ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Fauci ព្រមាន​ពី​ការ​ហក់​ឡើង​ខ្ពស់​ផ្ទួនៗ​នៃ​ការ​​ឆ្លង​ជំងឺ​​កូវីដ១៩


រូបឯកសារ៖ លោក​វេជ្ជបណ្ឌិត​ Anthony Fauci​ នាយក​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​​ឆ្លង​និង​អាឡែកស៊ី​​របស់​​សហរដ្ឋ​អាមេរិក​នៅក្នុងសវនាការព្រឹទ្ធសភានៅថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២០ នៅទីក្រុងវ៉ាស៊ីនតោន។ (AP)
រូបឯកសារ៖ លោក​វេជ្ជបណ្ឌិត​ Anthony Fauci​ នាយក​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​​ឆ្លង​និង​អាឡែកស៊ី​​របស់​​សហរដ្ឋ​អាមេរិក​នៅក្នុងសវនាការព្រឹទ្ធសភានៅថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២០ នៅទីក្រុងវ៉ាស៊ីនតោន។ (AP)

អ្នក​ជំនាញជំងឺឆ្លង​ជាន់​ខ្ពស់​របស់​អាមេរិក​បាន​ព្រមាន​កាលពីថ្ងៃ​អាទិត្យពី​លទ្ធភាព​នៃ​ការហក់​ឡើងខ្ពស់​ថែម​ទៀត​នៃការឆ្លង​វីរុស​កូរ៉ូណានៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

លោក​វេជ្ជបណ្ឌិត​ Anthony Fauci​ នាយក​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺឆ្លង​និងអាឡែកស៊ីរបស់សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ក្នុង​កម្មវិធី​ទូរទស្សន៍ ​ABC ​ដែល​មាន​ឈ្មោះ​ថា «​សប្តាហ៍​នេះ ​ឬ​ This Week» ថា ​អត្រា​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​នឹង​មិន​ធ្លាក់​ចុះ​ភ្លាម​ៗ​នោះ​ទេ​ ហើយ​ក្នុង​រយៈ​ពេលប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ បន្ទាប់​ពី​ ពិធី​បុណ្យរំឭកគុណ ឬ ​Thanksgiving holiday ​ដែល​ទើប​បាន​បញ្ចប់«យើង​នឹង​អាចឃើញ​នូវ​ការ​ហក់​ឡើង​ខ្ពស់​លើ​ចំនួន​ខ្ពស់​ដែល​មាន​ស្រាប់​នៃ​ការ​ឆ្លងវីរុស​កូរ៉ូណា​»។​

នៅ​ថ្ងៃ​អាទិត្យ​នោះដែរ អ្នក​ស្រី​វេជ្ជបណ្ឌិត​ Deborah L. Birx អ្នក​សម្រប​សម្រួល​ការ​ឆ្លើយ​តប​វីរុស​កូរ៉ូណា​ប្រចាំ​សេតវិមាន​ បានលើក​ឡើង​ក្នុង​កម្មវិធី​ទូរទស្សន៍ ​CBS​ ដែល​មាន​ឈ្មោះ​ថា​ «Face the Nation» ​ថា ​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឈប់​សម្រាក «ត្រូវ​សន្មត់ខ្លួន​ឯង​ថា ​អ្នកបាន​ដាក់ខ្លួនប៉ះជំងឺ​កូវីដ១៩ អ្នក​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ​ហើយ​អ្នក​ត្រូវ​ទៅ​ធ្វើ​តេស្តនៅសប្តាហ៍បន្ទាប់»។​

ការ​ព្រមាន​របស់​វេជ្ជបណ្ឌិត​ទាំង​នេះ​ បាន​កើត​មាន​ឡើងក្រោយ​ពេល​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញត្រឹម​ថ្ងៃ​សៅរ៍​នូវ​អ្នក​ឆ្លងជាង ​៤ លាន​នាក់ ​គ្រាន់​តែ​ក្នុង​ខែ​វិច្ឆិកា​មួយប៉ុណ្ណោះ។​

សហរដ្ឋ​អាមេរិក​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​ ១៣,៣ លាន​នាក់​ នៃ​អ្នក​ឆ្លង​សរុប​ទូទាំង​ពិភព​លោក​ចំនួន ៦២,៨​លាន​ នាក់​ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​វិទ្យាល័យ​ Johns Hopkins។ ប្រទេស​អាមេរិក​ឈ​រ​ក្នុង​លំដាប់​ទីមួយ​ ដែល​មាន​អ្នក​ឆ្លង​ជំងឺកូវីដ១៩ច្រើន​ជាង​គេ​បង្អស់​ក្នុង​ចំណោម​ប្រទេស​នានា​នៅ​លើ​សាកល​លោក។​ ប្រទេស​ឥណ្ឌា​ឈ​រ​ក្នុង​លំដាប់​ទី២​ ដោយ​មាន​អ្នក​ឆ្លង​ជំងឺកូវីដ​១៩​ចំនួន​៩,៤លាន​នាក់​ ហើយ​ប្រទេស​ប្រេស៊ីល​ឈរលំដាប់​ទី​៣ ​ដោយមានអ្នក​ឆ្លង​សរុប​ចំនួន​ ៦,៣​លាន​នាក់៕

XS
SM
MD
LG