ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាច់ញាតិ​គ្រួសារ​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ស្វែងរក​អន្តរាគមន៍​ពី​អង្គការ​សហ​ប្រជាជាតិ


ក្រុមអ្នកតវ៉ា​លើក​បដានៅ​មុខ​ការិយាល័យ​ឧត្តមស្នង​ការ​អង្គការ​សហប្រជាជាតិទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ ថ្ងៃទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០២០ ស្នើឲ្យ​តុលាការ​ទម្លាក់​បទចោទ​ប្រកាន់​សាច់​ញាតិ​របស់​ពួកគេ​ ដែល​ជា​​អតីត​មន្ត្រី​គណបក្សប្រឆាំង​​។ (ហ៊ុល រស្មី​/វីអូអ)
ក្រុមអ្នកតវ៉ា​លើក​បដានៅ​មុខ​ការិយាល័យ​ឧត្តមស្នង​ការ​អង្គការ​សហប្រជាជាតិទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ ថ្ងៃទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០២០ ស្នើឲ្យ​តុលាការ​ទម្លាក់​បទចោទ​ប្រកាន់​សាច់​ញាតិ​របស់​ពួកគេ​ ដែល​ជា​​អតីត​មន្ត្រី​គណបក្សប្រឆាំង​​។ (ហ៊ុល រស្មី​/វីអូអ)

ក្រុម​ប្រជា​ពលរដ្ឋ​ជាង​ ១០​នាក់ ​នៅថ្ងៃ​សុក្រ​នេះ​ បាន​មក​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ហើយ​បាន​យក​ញតិ្ត​ទៅ​ដាក់​នៅ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដើម្បី​ទាម​ទារ​ឲ្យ​តុលាការ​ដោះលែង ​និង​លើក​លែង​ការ​ចោទ​ប្រកាន់​សាច់​ញាតិ​របស់​ពួកគេ​ ដែល​ជា​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​ ១៤ ​នាក់​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ក្នុង​ទីក្រុង​ភ្នំពេញ។​

ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​រំលាយ​ទាំង​ ១៤ ​នាក់ ​នោះ​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដោយសារ​ការ​អត្ថាធិប្បាយ​ និង​ចែក​រំលែក​ព័ត៌មាន​នានា​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស ​និង​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩​ និង​ករណី​គម្រោង​របស់​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។​

ដោយ​ឡែក​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ថ្នាក់​ស្រុក​ម្នាក់​ នៅ​ខេត្ត​ស្វាយរៀង ​ត្រូវ​បាន​ដោះលែង​ក្រោយ​ការ​ចាប់​ខ្លួន​ក្នុង​ករណី​ស្រដៀង​គ្នា​នឹង​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង ​១៤ ​នាក់ ​ក៏​ប៉ុន្តែ​ អតីត​អនុ​ប្រធាន​ប្រតិបត្តិ​ស្រុក​រមាសហែក​ គណបក្ស​សង្គ្រោះ​ជាតិ​រូប​នោះ​ ត្រូវ​បាន​ដោះលែង​ ដោយសារ​មាន​ជំងឺ​ធ្ងន់ធ្ងរ។​

អ្នកស្រី​សុខ បូលីម៉ា​ អាយុ៥០ឆ្នាំ​ ជា​ភរិយាលោក​ឃឹម ភាណា​ អាយុ​៥៤​ឆ្នាំ​ អតីតចៅសង្កាត់​ផ្សារ​ដេប៉ូIII​ ក្នុង​ខ័ណ្ឌ​ទួលគោក មកតវ៉ា​ នៅមុខសាលាដំបូងរាជធានី​ភ្នំពេញ​ ថ្ងៃ​ទី១៩​ ខែមិថុនា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី​សុខ បូលីម៉ា​ អាយុ៥០ឆ្នាំ​ ជា​ភរិយាលោក​ឃឹម ភាណា​ អាយុ​៥៤​ឆ្នាំ​ អតីតចៅសង្កាត់​ផ្សារ​ដេប៉ូIII​ ក្នុង​ខ័ណ្ឌ​ទួលគោក មកតវ៉ា​ នៅមុខសាលាដំបូងរាជធានី​ភ្នំពេញ​ ថ្ងៃ​ទី១៩​ ខែមិថុនា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

អ្នកស្រី​ សុខ បូលីម៉ា ​អាយុ​៥០​ឆ្នាំ​ ជា​ភរិយា​លោក​ ឃឹម ភាណា​ អាយុ​៥៤​ឆ្នាំ ​អតីត​ចៅ​សង្កាត់​ផ្សារ​ដេប៉ូIII ​ក្នុង​ខណ្ឌ​ទួលគោក ​ប្រាប់ ​VOA​ នៅមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា​ ស្វាមី​របស់​គាត់​ត្រូវ​បាន​ចាប់​ខ្លួន ក្រោយ​ស្វាមី​របស់​គាត់​បាន​ចែក​រំលែក​ព័ត៌មាន ​និង​ការ​អត្ថាធិប្បាយ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក។ អ្នកស្រី​មិន​អាច​ចាំ​បាន​ខ្លឹមសារ​នៃ​ព័ត៌មាន ​និង​សេចក្តី​អត្ថាធិប្បាយ​នោះ​ទេ។​ ប៉ុន្តែ​អ្នក​ស្រី​និយាយ​ថា ​តុលាការ​ចោទ​ស្វាមី​អ្នកស្រី​ថា ​បាន​ប្រព្រឹត្ត​អំពើ​ញុះញង់។​

«Share ​[ចែក​រំលែក]​ ព័ត៌មាន​តៗ​គ្នា​ ដល់​អ៊ីចឹង​គេ​យក​កំហុស​ហ្នឹង​មក​ចាប់​យើង​ហ្មង។​ គេ​ថា យើង​ញុះញង់​បំពុល​សង្គម​អី​ទៅ​ណា៎!​ ដល់​អ៊ីចឹង ​ខ្ញុំ​ជា​ប្រពន្ធ​មិន​អាច​ទទួល​យក​បាន​ទេ​ ទង្វើ​អយុត្តិធម៌​ចំពោះ​ពួក​គាត់​ ១៥​ នាក់​ហ្នឹង​ ព្រម​ទាំង​ប្តី​ខ្ញុំ​ទៀត​ ក៏​ខ្ញុំ​មិន​អាច​ទទួល​បាន​ដែរ។ ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​គាត់»។​

ក្រុម​អ្នក​តវ៉ា​ផ្សេង​ទៀត​បាន​សម្តែង​មតិ​ស្រដៀង​គ្នា​នឹង​ការ​អត្ថាធិប្បាយ​របស់​អ្នកស្រី​ សុខ បូលីម៉ា​ ដែរ។​ ពួក​គេ​និយាយ​ថា​ សាច់​ញាតិ​របស់​ពួកគេ​ដែល​កំពុង​ជាប់​ឃុំនោះ​ សុទ្ធតែ​មាន​បញ្ហា​សុខភាព​រៀងៗ​ខ្លួន។​

លោក​ ធន់ ធានិត្យ ​អាយុ​២៤​ឆ្នាំ ​កូនប្រុស​របស់​លោក​ ស៊ុន ធន់​ អតីត​មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​គណបក្ស​សង្គ្រោះ​ជាតិ​ និយាយ​ថា​ ឪពុក​របស់​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ នៅដើម​ខែ​មិថុនា​នេះ ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​អាជ្ញាធរ​ថា​ បាន​ទទួល​បញ្ជា​ពីក្រៅ​ប្រទេស​ធ្វើ​វិទ្ធង្សនា​សេដ្ឋកិច្ច​ ដើម្បី​បំផ្លាញ​ប្រព័ន្ធ​ធនាគារ។​

លោក ​ធន់ ធានិត្យ ​អាយុ​២៤​ឆ្នាំ​ កូនប្រុស​របស់​លោក​ ស៊ុន ធន់ ​អតីត​មន្ត្រី​ក្រុមប្រឹក្សាគណបក្ស​សង្គ្រោះ​ជាតិខេត្តកំពង់​ធំ​ និយាយជាមួយ​វីអូអេ​ នៅមុខសាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី/វីអូអេ)​
លោក ​ធន់ ធានិត្យ ​អាយុ​២៤​ឆ្នាំ​ កូនប្រុស​របស់​លោក​ ស៊ុន ធន់ ​អតីត​មន្ត្រី​ក្រុមប្រឹក្សាគណបក្ស​សង្គ្រោះ​ជាតិខេត្តកំពង់​ធំ​ និយាយជាមួយ​វីអូអេ​ នៅមុខសាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី/វីអូអេ)​

លោក​បន្ថែម​ថា ឪពុក​របស់​លោក​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ​ឪពុក​លោក​គ្រាន់​តែ​បំពេញ​ការងារ​ជា​គ្រូ​បង្រៀន​កម្រិត​អនុវិទ្យាល័យ​ម្នាក់​ប៉ុណ្ណោះ​ នៅ​ក្នុង​ខេត្ត​កំពង់​ធំ។​

អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង ១៥​ នាក់​ ដោយ​មាន​និង​គ្មាន​ដីកា​ចាប់​ខ្លួន​ក្រោម​ហេតុផល​ថា​ ពួក​គេ​បាន​និយាយ​ផ្ទុយ​ពី​ការណ៍​ពិត​ទាក់ទង​នឹង​ការ​ខូចខាត​សេដ្ឋកិច្ច​ ឬការ​មិន​ត្រូវ​សង​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ និង​ធនាគារ​នៅ​ក្នុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​ឆ្លង​កូវីដ១៩​ ដែល​កំពុង​បង្ក​ឲ្យ​មាន​ការ​បាត់​បង់​ការងារ​ និង​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ និង​ទាក់ទង​នឹង​គម្រោង​របស់​លោក ​សម រង្ស៊ី​ វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ កាលពី​ថ្ងៃទី​៩​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩។

អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​ ១៥ ​នាក់​នោះ​ត្រូវ​បាន​ចោទ​ពីបទ​រួម​គំនិត​ក្បត់​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​និង​ញុះញង់​មិន​ឲ្យ​យោធា​ស្តាប់​បង្គាប់។​

លោក​ យី សុខសាន្ត​ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ចាត់​ទុក​ថាករណី​ឃុំ​ខ្លួន​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​ ១៥​ នេះ​ មាន​ចរិត​នយោបាយ។

«អ៊ីចឹង​ហើយ​បាន​គាត់​សុខចិត្ត​ដាក់​ញត្តិ​ដើរ​ទាម​ទារ​ធ្វើ​គេ​ហៅ​ថា​បាតុកម្ម​ដោយ​អហិង្សា ​ដើម្បី​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ ដោះលែង​ឲ្យ​ឪពុក​គាត់ ​ក៏​ដូច​ជា​ប្តី​គាត់​ ឲ្យ​មក​មាន​សេរីភាព​ជួប​ជុំ​គ្រួសារ​វិញ»។​

ក្នុង​ញត្តិ​ដែល​បាន​ដាក់​ជូន​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រុម​សាច់​ញាតិ​របស់​អតីត​សមាជិក​គណបក្ស​ប្រឆាំង​ បាន​ចាត់​ទុក​ថា ​ការ​ចាប់​ខ្លួន​សាច់​ញាតិ​របស់​ពួក​គេ​ជាអំពើ​អយុត្តិធម៌។​ ពួក​គេ​រៀបរាប់​ថា​ ការ​ឃុំ​ខ្លួន​សាច់​ញាតិ​របស់​ពួកគេ​ដែល​ជា​ឪពុក ​និង​ស្វាមី​ បាន​បង្ក​ការ​លំបាក​ទាំងហិរញ្ញ​វត្ថុ​ និង​ស្មារតី។​

លោក​ ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ មាន​ប្រសាសន៍​ថា​ អង្គការ​អន្តរជាតិ​នានា​គ្រាន់​តែ​អាច​ប្រាប់​ពី​រឿង​ក្តីក្តាំ​របស់​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​អង្គការ​ទាំងនោះ​មិន​អាច​ចង្អុល​ប្រាប់​តុលាការ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​បែបនេះ​ ឬ​បែបនោះ​បាន​ទេ។ លោក​ថា​ ក្រុម​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំងនេះ​បាន​ធ្វើ​សកម្ម​ភាព​តាម​ការ​បញ្ជា​ពីក្រៅ​ប្រទេស​របស់​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​ឲ្យ​បង្ក​ភាព​ចលាចល។​

«មាន​តែ​ទៅ​តវ៉ា​ជាមួយ​នឹង​មេ​ដឹកនាំ​របស់​គាត់​ ដើម្បី​ឲ្យ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​មេធាវី​ ដើម្បី​ការពារ​ពួក​គាត់​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ទេ​ ព្រោះអី​ពួក​គាត់​ធ្វើ​តាម​ការ​ញុះញង់​ការ​រៀបចំ​របស់​មេកើយ​ហ្នឹង»។

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ តាម​សារ​អ៊ីម៉េល​ថា​ លោក​ Pradeep Wagle​ តំណាង​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ បាន​ទទួល​ញត្តិ​របស់​សាច់​ញាតិ​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ។​ លោក​ Pradeep Wagle ​បាន​និយាយ​ថា ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ដោះលែង​អ្នក​ជាប់​ឃុំ​ដោយ​អន្លើ​ ទៅ​តាម​ស្ថានភាព​នៃ​ការងាយ​រងគ្រោះ​ក្នុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​អន្តរជាតិ ​(Human Rights Watch)​ បាន​កត់​ត្រា​ទុក​ថា​ ចាប់​តាំង​ពី​ខែ​មករា​មក​ដល់​ខែ​មិថុនា​នេះ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​មនុស្ស​ ១៥ ​នាក់ ​ដោយ​ផ្អែក​លើការ​ចោទ​ប្រកាន់​ជា​លក្ខណៈ​មួល​បង្កាច់​ខាង​នយោបាយ។ ​អង្គការ​នេះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​បង្រ្កាប​របស់​ខ្លួន​ទៅ​ក្រុម​គណបក្ស​ប្រឆាំង​ ដែល​ធ្វើ​ឡើង​ចាប់​តាំងពីមុន​ការ​ផ្ទុះ​ជំងឺ​ឆ្លង​កូវីដ១៩៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG