ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ស្វែងរក​ដង្ហើម​ដក​ដោយ​ខ្លួនឯង​តាមរយៈ​ការ​សាងសង់​ព្រែកជីក​ដ៏​ចម្រូង​ចម្រាស់


រូបឯកសារ៖ សកម្មភាព​ជីក​ព្រែក​ជីកហ្វូណន​តេជោ​នៅព្រែកតាកែវ ខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ សកម្មភាព​ជីក​ព្រែក​ជីកហ្វូណន​តេជោ​នៅព្រែកតាកែវ ខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។

ធូលី​ដី​គ្រប​ដណ្ដប់​លើ​ទីធ្លា​ក្រោយ​ផ្ទះ​របស់​លោក លីម តុងអេង។ ធូលី​ដី​នេះ​ហុយ​ពី​ការ​ជីក​កាយ​ដី​របស់​អេស្កាវ៉ាទ័រ​ជាច្រើន​ដែល​កំពុង​មមាញឹក​ពង្រីក​ព្រែកជីក​ដែល​នៅ​ក្បែរ​នោះ។ ព្រែកជីក​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សង្ឃឹម​ថា​នឹង​ក្លាយទៅជា​ព្រែកជីក​ដឹក​ជញ្ជូន​ដ៏​សំខាន់​មួយ​របស់​កម្ពុជា។

នៅ​ខែ​សីហា​ខាង​មុខ​នេះ កម្ពុជា​នឹង​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ជា​ផ្លូវការ។ ព្រែកជីក​នេះ​មាន​តម្លៃ​សាងសង់​ចំនួន ១,៧ ពាន់​លាន​ដុល្លារ ​ហើយ​នឹង​តភ្ជាប់​ពី​ទន្លេមេគង្គ​ទៅ​កាន់​កំពង់​ផែ​កម្ពុជា​នៅ​ឈូងសមុទ្រ​ថៃ។ ព្រែកជីក​នេះ​នឹង​ផ្ដល់​នូវ​ជម្រើស​ថ្មី​មួយ​ដើម្បី​បញ្ចៀស​ការ​ដឹក​ទំនិញ​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម។

វាជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​គម្រោង​ផ្សេង​ទៀត​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​គម្រោង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ធ្វើឱ្យ​មាន​សន្ទុះ​ថ្នាក់​ជាតិ​ដើម្បី​គាំទ្រ​ដល់​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន។

ប៉ុន្តែ គេ​ឃើញ​មាន​ភាពមិន​ច្បាស់លាស់​ជុំវិញ​គម្រោង​នេះ រាប់​ចាប់​ពី​គោល​បំណង​នៃ​ព្រែកជីក​នេះ​ថា​តើ​វា​សម្រាប់​ការ​ដឹក​ជញ្ជូន​ឬ​សម្រាប់​ជា​ប្រព័ន្ធ​ធារាសាស្ត្រ រហូត​ដល់ទៅ​ថា​តើ​អ្នកណា​ជា​អ្នក​ដែល​ផ្ដល់​ហិរញ្ញវត្ថុ​សម្រាប់​ការ​សាងសង់ ឬ​ថា​តើ​វា​នឹង​ប៉ះពាល់​ដល់​លំហូរ​ទឹក​ទន្លេ​មេគង្គ​ឬ​ក៏​យ៉ាងណា​នោះ។

ការ​ខ្វះ​ចន្លោះ​ភាព​ច្បាស់លាស់​ធ្វើឱ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​ចិត្ត​ក្នុង​ចំណោម​អ្នក​ដែល​រស់នៅ​តាម​បណ្ដោយ​ព្រែកជីក​នេះ។

លោក តុងអេង ដែល​មាន​អាយុ ៧៤ ឆ្នាំ ធ្លាប់​ជា​កសិករ​ហើយ​បច្ចុប្បន្ន​ត្រូវ​ពឹង​លើ​រទេះ​រុញ​ដើម្បី​ធ្វើ​ដំណើរ។ លោក​នឹង​ត្រូវ​បាត់បង់​ផ្ទះ​និង​ដី​ទៅ​លើ​គម្រោង​នេះ។ លោក​មិនទាន់​បាន​ដឹង​ថាតើ​លោក​នឹង​ទទួល​បាន​អ្វី​ជា​សំណង​នៅ​ឡើយ​ទេ។

លោក តុងអេង បាន​និយាយ​ថា៖ «យើង​មិន​ត្រឹមតែ​ភ្ញាក់ផ្អើល​ប៉ុណ្ណោះ​ទេ ថែមទាំង​ភ័យខ្លាច​ទៀត​ផង។ យើង​មិនដឹង​ថា​រដ្ឋាភិបាល​គិត​យ៉ាងម៉េច​ចំពោះ​យើង​ទេ ព្រោះ​មក​ទល់​នឹង​ពេល​នេះ​យើង​មិន​ទាន់​ទទួល​បាន​ដំណឹង​អ្វី​ឡើយ»។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ព្រែកជីក​នេះ​នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​ដង្ហើម​ដក​ដោយ​ខ្លួន​ឯង និង​ថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បាន​ណែនាំ​ឱ្យ​បាញ់​កាំជ្រួច​នៅ​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី ៥ ខែ​សីហា ដែល​ចំនឹង​ថ្ងៃ​ខួប​កំណើត​របស់​លោក​ផ្ទាល់។

រដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើង​ថា ព្រែកជីក​នេះ​នឹង​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​បន្ថែម​ចន្លោះ​ពី ២១ ទៅ ៣០ ភាគរយ​ច្រើន​ជាង​តម្លៃ​សាងសង់ និង​បង្កើត​ការងារ​រាប់​ម៉ឺន​នៅ​ក្នុង​ប្រទេស។ ទោះជា​យ៉ាងណា​ក៏ដោយ រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ភ័ស្តុតាង​លម្អិត​អំពី​ការ​ព្យាករណ៍​នេះ​ទេ។

អ្នក​វិភាគ​ថា ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​ទទួល​បាន​ពី​គម្រោង​នេះ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ។

លោក ឈាង វណ្ណារិទ្ធ ដែល​ជា​អ្នកវិភាគ​នយោបាយ​និង​ជា​ប្រធាន​ឧទ្យាន​នវានុវត្តន៍​សង្គម​អង្គរ (Angkor Social Innovation Park) បាន​ថ្លែង​ថា៖ «មាន​រឿង​មិន​ច្បាស់​និង​ភាព​ស្រពិចស្រពិល​ជាច្រើន​ទាក់ទង​នឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​ពិត​ប្រាកដ​និង​តម្លៃ​សាងសង់​នៃ​គម្រោង​នេះ»។

រូបឯកសារ៖ សកម្មភាព​ជីក​ព្រែក​ជីកហ្វូណន​តេជោ​នៅព្រែកតាកែវ ខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ សកម្មភាព​ជីក​ព្រែក​ជីកហ្វូណន​តេជោ​នៅព្រែកតាកែវ ខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ សកម្មភាព​ជីក​ព្រែក​ជីកហ្វូណន​តេជោ​នៅព្រែកតាកែវ ខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ សកម្មភាព​ជីក​ព្រែក​ជីកហ្វូណន​តេជោ​នៅព្រែកតាកែវ ខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។

ក្រៅពី​នេះ គេ​ក៏​ឃើញ​មាន​ក្ដី​បារម្ភ​ផងដែរ​អំពី​លំហូរ​ទឹក​ទន្លេមេគង្គ។

ក្រុម​អ្នក​អភិរក្ស​ធ្លាប់​បាន​លើកឡើង​ថា ទន្លេ​នេះ​រង​ការ​គំរាមកំហែង​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ការ​បំពុល ការ​ជីក​យក​ខ្សាច់ និង​ការ​ប្រែប្រួល​អាកាសធាតុ។

ប្រទេស​កម្ពុជា ឡាវ វៀតណាម និង​ថៃ​គឺជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ ១៩៩៥។ កិច្ច​ព្រមព្រៀង​នេះ​គ្រប់គ្រង​លើ​ការ​បែងចែក​ភោគផល​ដែល​បាន​ពី​ទន្លេ​នេះ។

ទោះបីជា​កម្ពុជា​បាន​ជូនដំណឹង​ដល់​គណៈកម្មការ​ទន្លេមេគង្គ (MRC) អំពី​គម្រោង​ព្រែកជីក​នេះ​ក៏ដោយ ក៏​វៀតណាម​ចង់​បាន​ព័ត៌មាន​បន្ថែម​អំពី​គម្រោង​នេះ។

រដ្ឋាភិបាល​កម្ពុជា​បាន​ពន្យល់​ថា គម្រោង​នេះ​ប៉ះពាល់​តែ​ដៃ​ទន្លេមេគង្គ​ប៉ុណ្ណោះ ដូច្នេះ​វា​តម្រូវ​ឱ្យ​កម្ពុជា​ជូន​ដំណឹង​តែ​ប៉ុណ្ណោះ ហើយ​ខ្លួន​ក៏​បាន​ធ្វើ​កិច្ចការ​នេះ​រួចហើយ។

ការ​លើកឡើង​បែប​នេះ​ត្រូវបាន​អ្នក​ជំនាញ​មួយ​ចំនួន​បកស្រាយ​ជំទាស់ ដោយ​ពួកគេ​កត់សម្គាល់​ថា ព្រែកជីក​ដែល​សាងសង់​នៅ​ក្បែរ​ផ្ទះ​របស់​លោក តុងអេង គឺ​ភ្ជាប់​ដោយផ្ទាល់​ពី​ដង​ទន្លេ​មេគង្គ។

លោក Brian Eyler អ្នក​ជំនាញ​អំពី​ទន្លេ​មេគង្គ​នៅ​មជ្ឈមណ្ឌល Stimson នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​លើកឡើង​ថា ការ​ធ្វើ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​រដូវប្រាំង​ចេញ​ពី​ដង​ទន្លេ​មេគង្គ​ផ្ទាល់ «តម្រូវ​ឱ្យ​មាន​ការ​ព្រមព្រៀង​ពី​សមាជិក​ទាំង ៤ ប្រទេស​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ។

គណៈកម្មការ​ទន្លេមេគង្គ​បាន​បញ្ជាក់​ថា ខ្លួន​មិន​បាន​ទទួល «របាយការណ៍​ណា​មួយ​អំពី​លំហូរ​ទឹក» ហើយ​ខ្លួន «កំពុង​ស្នើសុំ​និង​រង់ចាំ​ការ​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៀត​ពី​កម្ពុជា»។

លោក​ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​ដឹកនាំ​គម្រោង​នេះ បាន​ប្រៀបធៀប​ព្រែកជីក​នេះ​ទៅនឹង​ទុយយោ​ទឹក។

លោក​បាន​ប្រាប់​កាសែត Straits Times កាលពី​ពេល​ថ្មីៗ​នេះ​ថា៖ «តើ​អ្នក​អាច​បឺត​ទឹក​ចេញ​ពី​ទន្លេ​មេគង្គ​បាន​ប៉ុណ្ណា​ដោយ​ប្រើ​ទុយយោ​ទឹក?»

លោក​បាន​បន្ថែម​ថា ការសិក្សា​អំពី​ផល​ប៉ះពាល់​នៃ​ព្រែកជីក​នេះ​រក​ឃើញ​ថា វា​ប៉ះពាល់​ទឹក​ទន្លេ​មេគង្គ​តែ ០,០៦% ប៉ុណ្ណោះ​នៅ​រដូវ​ប្រាំង។ ឯកសារ​នៃ​ការសិក្សា​នេះ​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ។

លោក Eyler បាន​និយាយ​ថា៖ «វា​អាច​ទៅរួច​ដែល​ថា ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​និង​សង្គម​សម្រាប់​កម្ពុជា​និង​វៀតណាម​គឺ​មាន​តិចតួច​ប៉ុណ្ណោះ។ ប៉ុន្តែ ពេល​នេះ​យើង​មិន​អាច​ដឹង​បាន​ស៊ីជម្រៅ​អំពី​គម្រោង​នេះ​ដើម្បី​សន្និដ្ឋាន​ដូច្នេះ​នោះឡើយ»។

មន្ត្រី​កម្ពុជា​បាន​បដិសេធ​ការ​ចោទប្រកាន់​ដែល​ថា​ព្រែកជីក​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដោយ​នាវា​ចម្បាំង​ចិន ហើយ​អ្នកវិភាគ​បាន​យល់ស្រប​ភាគច្រើន​ថា ផ្លូវទឹក​នេះ​មិន​សមស្រប​សម្រាប់​គោលបំណង​នេះទេ ពីព្រោះ​គោលបំណង​បែប​នេះ​អាច​ប្រើប្រាស់​ផ្លូវ​គោក​ឬ​ផ្លូវ​សមុទ្រ​បាន។

លោក វណ្ណារិទ្ធ បាន​និយាយ​ថា សារៈសំខាន់​ដ៏​ចម្បង​នៃ​គម្រោង​នេះ​គឺ​គុណតម្លៃ​ផ្នែក​នយោបាយ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «គម្រោង​នេះ​ជា​គម្រោង​កេរមរតក​ដោយ​ភ្ជាប់​ជាមួយ​នឹង​សារៈសំខាន់​ផ្នែក​នយោបាយ​និង​ប្រវត្តិសាស្ត្រ។ មិន​ថា​ជា​យ៉ាងណា​ក៏ដោយ រដ្ឋាភិបាល​នឹង​ធ្វើ​វា​ឱ្យ​ដល់​ទីបញ្ចប់ … ព្រោះ​រដ្ឋាភិបាល​ត្រូវតែ​បង្ហាញ​អំពី​អ្វី​មួយ»៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG