​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៍ (ចក្រភព​អង់គ្លេស) ​និង​ទីក្រុង​Tel Aviv​ (អ៊ីស្រាអែល) ប៉ុន្តែ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុមហ៊ុន​ Google ​មានមជ្ឈមណ្ឌល Campus ​នៅ​ក្នុង​ទ្វីប​អាស៊ី៕

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG