មួយថ្ងៃមុនពេលតុលាការរាជធានីភ្នំពេញគ្រោងប្រកាសសាលក្រមលើមេដឹកនាំសហជីព លោក រ៉ុង ឈុន និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី១៨ ខែសីហា ក្រុមសង្គមស៊ីវិលនិងសាច់ញាតិរបស់ពួកគេ បានទទូចសុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើពួកគេ។
ក្រោយបញ្ចប់សវនាការជុំទី៤ដែលជាជុំចុងក្រោយកាលពីចុងខែកក្កដា តុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃពុធ ទី១៨ ខែសីហា លើលោក រ៉ុង ឈុន និងមនុស្សពាក់ព័ន្ធ២នាក់ផ្សេងទៀត គឺអតីតសកម្មជនបក្សប្រឆាំង កញ្ញា ស កន្និកា និងលោក តុន និមល ជាអតីតក្រុមប្រឹក្សាសង្កាត់ដើមមៀន ក្រុងតាខ្មៅ មកពីគណបក្សសង្រ្គោះជាតិ។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក រ៉ុង ឈុន និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង២នាក់ បានថ្លែងប្រាប់VOAនៅថ្ងៃអង្គារនេះថា ពួកគេទាំង៣នាក់នឹងឡើងសវនាការប្រកាសសាលក្រមនៅថ្ងៃទី១៨ ខែសីហា។ មេធាវីរូបនេះនៅតែយល់ឃើញថាកូនក្តី រួមមានលោក រ៉ុង ឈុន មិនមានកំហុសនោះទេ ដោយសារកូនក្តីគ្រាន់តែប្រើសិទ្ធិសម្តែងមតិផ្ទាល់ខ្លួន និងធ្វើការងារការពារផលប្រយោជន៍សង្គមតែប៉ុណ្ណោះ។
លោក សំ សុគង់ បន្ថែមថាភ័ស្តុតាងក្នុងការចោទប្រកាន់ ភាគច្រើនជាសេចក្តីថ្លែងការណ៍តបរបស់រដ្ឋាភិបាលទៅលោក រ៉ុង ឈុន តែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ក្នុងពេលសវនាការអត់មានឃើញអ្វីជាភស្តុតាងអ្វីច្រើនទេ។ វាគ្រាន់តែជាសេចក្តីថ្លែងការណ៍ ហើយនិងសេចក្តីថ្លែងការណ៍តបរបស់ខាងរដ្ឋាភិបាលវិញ។ អញ្ចឹងខ្ញុំគិតថាវានៅមានការសង្ស័យ។ ការយល់ឃើញរបស់មេធាវី គួរតែតុលាការឲ្យកូនក្តីរួចផុតពីបទចោទ[ប្រកាន់]»។
អ្នកស្រី ចេង ស្រីនី អាយុ៣៧ឆ្នាំ ដែលជាភរិយា លោក តុន និមល អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ប្រាប់VOAថាអ្នកស្រីនឹងទៅចូលរួមសវនាការប្រកាសសាលក្រមរបស់ស្វាមីនៅថ្ងៃពុធ។ អ្នកស្រីនៅតែទទូចឲ្យតុលាការដោះលែងស្វាមីឲ្យមានសេរីភាពឡើងវិញ។
អ្នកស្រីថ្លែងថា៖«តុលាការ[ត្រូវតែ]រកយុត្តិធម៌[ក្នុងការ]ទម្លាក់ការចោទទាំងអស់ ពីព្រោះគាត់អត់មានកំហុសអីទេ ឲ្យគាត់មកជួបប្រពន្ធ ជួបកូនវិញមក ពីព្រោះកូនចេះតែយំសួររកឪពុកដែរ[ថា]ថ្ងៃណាប៉ាមកវិញៗ [ហើយ]ចេះសួររកនឹកយំ។ ជួនណាម៉ោង៩ ម៉ោង១០[យប់] ហើយនៅតែយំរកប៉ា។ ម៉ាក់អើយកូននឹកប៉ាណាស់!»។
បើតាមអ្នកស្រី ចេង ស្រីនី ស្វាមីត្រូវបានសមត្ថកិច្ចចាប់ខ្លួន ចាប់តាំងពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដែលប៉ះពាល់សេដ្ឋកិច្ចគ្រួសាររបស់អ្នកស្រី គឺ«ធ្លាក់ដុនដាបយ៉ាងខ្លាំង» ក្រោយស្វាមីត្រូវបានចាប់ខ្លួន។
អ្នកស្រីបន្តថា៖ «ជីវភាពមាន[ការ]ដុនដាបមែនទែន ពីព្រោះកូនឥឡូវអត់បានរៀនអត់បានអីទេ នៅផ្ទះទាំងពីរទាំងបី ហើយរកអីក៏មិនបាន។ សម័យកូវីដអញ្ចឹង ខ្ញុំទៅលក់គឺលក់មិនដាច់។ ហើយអញ្ចឹងសង្ឃឹមថាលុយយើងសល់បន្តិចបន្តួច គ្រាន់ចាយហ្នឹង ចេះតែចាយតេកតក់ៗ ចាំមើលប្តីចេញមកវិញអញ្ចឹង»។
លោក រ៉ុង ឈុន មេដឹកនាំសហជីព និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីលោកបានចុះទៅខេត្តត្បូងឃ្មុំហើយបានជួបប្រជាពលរដ្ឋនៅទីនោះដែលអះអាងថាដីរបស់ពួកគេត្រូវបានអាជ្ញាធរវៀតណាមហាមមិនឲ្យធ្វើស្រែចម្ការ ហើយការបោះបង្គោលព្រំដែនបានចូលមកទឹកដីកម្ពុជា។ ការចាប់ខ្លួនលោក រ៉ុង ឈុន នាំឲ្យមានការតវ៉ាពីសកម្មជនមួយចំនួន ហើយមនុស្សជាង១០នាក់ទៀត ត្រូវបានចាប់ខ្លួនផងដែរ ក្នុងនោះក៏មានកញ្ញា ស កន្និកា ដែលជាអតីតសកម្មជនម្នាក់របស់គណបក្សសង្រ្គោះជាតិ។
ម្តាយរបស់កញ្ញា ស កន្និកា គឺអ្នកស្រី ឈិន សុផល ក៏ទទូចឲ្យតុលាការដោះលែងកូនស្រី។ អ្នកស្រីបន្តថា៖ «ខ្ញុំចេះតែបន់ឲ្យគេ[តុលាការ]ឆាប់ដោះលែង[កូនខ្ញុំ]មក ពីព្រោះអី[កូនខ្ញុំ]គ្មានកំហុសគ្មានអីទេ»។
កញ្ញា ស កន្និកា ត្រូវបានឃាត់ខ្លួនកាលពីខែសីហា ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»ដូចលោក រ៉ុង ឈុន ដែរ តាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌកម្ពុជា ក្រោយពីបានចូលរួមតវ៉ាឲ្យមានការដោះលែង លោក រ៉ុង ឈុន។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងថាប្រសិនបើតុលាការកម្ពុជាឯករាជ្យ នោះលោក រ៉ុង ឈុន និងជនជាប់ចោទផ្សេងទៀត នឹងមិនត្រូវប្រឈមមុខនឹងការកាត់ឲ្យមានទោសឡើយ។
អ្នកស្រីថ្លែងថា៖« បើសិនជាតុលាការឯករាជ្យ ខ្ញុំមានសង្ឃឹម[ហើយ]បើតុលាការតេឡេ ខ្ញុំគ្មានសង្ឃឹមថាគេនឹងដោះលែងលោក រ៉ុង ឈុន ទេ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «ការសម្រេចយ៉ាងណានៅលើតុលាការ»។
កាលពីថ្ងៃអាទិត្យ អង្គការលីកាដូដែលជាអង្គការឃ្លាំមើលនិងការពារសិទ្ធិមនុស្ស បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយអំពាវនាវឲ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនសិទ្ធិមនុស្សផ្សេងទៀត។ អង្គការលីកាដូបញ្ជាក់ក្នុងសារថា៖ «មួយរយៈចុងក្រោយនេះ អាជ្ញាធររដ្ឋបានបង្កើនការចាប់ខ្លួន ចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារសកម្មជនសង្គមជាច្រើននាក់ ដែលតែងតវ៉ាបែបអហិង្សា ដោយលើកឡើងពីបញ្ហាសិទិ្ធមនុស្សនៅក្នុងប្រទេស ដូចជាការរំលោភសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការជួបជុំ និងប្រមូលផ្តុំ រឿងព្រំដែន និងថ្មីៗនេះគឺបញ្ហាបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ»៕