យុវតី រ៉ូ ម៉ាម៉ន់ បានបង្ខំចិត្តបោះបង់ការសិក្សាចោលរយៈពេលមួយឆ្នាំ ដោយសារជីវភាពក្រីក្រផង ការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនផង និងដោយសារសាលារៀនមានទីតាំងឆ្ងាយពីផ្ទះផង។
ប៉ុន្តែ យុវតី វ័យ១៤ឆ្នាំរូបនេះ ដែលរស់នៅក្នុងភូមិយឺន ឃុំកក់ ស្រុកបរកែវនៃខេត្តរតនគិរីនេះ បានសម្រេចចិត្តត្រឡប់ចូលថ្នាក់រៀនវិញ ក្រោយពីមានសាលាសហគមន៍មួយដែលទើបហ្នឹងសាងសង់ថ្មី នៅជិតផ្ទះរបស់ខ្លួន។
បច្ចុប្បន្នជាសិស្សថ្នាក់ទី៣ នៃសាលាបឋមសិក្សាសហគមន៍នេះ យុវតី រ៉ូ ម៉ាម៉ន់ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយVOA កាលពីពេលថ្មីៗនេះថា៖
«ប្រហែលជាអត់រៀនទេមើលទៅ បើអត់មានសាលាសហគមន៍។ កាលរៀននៅភូមិធំ ខ្ញុំឈប់ដោយសារខ្ញុំខ្លាចជិះម៉ូតូ ខ្លាចជួបគ្រោះថ្នាក់អី ព្រោះនៅកន្លែងហ្នឹងឆ្ងាយ»។
កុមារក្រីក្រកម្ពុជាដែលរស់នៅក្នុងតំបន់ដាច់ស្រយាលនៃខេត្តរតនគិរីនេះ ងាយប្រឈមនឹងការបោះបង់ការសិក្សារបស់ពួកគេចោល បើធៀបទៅនឹងកុមារដែលរៀននៅឯទីរួមខេត្ត ឬទីប្រជុំជនដទៃទៀត។
ជាក់ស្ដែង សិស្សក្រីក្រជនជាតិដើមភាគតិចនៅក្នុងភូមិយឺននេះ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី ភាគច្រើនធ្លាប់បោះបង់ការសិក្សាចោលម្ដងរួចហើយ ដោយសារតែសាលារៀន នៅឆ្ងាយពីផ្ទះរបស់ពួកគេពេក។ នេះបើយោងតាមអ្នកភូមិនេះ។
ប៉ុន្តែ ស្ថានភាពនេះ បានចាប់ផ្ដើមផ្លាស់ប្ដូរ នៅពេលដែលសាលាសហគមន៍មួយឈ្មោះថា «សាលាបឋមសិក្សាយឺនចាស់» ត្រូវបានសាងសង់ឡើង ដោយប្រជាពលរដ្ឋនៅក្នុងភូមិយឺននេះ។
លោកស្រី ខ្វាយ ផែត វ័យ៤១ឆ្នាំ ជាអ្នកភូមិនៅទីនេះ ដែលមានកូន២នាក់ និងចៅ៣នាក់ កំពុងសិក្សាក្នុងសាលាសហគមន៍នេះ រៀបរាប់ថា ដូចយុវតី រ៉ូ ម៉ាម៉ន់ដែរ កូនៗរបស់លោកស្រីក៏បានសម្រេចបោះបង់ការសិក្សាចោល មុនពេលមានសាលាសហគមន៍នេះ ដោយសារសាលាដែលមានស្រាប់ មានទីតាំងឆ្ងាយពីផ្ទះ។
«ទៅរៀននៅនោះ វាឆ្ងាយ។ សាលានោះឆ្ងាយ ពិបាកអត់ម៉ូតូ អត់លុយចាក់សាំង រៀននៅនេះ បើមានលុយ អត់លុយអី អាចទៅហូបបាយនៅផ្ទះ។ ឆ្ងាយពិបាកអត់ម៉ូតូ អត់លុយចាក់សាំង បានកូនឈប់រៀន នឹកឃើញម៉ែវាអត់»។
លោកស្រី ខ្វាយ ផែត ដែលខ្លួនឯងផ្ទាល់មិនបានទទួលការសិក្សាកាលពីកុមារភាពនោះ ចង់ឃើញកូន និងចៅរបស់ខ្លួន ក្លាយជាអ្នករៀនសូត្រឲ្យបានខ្ពស់ យ៉ាងហោចណាស់ក៏ដល់ថ្នាក់ទី៩ដែរ។
«ប្រយោជន៍ដល់កូនចៅ ធ្វើការអត់កើតក៏ដោយ ឲ្យតែមានតម្រិះវិជ្ជា ឲ្យមានគំនិតរកស៊ីមានបានតទៅមុខ ចិញ្ចឹមក្រពះខ្លួនឯង។ បើយើងក្រអត់ឆ្អែតទេ នៅក៏មិនសុខ មិនសប្បាយដូចគេដែរ»។
ការសិក្សាមួយរបស់អង្គការយូនីសេហ្វ បង្ហាញថា កុមារកម្ពុជាដែលបានចូលរៀនថ្នាក់ទី១ហើយនោះ មានតែ៣១%ប៉ុណ្ណោះដែលអាចបន្តការសិក្សារហូតបញ្ចប់ថ្នាក់ទី៩។
អង្គការនេះ ក៏រកឃើញដែរថា ក្នុងចំណោមឧបសគ្គសំខាន់ៗមួយចំនួន ដែលរារាំងកុមារ មិនឲ្យទទួលបានការសិក្សានោះដូចជា ការធ្វើចំណាកស្រុករបស់ក្រុមគ្រួសារ ការជួយធ្វើកិច្ចការងារផ្ទះ ឬត្រូវធ្វើការ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារជាដើមនោះ កត្តាសាលារៀនដែលមានចម្ងាយឆ្ងាយពីផ្ទះនេះ ក៏ជាឧបសគ្គចម្បងផងដែរ។
លោក ម៉ាន ប៊ុនឈឿន វ័យ២៦ឆ្នាំ ជាគ្រូបង្រៀន និងជាគណៈគ្រប់គ្រងនៃ«សាលាបឋមសិក្សាយឺនចាស់» ឲ្យដឹងថា ការសាងសង់សាលាសហគមន៍ដែលនៅជិតផ្ទះនេះ អាចជួយកាត់បន្ថយចំនួនអ្នកមិនចេះអក្សរក្នុងភូមិ និងជួយឲ្យកុមារដែលធ្លាប់បោះបង់ការសិក្សាអាចចូលរៀនវិញបាន។
«សាលាសហគមន៍ វាផ្ដល់សារៈសំខាន់ខ្លាំងដល់ក្មេងដែលបោះបង់ការសិក្សាពីមុន។ អញ្ចឹងគ្រួសារខ្លះខ្វះលទ្ធភាពបញ្ជូនកូនទៅរៀន។ អញ្ចឹង នៅពេលបង្កើតសាលាសហគមន៍ សាលានេះនៅជិតផ្ទះ អញ្ចឹងគ្នាអាចទៅមកស្រួល អត់មានបញ្ហា ចំណាយលើមធ្យោបាយធ្វើដំណើរ»។
សាលាបឋមសិក្សាយឺនចាស់ ដែលមាន២បន្ទប់នេះ ត្រូវបានសាងសង់ឡើងដោយអ្នកភូមិយឺន នេះក្នុងឆ្នាំ២០១៥ ក្រោមការផ្ដួចផ្ដើមគំនិតដោយអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូពាក់ព័ន្ធ។
សាលាសហគមន៍ ដែលមានបន្ទប់ឈើមួយ និងបន្ទប់ធ្វើពីតង់មួយនេះ បច្ចុប្បន្នបានផ្ដល់ការសិក្សា ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ដល់និស្សិតក្រីក្រជនជាតិដើមភាគតិចចំនួន៩១នាក់។
លោក ផែន ប៊ុនធឿន ប្រធានប្រតិបត្តិអង្គការភ្លែនអន្តរជាតិកម្ពុជាប្រចាំខេត្តរតនគិរី លើកឡើងថាអង្គការភ្លែន និងដៃគូ បានផ្ដួចផ្ដើមគំនិតឲ្យប្រជាពលរដ្ឋក្នុងសហគមន៍រួមគ្នាសាងសង់សាលាសហគមន៍នេះឡើង ព្រមទាំងជួយប្រមូលសម្ភារៈសិក្សាសម្រាប់កុមារដូចជា តុ កៅអី និងក្ដារខៀនជាដើម។
រីឯ ប្រាក់ខែគ្រូបង្រៀនសម្រាប់សាលាសហគមន៍នេះ លោកថា គឺនេះជាបន្ទុករបស់រដ្ឋាភិបាល។
«សិស្សទាំងអស់គឺបោះបង់ការសិក្សា ចឹងអត់មានសាលារៀន។ ចឹងជំហានដំបូងគឺធ្វើយ៉ាងម៉េចឲ្យមានសាលាសិន។ សាលាដែលបានសាងសង់មួយបន្ទប់គឺ មិនអាចទទួលសិស្សអស់។ ហេតុនេះហើយ ដើម្បីដោះស្រាយបណ្ដោះអាសន្ន យើងត្រូវធ្វើតង់ដើម្បីស្រូបយកសិស្សឲ្យបានរៀនសិន ព្រោះសិស្សចង់រៀន ហើយសហគមន៍ចង់ឲ្យកូនគាត់មានសាលារៀន»។
លោក ផែន ប៊ុនធឿន យល់ថាការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋក្នុងសហគមន៍ ចំពោះការសាងសង់សាលាសហគមន៍ក្នុងតំបន់ដាច់ស្រយាល ដូចជា សាលាបឋមសិក្សាយឺនចាស់នេះ គឺជាគំរូល្អមួយ ដែលអាចឲ្យពលរដ្ឋក្នុងតំបន់ដាច់ស្រយាលផ្សេងទៀត អាចធ្វើដូចគ្នានៅក្នុងសហគមន៍របស់ពួកគេ ដើម្បីឲ្យកុមារក្នុងសហគមន៍ដាច់ស្រយាល អាចមានឱកាសសិក្សាបាន។
របាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បង្ហាញថា ខេត្តរតនគិរីមានសាលាបឋមសិក្សារដ្ឋចំនួន២០៣ និងសាលាបឋមសិក្សាឯកជនចំនួន៥។
ប៉ុន្តែ ខេត្តនេះនៅតែប្រឈមនឹងបញ្ហាខ្វះខាតអគារសិក្សា បណ្ណាល័យ និងគ្រូបង្រៀននៅតំបន់ដាច់ស្រយាល។
លោក ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថាលោកនឹងដាក់សំណើទៅកាន់ក្រសួងអប់រំ ដើម្បីសុំថវិកាសម្រាប់សាងសង់អគារបន្ថែមដល់សាលាសហគមន៍នេះ ប៉ុន្តែ លោកថា ការសម្រេចបែបណានោះ ត្រូវរង់ចាំមើលលទ្ធភាពរបស់ក្រសួងសិន។
យ៉ាងណាក៏ដោយ សម្រាប់យុវតី រ៉ូ ម៉ាម៉ន់ ដែលជាសិស្សក្រីក្រក្នុងភូមិយឺន និយាយថា នាងមានក្ដីស្រមៃចង់ក្លាយជាគ្រូពេទ្យទៅថ្ងៃអនាគត ដើម្បីជួយព្យាបាលអ្នកជំងឺក្នុងភូមិរបស់នាង។
យុវតីជនជាតិដើមភាគតិចរូបនេះ លើកឡើងថា នាងសង្ឃឹមថា នឹងអាចបន្តក្ដីសុបិនរបស់ខ្លួនមួយនេះបាន ដោយចាប់ផ្ដើមពីសាលាសហគមន៍ក្នុងភូមិរបស់នាង៕