អាជ្ញាធរខេត្តតាកែវអំពាវនាវឲ្យប្រជាកសិករកុំធ្វើស្រូវប្រាំងលើកទី ២ ដោយសារទឹកក្នុងអាងទន្លេបាទីស្រកចុះខ្លាំង ដោយមិនអាចផ្គត់ផ្គង់ដល់ការធ្វើស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋបាន។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃអង្គារ បានឲ្យដឹងថា ស្ថានភាពកម្រិតកម្ពស់ទឹកជាក់ស្តែងក្នុងអាងទឹកទន្លេបាទីស្រកចុះខ្លាំង ដែលមិនអាចបន្តបូមទម្លាក់តាមប្រឡាយមេសម្រាប់ផ្គត់ផ្គង់ក្នុងការស្រោចស្រពស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋបានតាមតម្រូវការ។
រដ្ឋបាលឃុំបន្ថែមថា ដើម្បីបង្ការទប់ស្កាត់កុំឲ្យខាតបង់ផលប្រយោជន៍របស់ប្រជាកសិករ រដ្ឋបាលឃុំកណ្តឹងអំពាវនាវឲ្យប្រជាកសិករទាំងអស់ កុំបង្កបង្កើនផលស្រូវរដូវប្រាំងជាលើកទី ២ បន្តទៀត។ ក្នុងករណីប្រជាពលរដ្ឋនៅតែបន្តធ្វើ នោះរដ្ឋបាលឃុំពុំទទួលខុសត្រូវឡើយ។
ប្រជាពលរដ្ឋក្នុងឃុំជើងគួន និងឃុំទ្រាលើ ស្រុកសំរោង ខេត្តតាកែវ ក៏កំពុងខ្វះខាតទឹកសម្រាប់ស្រូវរដូវប្រាំង និងស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយដល់ពួកគេផងដែរ។
លោក គម គឿ អាយុ ៣៩ ឆ្នាំ ពលរដ្ឋធ្វើស្រែក្នុងឃុំជើងគួន ខេត្តតាកែវ ប្រាប់វីអូអេនៅថ្ងៃសុក្រថា លោកសូមអំពាវនាវឲ្យថ្នាក់ដឹកនាំជួយផ្គត់ផ្គង់ទឹកដល់ប្រជាកសិករសម្រាប់ធ្វើស្រូវប្រាំង ខណៈលោកថា បច្ចុប្បន្ននេះនៅទីតាំងរបស់លោកកំពុងខ្វះខាតទឹក ស្របពេលដែលស្រូវកំពុងលូតលាស់។
លោកថ្លែងថា៖ «បាទ! កំពុងខ្វះខាតខ្លាំងណាស់។ ឥឡូវកំពុងបានទឹកជោរមកតិចតួច ដណ្តើមគ្នាបូមម្នាក់ម្តង ជួនកាលក៏ដាច់[...] សុំអំពាវនាវឲ្យថ្នាក់ដឹកនាំជួយស្តារប្រឡាយឲ្យទឹកមានច្រើនមក ទើបអាចយកផ្គត់ផ្គង់បាន។ បើយកទឹកពីលើវាអត់អាចកើតទេ វាឆ្ងាយ»។
លោកបន្ថែមថា ស្រូវប្រាំងដែលលោកកំពុងធ្វើគឺជាលើកទី ១ មិនមែនជាស្រូវប្រាំងលើកទី ២ នោះទេ។ លោកថា កន្លងមក អាជ្ញាធរក៏បានចុះមកដល់ទីតាំងដែរ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានដំណោះស្រាយណាមួយនៅឡើយ។
ពលរដ្ឋម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ លើកឡើងថា ការធ្វើស្រែគឺពឹងផ្អែកលើទឹក បើសិនគ្មានប្រភពទឹកទេនោះ ទិន្នផលស្រូវក៏ថយចុះដែរ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ប្រាប់វីអូអេតាមបណ្តាញសង្គម WhatsApp នៅថ្ងៃសុក្រថា ការជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ គឺដើម្បីកុំឲ្យប្រជាកសិករមានការខាតបង់ក្នុងការធ្វើស្រូវប្រាំង។
លោកថ្លែងថា៖ «យើងត្រូវជូនដំណឹងមុន ដើម្បីចៀសវាងពីផលវិបាកដែលកើតចេញអំពីការធ្វើដោយខ្វះព័ត៌មាន នាំឲ្យប្រជាពលរដ្ឋគាត់ ទី ១ ខាតពូជ ទី ២ ខាតពេលវេលា ទី៣ ខាតផលប្រយោជន៍លុយកាក់គាត់ដែលទៅទិញជី ទិញថ្នាំយកមកជួយសង្គ្រោះស្រូវឲ្យបានផលល្អ»។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បដិសេធការអត្ថាធិប្បាយ ដោយថា រដ្ឋបាលខេត្តតាកែវបានចេញសេចក្តីជូនដំណឹងច្បាស់លាស់ហើយ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា យល់ថា បញ្ហាបម្រែបម្រួលអាកាសធាតុ និងការខ្វះខាតទឹកសម្រាប់ប្រជាកសិករធ្វើស្រែ គឺទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចជាអាជ្ញាធរ ត្រូវធានាដល់ការដោះស្រាយជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រថា៖ «ពីខ្ញុំវិញស្នើឲ្យរដ្ឋបាលខេត្ត ក៏ដូចជាក្រសួងចុះជួបផ្ទាល់ជាមួយនឹងកសិករបន្ថែមទៀត ដើម្បីបញ្ជាក់នឹងផ្តល់ព័ត៌មានឲ្យបងប្អូនយើងមានភាពកក់ក្តៅ និងជជែកគ្នាចំពោះមុខដើម្បីដោះស្រាយលើបញ្ហាហ្នឹង។ យើងអត់អាចនៅបណ្តែតបណ្តោយ ឬក៏មិនផ្តល់ព័ត៌មានឲ្យពួកបងប្អូនប្រជាកសិករយើងបានទេ ព្រោះពេលនេះត្រូវការតម្រូវការនៃការដោះស្រាយ ហើយការឆ្លើយតបមួយជាវិជ្ជមាន និងអាចទទួលយកបាន»។
លោកបន្ថែមថា ក្រៅពីការជូនដំណឹងឲ្យប្រជាកសិករផ្អាកធ្វើស្រែប្រាំងលើកទី ២ បន្ទាប់ពីការខ្វះទឹក អាជ្ញាធរគួរតែណែនាំធ្វើយ៉ាងណា ឲ្យប្រជាកសិករអាចមានលទ្ធភាពប្រកបរបរផ្សេងទៀត ដើម្បីជំនួសការធ្វើស្រែប្រាំង។
កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ ប្រជាកសិករស្រុកបាទី ខេត្តតាកែវ បានប្រមូលផ្តុំគ្នាបិទផ្លូវជាតិលេខ ២ ដើម្បីទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការលើការខ្វះខាតទឹកផ្គត់ផ្គង់ការធ្វើស្រូវរបស់ពួកគេ។ ហើយភ្លាមៗបន្ទាប់ពីការបិទផ្លូវនោះ ភាគីអាជ្ញាធរក៏បានចុះមកសម្របសម្រួល និងសន្យាថា នឹងដោះស្រាយបញ្ហាខ្វះទឹកនេះ៕
វេទិកាបញ្ចេញមតិ