នាង Vilma Mendez Morales ជនចំណាកស្រុកមកពីប្រទេសក្វាតេម៉ាឡា (Guatemala) បាននិយាយថា៖ «ដំណើរការនេះមានការលំបាកខ្លាំង។ វាត្រជាក់ខ្លាំងណាស់ ហើយកម្ដៅព្រះអាទិត្យក៏ខ្លាំងផងដែរ។យើងគ្មានម្លប់ជ្រក ឬក៏អ្វីផ្សេងដើម្បីការពារខ្លួនពីអាកាសធាតុទាំងនេះទេ។ ប៉ុន្តែយើងមកដល់ទីនេះហើយ។ ជីវិតមានការលំបាក ប៉ុន្តែយើងនៅតែបន្តដំណើរឆ្ពោះទៅមុខដដែល»។
មានជនចំណាកស្រុកប្រហែល ២០០ នាក់ រង់ចាំនៅឯស្ពាន El Paso del Norte ស្ទើរតែរាល់ថ្ងៃ ដើម្បីស្នើសុំសិទ្ធិជ្រកកោន ដូច្នេះពួកគេអាចចូលទឹកដីសហរដ្ឋអាមេរិកដោយស្របច្បាប់បាន។ ប៉ុន្តែក្រុមជនចំណាកស្រុកនៃបណ្ដាប្រទេសអាមេរិកកណ្ដាលជាច្រើនទៀតកំពុងធ្វើដំណើរតាមផ្លូវមកកាន់ព្រំដែនសហរដ្ឋអាមេរិក ដែលធ្វើឲ្យគេមានចម្ងល់អំពីពេលវេលារង់ចាំនៅពេលអនាគតសម្រាប់អ្នកសុំសិទ្ធិជ្រកកោននៅឯព្រំដែនសហរដ្ឋអាមេរិក។
នាង Illiana Holgium មេធាវីផ្នែកអន្តោប្រវេសន៍បានបញ្ជាក់ថា៖ «ជនអន្តោប្រវេសន៍ទាំងនោះពិតជាធ្វើតាមច្បាប់ដែលយើងត្រូវធ្វើដូច្នេះដែរ។ ពួកគេបង្ហាញខ្លួននៅឯព្រំដែន ដែលពួកគេនឹងត្រូវអាជ្ញាធរត្រួតពិនិត្យ និងដំណើរការនីតិវិធី ហើយបន្ទាប់មក ពួកគេអាចត្រូវគេដាក់ឃុំ ឬដោះលែងឲ្យចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក»។
មេធាវីផ្នែកអន្តោប្រវេសន៍នានាបាននិយាយថា បទបញ្ជាកាលពីពេលថ្មីៗនេះរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងការដាក់កំហិតដល់ការផ្ដល់សិទ្ធិជ្រកកោនដល់អ្នកដែលចូលទឹកដីសហរដ្ឋអាមេរិកដោយស្របច្បាប់ គឺជាទង្វើខុសច្បាប់។
សហជីពសេរីភាពការពារជនស៊ីវិលរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា ACLU បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងបទបញ្ជានេះ។
លោក Shaw Drake អ្នកប្រឹក្សាគោលនយោបាយនៃមជ្ឈមណ្ឌលសិទ្ធិព្រំដែនរបស់អង្គការ ACLU បាននិយាយថា៖ «នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក នរណាម្នាក់ដែលមកដល់ច្រកព្រំដែនសហរដ្ឋអាមេរិក គឺមានសិទ្ធិដាក់ពាក្យសុំសិទ្ធិជ្រកកោន ប្រសិនបើពួកគេមានការភ័យខ្លាចក្នុងការវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ»។
នៅពេលដែលពួកគេចូលទឹកដីសហរដ្ឋអាមេរិក ចំពោះអ្នកដែលធ្វើដំណើរមិនមានកូនតូចៗមកជាមួយ នឹងត្រូវជាប់ឃុំដោយគ្មានពេលកំណត់។ លោក Eddy Gonzalez បានចាកចេញពីប្រទេសគុយបាកាលពីបីឆ្នាំមុន។
លោកនិយាយដូច្នេះថា៖ «ខ្ញុំបានចាកចេញពីប្រទេសរបស់ខ្ញុំអស់រយៈពេលជិត ៣ ឆ្នាំហើយ ខ្ញុំបានដេកនៅទីនេះអស់រយៈពេល ៦ ថ្ងៃមកហើយ ដូច្នេះជាប់ឃុំ ៣ ខែក៏មិនមែនជាបញ្ហាអ្វីដែរ ដោយសារតែ នៅទីបំផុត ខ្ញុំនឹងមានសេរីភាព»។
អ្នកដែលធ្វើដំណើរដោយមានកូនៗមកជាមួយ នឹងមិនត្រូវគេដាក់ឃុំយូរនោះទេ ដោយសារតែច្បាប់របស់សហរដ្ឋអាមេរិកបានហាមឃាត់មិនឲ្យដាក់ឃុំកុមារលើសពី ២០ ថ្ងៃ។ ក្រុមមន្ត្រីព្រំដែនបានដាក់ពួកគេនៅលើរថយន្តក្រុង ហើយបានបញ្ជូនពួកគេទៅកាន់កន្លែងស្នាក់នៅបណ្ដោះអាសន្ន។
នេះគឺជាមូលហេតុមួយដែលបណ្ដាលឲ្យមានការអំពាវនាវឲ្យមានដំណោះស្រាយជាអចិន្ត្រៃយ៍ចំពោះបញ្ហានេះ។ លោក Bob Pena អ្នកតំណាងស្រុក El Paso ខាងគណបក្សសាធារណរដ្ឋ បាននិយាយដូច្នេះថា៖ «យើងត្រូវបិទព្រំដែននេះ។ ខ្ញុំដឹងថា ជញ្ជាំងព្រំដែនគឺជារូបភាពដ៏អាក្រក់។
តើយើងខ្វល់អំពីរូបភាពជញ្ជាំងព្រំដែននេះ ឬក៏យើងខ្វល់អំពីការដោះស្រាយបញ្ហា? យើងត្រូវតែដោះស្រាយបញ្ហានេះ។ យើងត្រូវតែមានប្រព័ន្ធគ្រប់គ្រងមួយទៅលើអ្នកដែលធ្វើការនៅសហរដ្ឋអាមេរិកថាតើពួកគេធ្វើការស្របច្បាប់ឬក៏អត់? នេះជាបញ្ហាដែលយើងត្រូវដោះស្រាយ»។
ដោយក្រុមជនចំណាកស្រុកនៃបណ្ដាប្រទេសនៅទ្វីបអាមេរិកកណ្ដាលធ្វើដំណើរកាន់តែជិតមកដល់ព្រំដែនសហរដ្ឋអាមេរិក រដ្ឋបាលរបស់លោក Trump បានដាក់ពង្រាយទាហានជាង ៥ ពាន់នាក់នៅព្រំដែនភាគខាងត្បូង។
ទោះបីជាទាហានប្រហែលជានឹងត្រូវដាក់ពង្រាយបន្ថែមទៀតក៏ដោយ ក៏នេះគ្រាន់តែជាដំណោះស្រាយបណ្ដោះអាសន្នមួយតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ហេង រស្មី