ចៅក្រមសហព័ន្ធស.រ.អា.ម្នាក់បានចេញបញ្ជាជាបណ្តោះអាសន្នរារាំងរដ្ឋបាល Trump មិនឱ្យធ្វើតាមបទបញ្ញត្តិខាងអន្តោប្រវេសន៍ថ្មីដែលអាចរាំងខ្ទប់សិទ្ធិជ្រកកោនសម្រាប់ពួកមនុស្សដែលមិនបានចូលក្នុងស.រ.អា.តាមកន្លែងចូលក្នុងប្រទេសអាមេរិកដែលបានត្រូវកំណត់។
ប្រធានាធិបតី Donald Trump បានចេញផ្សាយបទបញ្ញត្តិនេះនៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី៩ ខែវិច្ឆិកាដោយលោកបាននិយាយថា ជាការចាំបាច់ត្រូវដោះស្រាយការមកដល់នៃពួកជនចំណាកស្រុករាប់ពាន់នាក់នៅឯព្រំដែនរវាងស.រ.អា. និងប្រទេសម៉ិកស៊ិក ដែលលោកបានថ្លែងថា «ហាក់ដូចជាគ្មានមូលដ្ឋានខាងផ្លូវច្បាប់ដើម្បីទទួលឱ្យចូលក្នុងប្រទេសយើងទេ»។
សហភាពសេរីភាពស៊ីវិលអាមេរិកាំងភាសាអង់គ្លេសហៅថា American Civil Liberties Union និងក្រុមឯទៀតៗបានដាក់បណ្តឹងមួយហើយស្វះស្វែងឱ្យមានអធិបញ្ជាមួយប្រឆាំងនឹងបទបញ្ញត្តិថ្មីទាំងនេះនៅពេលដែលករណីនេះត្រូវបញ្ជូនទៅកាន់តុលាការ។
លោក Jon Tigar ចៅក្រមតំបន់ស.រ.អា.បានចេញផ្សាយសេចក្តីសម្រេចរបស់លោកកាលពីយប់ថ្ងៃចន្ទដោយលោកបានមានប្រសាសន៍ថាសភា «បានបញ្ជាច្បាស់លាស់» តាមរយៈច្បាប់ស្តីពីអន្តោប្រវេសន៍ និងការចូលសញ្ជាតិហៅកាត់ថា INA ថាជនទាំងឡាយណាដែលមកដល់ស.រ.អា.អាចដាក់ពាក្យសុំសិទ្ធិជ្រកកោននៅកន្លែងដែលពួកគេបានចូលក្នុងប្រទេសអាមេរិក ហើយថាការសម្រេចរបស់លោក Trump «ជាការផ្ទុយមិនអាចសម្រុះសម្រួលបានជាមួយច្បាប់ INA និងបំណងរបស់សភាដែលបានត្រូវសម្តែងឱ្យដឹង»។
លោកចៅក្រម Jon Tigar បានរារាំងរដ្ឋាភិបាលមិនឱ្យធ្វើតាមបទបញ្ញត្តិថ្មីនេះក្នុងរយៈពេលមួយខែ ដោយលោកបានកំណត់ការធ្វើសវនាការលើកក្រោយអំពីករណីនេះនៅថ្ងៃទី១៩ ខែធ្នូ៕