ក្រុមគ្រួសារជនរងគ្រោះដែលបាត់ខ្លួននៅក្នុងករណីភ្លើងឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទូចឱ្យអាជ្ញាធរពន្លឿនការពិនិត្យ DNA សាកសព ឬកំណត់ទិន្នន័យហ្សែន ដើម្បីប្រាកដថាតើសាច់ញាតិរបស់ពួកគេស្លាប់ ឬក៏នៅរស់។
អាជ្ញាធរបានរកឃើញសាកសពចំនួន ២៦ នាក់ ដែលភាគច្រើនជាជនជាតិថៃ ហើយបានអះអាងថា មិនមានជនជាតិខ្មែរណាម្នាក់ឡើយដែលបានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យនេះ។ យ៉ាងណាមិញ សាកសពមនុស្ស ៦ នាក់ ដែលត្រូវបានភ្លើងឆាបឆេះខ្ទេចខ្ទីហើយមិនស្គាល់អត្តសញ្ញាណ កំពុងតែត្រូវបានធ្វើ DNA ឬកំណត់ទិន្នន័យហ្សែន ខណៈមកដល់ពេលនេះមិនទាន់ដឹងលទ្ធផលនៅឡើយនោះទេ។
លោក ហៀង ប៊ុននឿន ដែលបានបាត់ប្អូនថ្លៃ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកមិនទាន់ទទួលបានដំណឹងអ្វីសោះពីអាជ្ញាធរពាក់ព័ន្ធនឹងប្អូនរបស់លោក ដែលបានបាត់ខ្លួន នៅក្នុងហេតុការណ៍អគ្គិភ័យនៅអគារកាស៊ីណូ Grand Diamond City កាលពីយប់ឈានចូលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២។ បុរសរូបនេះកំពុងតែទន្ទឹងរង់ចាំដំណឹងពីអាជ្ញាធរពាក់ព័ន្ធ។ លោកទទូចឱ្យអាជ្ញាធរស្វែងរកសាច់ញាតិរបស់ខ្លួនឱ្យបានឆាប់ឃើញ។ លោកក៏បានអះអាងថា អាជ្ញាធរមានភាពអសកម្ម និងធ្វើការយឺតយ៉ាវ។
លោក ប៊ុននឿន បញ្ជាក់ថា៖ «អារឿងការយឺតយ៉ាវ គឺយឺតយ៉ាវហើយ។ បើសិនជាអាជ្ញាធរដែលគេដុតដៃដុតជើង ដូចខាងថៃ គេដឹងប្រជាពលរដ្ឋគេប៉ុន្មាននាក់អីប៉ុន្មាននាក់ហើយ តែខ្មែរយើង គ្មានដុតដៃដុតជើងទេ»។
លោកបន្ថែមថា៖ «អាហ្នឹងយើងប្រាប់គេហើយថា ចាំមើលគេរៀបចំបង្ហើយ គ្រែងវាដឹង។ យើងគ្រាន់រងចាំមើលថា តើធ្វើឱ្យហើយ (ពិនិត្យ DNA) វាប៉ុន្មានខែ ប៉ុន្មានឆ្នាំ។ រងចាំ!»។
អ្នកដែលត្រូវបានជួយសង្គ្រោះពីភ្លើងឆេះ ហើយនៅរស់រានមានជីវិត ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ។ គេមិនទាន់ដឹងនៅឡើយទេថា តើមានជនជាតិខ្មែរដែលកំពុងព្យាបាលនៅទីនោះឬយ៉ាងណា។
អ្នកស្រី ជឿន ច្រិប អាយុ ៣៧ ឆ្នាំ ជាមីងរបស់អ្នកស្រី សំ ស្រីមុំ ដែលបានបាត់ខ្លួន ប្រាប់វីអូអេថា អ្នកស្រីជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់ និងធ្វើការងាឲ្យរហ័សជាងនេះ ដើម្បីឱ្យប្រាកដថា តើក្មួយស្រីរបស់អ្នកស្រីនៅមានជីវិត ឬយ៉ាងណា។
អ្នកស្រីថ្លែងថា៖ «ខ្ញុំបានជំរុញគាត់ដែរថា យើងគួរទៅនិយាយជាមួយអាជ្ញាធរឱ្យច្បាស់ថា ធ្វើម៉េចរុករកឱ្យឃើញ ព្រោះអីយើងអាចរកសពមកធ្វើបុណ្យ។ ចុះបើអត់មានសព? អត់ឃើញបាត់ដំណឹងឈឹង។ ហើយមិនដឹងធ្វើម៉េចឥឡូវ! មានតែធ្វើបុណ្យឱ្យទៅ អត់មានសពមានអីផង»។
បើតាមស្ត្រីរូបនេះ អ្នកស្រី សំ ស្រីមុំ ដែលបានបាត់ខ្លួនទៅនោះ មានកូន ៣ នាក់ ហើយម្តាយនិងស្វាមីរបស់អ្នកស្រី ស្រីមុំ តែងតែយំ ដោយសារតែមិនមានដំណឹងអ្វីសោះឡើយពីកូននិងភរិយា។
អ្នកស្រីបញ្ជាក់ថា៖ «ខាងប្តីវា គិតតែពីយំ ហើយម្តាយក្មេក ម្តាយវាបង្កើតហ្នឹង គាត់យំរហូត ហើយខ្ញុំដល់អ៊ីចឹង ពិបាកណាស់! គាត់យំ!»
អ្នកស្រី ច្រិប អះអាងទៀតថា ក្រុមគ្រួសារក៏បានឱ្យសាច់ញាតិជួយសាកសួរ ក៏ដូចជាស្វែងរកនៅប្រទេសថៃដែរ ប៉ុន្តែមិនមានដំណឹងអ្វីឡើយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ជាធម្មតា សាច់ញាតិតែងតែអន្ទះសារចង់ដឹងថា តើបងប្អូនរបស់ពួកគេនៅមានជីវិត ឬយ៉ាងណា ដោយសារតែពួកគេប្រាកដថា សាច់ញាតិរបស់ពួកគេបានធ្វើការនៅកន្លែងកាស៊ីណូ ដែលត្រូវបានភ្លើងឆាបឆេះនោះ។ លោកជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរ ពន្លឿននូវការស្រាវជ្រាវក៏ដូចជាការពិនិត្យនូវ DNA ដើម្បីឱ្យក្រុមគ្រួសាររបស់ជនរងគ្រោះស្ងប់ក្នុងចិត្ត។
លោកបញ្ជាក់ថា៖ «អ៊ីចឹងយើងជាសង្គមស៊ីវិល គឺយើងទទូចស្នើសុំឱ្យពន្លឿនក្នុងការស្រាវជ្រាវ ឬក៏ការពិនិត្យទៅលើ DNA ដើម្បីឱ្យប្រាកដប្រជាសម្រាប់ក្រុមគ្រួសារជនរងគ្រោះ ព្រោះពួកគាត់ដែលបាត់ក្រុមគ្រួសារហ្នឹងមានចិត្តអន្ទះសារ»។
អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក សេក សុខុម ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អាជ្ញាធរបានខិតខំប្រឹងប្រែងដើម្បីរកឱ្យឃើញជនរងគ្រោះ។ ប៉ុន្តែលោកថា វាត្រូវដើរស្របទៅតាមនីតិវិធី មិនអាចធ្វើទៅតាមតែការចង់បានរបស់ក្រុមគ្រួសារជនរងគ្រោះឡើយ។
លោកបញ្ជាក់ថា៖ «ចំពោះប្រជាពលរដ្ឋ ធម្មតាគាត់បាត់សាច់ញាតិ គាត់ចង់ពន្លឿន សូម្បីភ្លើងកំពុងតែឆេះក៏គាត់ថា សមត្ថកិច្ចជួយរកឱ្យឃើញ។ តាមពិត គេប្រឹងធ្វើតាមដំណាក់កាល តាមបច្ចេកទេសរបស់គេ ហើយយើងមិនអាចធ្វើតម្រូវតាមចិត្តរបស់យើងបានទេ»។
កាលពីយប់ថ្ងៃទី ២៨ ឈានចូលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ មានករណីភ្លើងឆេះអគារកាស៊ីណូ និងសណ្ឋាគារ Grand Diamond City ដែលបណ្តាលឱ្យមនុស្ស ២៦ នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ភាគច្រើនជាជនជាតិថៃ។
កាស៊ីណូមួយនេះមានម្ចាស់ជាជនជាតិថៃ។ ករណីអគ្គិភ័យនេះត្រូវបានអាជ្ញាធរកម្ពុជាសន្និដ្ឋានបឋមថា ដោយសារឆ្លងចរន្តអគ្គិសនី ពេលកាស៊ីណូបានប្រើប្រាស់ភ្លើងច្រើនសម្រាប់រៀបចំតុបតែឱកាសឆ្លងឆ្នាំថ្មី។ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា មូលហេតុអ្វីបានជាអគ្គិភ័យមិនអាចពន្លត់បានភ្លាមៗ ហើយបណ្តាលឱ្យឆាបឆេះរហូតដល់ជាង ១៥ ម៉ោង៕