បុរសម្នាក់បានបើកការបាញ់ប្រហារដោយប្រើកាំភ្លើងបាញ់ដោយស្វ័យប្រវត្តិទៅលើវិហារគ្រិស្តសាសនាមួយកន្លែងនៅក្នុងទីក្រុង San Antonio រដ្ឋ Texas កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ដោយសម្លាប់អ្នកគោរពសាសនាចំនួន ២៦ នាក់ និងធ្វើឲ្យរបួសយ៉ាងតិច ២០ នាក់ផ្សេងទៀត។
ជនរងគ្រោះមានចាប់ពីអាយុ ៥ ឆ្នាំ រហូតដល់ ៧២ ឆ្នាំ។
ខ្មាន់កាំភ្លើងក៏បានស្លាប់ផងដែរ ប៉ុន្តែគេនៅមិនទាន់ដឹងអំពីគោលគំនិតរបស់ខ្មាន់កាំភ្លើងនេះក្នុងការធ្វើដូច្នេះនោះទេ។
អ្នកស៊ើបអង្កេតមកពីទីភ្នាក់ងារ FBI និងការិយាល័យគ្រឿងស្រវឹង ថ្នាំជក់ និងអាវុធជាតិផ្ទុះ បានសហការជាមួយនឹងមន្ត្រីអនុវត្តច្បាប់នៅក្នុងសហគមន៍ Sutherland Springs ក្នុងរដ្ឋ Texas នេះ ដែលជាសហគមន៍ដ៏តូចមួយមានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពីទីក្រុង San Antonio ដើម្បីធ្វើការស៊ើបអង្កេត។
នៅថ្ងៃចន្ទនេះ លោកប្រធានាធិបតី Donald Trump បាននិយាយថា ការបាញ់ប្រហារនេះ «គឹមិនមែនជាបញ្ហារឿងអាវុធនោះទេ» ប៉ុន្តែគឺជា «បញ្ហាសុខភាពផ្លូវចិត្តកម្រិតខ្ពស់បំផុតមួយ»។
បើយោងតាមការបញ្ជាក់របស់មន្ត្រីសុវត្ថិភាពសាធារណៈប្រចាំរដ្ឋ Texas លោក Freeman Martin ខ្មាន់កាំភ្លើងនោះដែលត្រូវបានគេស្គាល់ថាមានឈ្មោះ Devin Kelly អាយុ ២៦ ឆ្នាំ គឺជាបុរសស្បែកស ដែលស្លៀកសំលៀកបំពាក់ខ្មៅនិងបំពាក់ដោយអាវកាក់ការពារគ្រាប់កាំភ្លើង។
អាជ្ញាធរបានបញ្ជាក់ថា ខ្មាន់កាំភ្លើងនេះរស់នៅតំបន់ជាយក្រុង San Antonio នឹងទំនងជាមិនមានទំនាក់ទំនងជាមួយនឹងក្រុមភេរវកម្មណាមួយនោះទេ។ អាជ្ញាធរក៏បានបញ្ជាក់ទៀតថា អាវុធជាច្រើនត្រូវបានរកឃើញនៅក្នុងរថយន្តរបស់ខ្មាន់កាំភ្លើងនេះ៕