ចំនួនកងទ័ពសហរដ្ឋអាមេរិកដែលដាក់ពង្រាយនៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកបានកើនឡើងជាង៨ពាន់នាក់ហើយ នេះតាមមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកដែលបានប្រាប់ VOA កាលពីថ្ងៃសុក្រ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឲ្យកងទ័ពទប់ក្បួនជនចំណាកដែលស្វះស្វែងសុំសិទ្ធិជ្រកកោនមកពីតំបន់អាមេរិកកណ្តាលកុំឲ្យចូលក្នុងសហរដ្ឋអាមេរិក។
មន្រ្តីយោធាអាមេរិកបានពណ៌នាកងទ័ពទាំងនេះថា ត្រូវបានដាក់ពង្រាយដើម្បីជួយសន្តិសុខព្រំដែននៅក្នុងការឆ្លើយតបដល់សំណើសុំការជួយឧបត្ថម្ភមកពីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។
លោកស្រី Kirstjen Nielsen រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានពន្យល់ពីតម្រូវការកងទ័ព ដោយលោកស្រីរដ្ឋមន្រ្តីបាននិយាយថា៖ «យើងមានបញ្ហាសមត្ថភាព។ នេះជាអ្វីដែលយើងបានសុំក្រសួងការពារប្រទេសឲ្យធ្វើគឺគាំទ្រយើង»។
ឆ្មាំការពារជាតិ២១០០នាក់ផ្សេងទៀតត្រូវបានដាក់ពង្រាយរួចហើយនៅតាមបណ្តោយព្រំដែនភាគខាងត្បូង។
ឥឡូវនេះ មានទាហានសហរដ្ឋអាមេរិកដែលកំពុងជួយពួកភ្នាក់ងារយាមល្បាតព្រំដែនច្រើនជាងទាហានដែលកំពុងប្រយុទ្ធក្រុមភេរជននៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។
ក្នុងខណៈនោះដែរ ក្រុមជនចំណាកស្រុកអាមេរិកកណ្តាលដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីស្វះស្វែងសុំសិទ្ធិជ្រកកោនបានដាក់ពាក្យប្តឹងប្រធានាធិបតីដូណាល់ ត្រាំ៕