មានការព្រួយបារម្ភកាន់តែច្រើនឡើង អំពីការប្រយុទ្ធគ្នានៅក្នុងរដ្ឋ Shan នៃប្រទេសមីយ៉ាន់ម៉ា (ភូមា) ដែលនៅទីនោះ ក្បួនរថយន្តមួយរបស់កាកបាទក្រហម ដែលនាំជនស៊ីវិលទៅកាន់កន្លែងមានសុវត្ថិភាព បានទទួលរងការវាយប្រហារ កាលពីថ្ងៃអង្គារ។ មិនយូរប៉ុន្មានក្រោយមក លោកប្រធានាធិបតីភូមា ធេន សេន បានប្រកាសដាក់តំបន់នោះស្ថិតនៅក្នុងស្ថានភាពមានអាសន្ន ហើយប្រើច្បាប់អាជ្ញាសឹក។ សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សប្រមាណ ៥ម៉ឺននាក់ បានរត់គេចពីអំពើហិង្សាដោយឆ្លងកាត់ព្រំដែនទៅប្រទេសចិន ដែលជាប្រទេសជិតខាង។
ក្បួនរថយន្តកាកបាទក្រហមបាននាំជនភៀសខ្លួនច្រើនជាង១០០នាក់ចេញពីកន្លែងមានជម្លោះទៅកាន់កន្លែងសុវត្ថិភាព ប៉ុន្តែត្រូវបានរងការវាយប្រហារទោះបីជាខ្លួនបានបង្ហាញទង់កាកបាទក្រហមយ៉ាងច្បាស់ក៏ដោយ។
លោកបណ្ឌិត Tha Hla Shwe នាយកអង្គការ Myanmar Red Cross Society បាននិយាយថា វាមិនទាន់ច្បាស់នោះទេថា នរណាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ គាត់បន្តថា មិនមានប្រតិបត្តិការយោធារបស់ភូមានៅទីនោះទេនៅពេលដែលមានការវាយប្រហារ។
«អ្នកស្ម័គ្រចិត្តរបស់យើងចំនួនពីរនាក់បានរងរបួស ដោយម្នាក់របួសត្រង់ក្បាល និងម្នាក់ទៀតរបួសត្រង់ពោះ ហើយអ្នកទាំងពីរត្រូវបានមើលថែនៅមន្ទីរពេទ្យក្នុងក្រុងមួយ។ ពួកគេនិយាយថាស្ថានភាពនៅពេលនេះមានលំនឹងល្អ ប៉ុន្តែយើងពិតជាសោកស្តាយយ៉ាងខ្លាំងដែលអ្នកស្ម័គ្រចិត្តរបស់យើងទទួលរងរបួសនៅក្នុងការវាយប្រហារ ពីព្រោះថាយើងគ្រាន់តែបំពេញការងារមនុស្សធម៌ ដោយមានអាវកាកបាទក្រហម ហើយខ្ញុំគិតថាពួកគេគួរតែទទួលបានការការពារទៅវិញ»។
ក្រសួងព័ត៌មានរបស់ភូមាបានបន្ទោសក្រុមបះបោរចំពោះការវាយប្រហារនេះ ហើយអ្នកនាំពាក្យរបស់ប្រធានាធិបតី លោក Ye Htut បានស្នើសុំឲ្យរដ្ឋាភិបាលក្រុងប៉េកាំងរារាំងមន្រ្តីក្នុងតំបន់ដែលជួយដល់ក្រុមបះបោរ។
ការវាយប្រហារបានចាប់ផ្តើមកាលពីថ្ងៃទី៩ ខែកុម្ភៈ នៅពេលដែលសម្ព័ន្ធនៃក្រុមប្រដាប់អាវុធដែលមានដូចជាកងទ័ព Myanmar Nationalities Democratic Alliance Army បានធ្វើការវាយប្រហារទៅលើមូលដ្ឋានរបស់យោធាភូមាជាច្រើនកន្លែង ក្នុងកិច្ចប្រឹងប្រែងដើម្បីយកទឹកដីដែលបាត់បង់កាលពីជម្លោះឆ្នាំ២០០៩មកវិញ។ ក្រុមយោធា MNDAA គឺជាយោធារបស់ជនជាតិភាគតិច Kokang ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Peng Jiasheng ដែលដឹកនាំតំបន់ស្វយ័ត Kokang រហូតដល់ពេលកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលចុះហត្ថលេខានៅឆ្នាំ១៩៨៩ ត្រូវបានបំពាន។ គេជឿថា លោកកំពុងរស់នៅដោយនិរទេសនៅក្នុងប្រទេសចិនក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ។
ក្រុម Kokang បាននិយាយថាពួកគេសង្ឃឹមថានឹងមានការវិលត្រឡប់មកវិញនូវការដឹកនាំដោយស្វ័យភាព ហើយពួកគេមិនសប្បាយចិត្តចំពោះការដាក់ឲ្យប្រើច្បាប់អាជ្ញាសឹកនោះទេ។
សារព័ត៌មានរបស់រដ្ឋាភិបាលភូមាដែលមានឈ្មោះថា The Global New Light of Myanmar បានរាយការណ៍កាលពីថ្ងៃអង្គារថា លោកប្រធានាធិបតី ធេន សេន សន្យាថាមិនឲ្យបាត់បង់ទឹកដីមួយអ៊ីញ (រង្វាស់ប្រវែងម្យ៉ាង) នោះទេ ហើយថានឹងការពារអធិបតេយ្យភាព។ កងទ័ពនៅតែបន្តកាន់កាប់ ក្រុង Laukkai ដែលជាអតីតរដ្ឋធានីរបស់តំបន់ស្វយ័តមួយនោះ។ យុទ្ធជនរបស់ក្រុមសម្ព័ន្ធបះបោរបានរាយការណ៍ពីការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយយោធាភូមាតាមឧទ្ធម្ភាគចក្រ។
យោធាភូមាជាង៥០នាក់និងជនសកម្មប្រយុទ្ធ២៦នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានគេសម្លាប់។
នៅសប្តាហ៍នេះ ប្រទេសចិនបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធនៅក្នុងជម្លោះនេះឲ្យមានភាពអត់ធ្មត់។ អាជា្ញធរនិយាយថាពួកគេកំពុងជួយជនស៊ីវិលដែលបានភៀសខ្លួនពីអំពើហិង្សាឆ្លងព្រំដែន។
លោក Anthony Davis អ្នកវិភាគផ្នែកយោធានៅក្នុងតំបន់និយាយថា ឧបទ្ទវហេតុនេះមានផលប៉ះពាល់ចំពោះទំនាក់ទំនងទ្វេភាគីចិននិងភូមា។ ផ្នែកមួយនៃមូលហេតុនេះគឺថាក្រុម Kokang ត្រូវបានគេចាត់ទុកជាជនជាតិភាគតិចរបស់ចិន។
«ប្រទេសចិនមានការចាប់អារម្មណ៍ពីស្ថេរភាពព្រំដែន។ មានជនភៀសខ្លួន Kokang ត្រកូល Hanចិនរាប់ពាន់នាក់កំពុងតែសម្រុកចូលទៅក្នុងប្រទេសចិន ហើយជនជាតិចិនមានការខឹងសម្បារចំពោះរឿងនេះ។ ជនជាតិភូមាកំពុងសន្និដ្ឋានថា ចិនមានជាប់ពាក់ព័ន្ធទៅនឹងអ្វីដែលមន្រ្តីជាន់ខ្ពស់របស់ភូមាយ៉ាងតិចម្នាក់ បានហៅនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមថា ជាការឈ្លានពានរបស់ចិន ដែលធ្វើឲ្យជនជាតិចិនមានការខឹងសម្បារនឹងការហៅបែបនេះ។ អញ្ចឹងហើយបានជាប្រទេសភូមាខឹងសម្បារនឹងប្រទេសចិន ហើយប្រទេសចិនខឹងសម្បារនឹងភូមានោះ។ ដូច្នេះ អ្នកអាចនិយាយបានថាផលប៉ះពាល់នៃការវាយប្រហារទៅលើជនជាតិភាគតិច Kokang មានសភាពធ្ងន់ធ្ងរ យ៉ាងហោចណាស់ក៏នៅក្នុងរយៈពេលខ្លីដែរ»។
លោក Davis និយាយថាការវាយប្រហារដែលបណ្តាលឲ្យមានមនុស្សស្លាប់កាលពីថ្ងៃទី១៩ ខែវិចិ្ឆកា ទៅលើបណ្ឌិតសភារបស់កងយោធាឯករាជ្យរបស់ក្រុម Kachin ហៅ Kachin Independence Army គឺជាកាតាលីករសម្រាប់ជម្លោះនាពេលបច្ចុប្បន្ន ហើយបានបើកចំហឲ្យមានការបញ្ចេញកម្លាំងនៃក្រុមសម្ព័ន្ធជាច្រើនដែលធ្វើការហ្វឹកហាត់នៅទីនោះ។ លោកបានលើកឡើងផងដែរថា ទំហំនៃការវាយប្រហារផ្សេងៗ បានធ្វើឲ្យកម្លាំងទ័ពប្រទេសភូមាមានការលំបាកលើសលប់ និងបានបង្ហាញអំពីភាពខ្វះខាតនៅក្នុងផ្នែកព័ត៌មានស៊ើបការណ៍ និងវិធីសាស្រ្តប្រយុទ្ធ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ