ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ដែល​លោក Trump ជ្រើសរើស​ឲ្យ​ដឹកនាំ FBI ប្តេជ្ញា​ប្រកាន់​យុត្តិធម៌​មិន​លំអៀង


បេក្ខជន​ឈរឈ្មោះជានាយក FBI ថ្មីលោក Christopher Wray ស្បថ​នៅ​វិមាន​សភា Capitol Hill រដ្ឋធានីវ៉ាស៊ីនតោន​កាល​ពីថ្ងៃទី១២ កក្កដា ២០១៧។
បេក្ខជន​ឈរឈ្មោះជានាយក FBI ថ្មីលោក Christopher Wray ស្បថ​នៅ​វិមាន​សភា Capitol Hill រដ្ឋធានីវ៉ាស៊ីនតោន​កាល​ពីថ្ងៃទី១២ កក្កដា ២០១៧។

អ្នក​ដែល​លោក​ប្រធានាធិបតី​អាមេរិក Donald Trump ជ្រើសរើស​ឲ្យ​ដឹកនាំ​ការិយាល័យ​ស៊ើបការ​សហព័ន្ធ គឺ​លោក Christopher Wray បាន​ធានា​ដល់​អ្នក​តំណាងរាស្ត្រ​កាល​ពី​ថ្ងៃ​ពុធ​ថា ទីភ្នាក់ងារ​នេះ​នឹង​បន្ត​ដំណើរការ​ដោយ​គ្មាន​ឥទ្ធិពល​នយោបាយ ខណៈ​ដែល​ទីភ្នាក់ងារ​នេះ​ធ្វើ​ការងារ​នានា រួម​ទាំង​ការ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស​ម្នាក់​ទៅ​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០១៦​ផងដែរ។

លោក Wray ដែល​ជា​មេធាវី​ការពារ​ចុងចោទ​និង​ជា​អតីត​មន្ត្រី​នៃ​ក្រសួង​យុត្តិធម៌ បាន​ប្រឈម​នឹង​សំណួរ​មួយ​ចំនួន​ក្នុង​អំឡុងពេល​នៃ​សវនាការ​តែងតាំង​របស់​លោក​ពី​សំណាក់​សមាជិក​គណៈកម្មាធិការ​អង្គចៅក្រម​ព្រឹទ្ធសភា ដោយរួម​ទាំង​សំណួរ​អំពី​ថា​តើ​លោក​អាច​ធ្វើ​ការ​ដោយ​ឯករាជ្យ​មិនរង​ឥទ្ធិពល​ពី​សេតវិមាន​ដែរ​ឬ​ទេ។​

សវនាការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ដែល​លោក Trump ប្រឈម​នឹង​ការ​ស៊ើបអង្កេត​មួយ​ចំនួន​អស់រយៈពេល​ជាច្រើន​ខែ ទៅ​លើ​ការចោទប្រកាន់​ដែល​ថា យុទ្ធនាការ​បោះឆ្នោត​របស់​លោក​បាន​ឃុបឃិត​ជាមួយ​នឹង​មន្ត្រី​រុស្ស៊ី ដើម្បី​ជួយ​លោក​ឲ្យ​ឈ្នះ​តំណែង​នៅ​ក្នុង​សេតវិមាន ហើយ​ថា លោក​ប្រហែល​ជា​បាន​រារាំង​ដល់​ដំណើរការ​យុត្តិធម៌​របស់​លោក James Comey អតីត​ប្រធាន FBI ខណៈ​ដែល​លោក​ដឹក​នាំ​ការ​ស៊ើបអង្កេត​របស់​ការិយាល័យ​នេះ​ទៅ​លើ​រុស្ស៊ី។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​ពី​លោក Patrick Leahy សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​អំពី​ថា​តើ​លោក​នឹង​ឆ្លើយតប​ដូចម្តេច​ទៅ​នឹង​លោក​ប្រធានាធិបតី ប្រសិន​បើ​លោក​ប្រធានាធិបតី​ស្នើ​ឲ្យ​លោក​បំពេញ​ការងារ​ណា​មួយ​ដែល​«ផ្ទុយ​ពី​ច្បាប់​ឬ​គ្មាន​ក្រម​សីលធម៌​នោះ‍» លោក Wray បាន​ឆ្លើយតប​វិញ​ថា «ជា​បឋម​ខ្ញុំ​នឹង​ព្យាយាម​និយាយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អំពី​រឿង​នេះ ហើយ​ប្រសិន​បើ​ការ​ជជែក​គ្នា​នេះ​បរាជ័យ ខ្ញុំ​នឹង​លាលែង​ពី​តំណែង‍»៕

XS
SM
MD
LG