អាជ្ញាធរកម្ពុជា និងថៃ នៅថ្ងៃសុក្រនេះ បន្តរកឃើញមនុស្សស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនៅអគារសណ្ឋាគារនិងកាស៊ីណូ Grand Diamond City ក្នុងទីក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ខណៈក្រុមគ្រួសារមួយចំនួនកំពុងស្វែងរកសាច់ញាតិរបស់ពួកគេដែលបាត់ខ្លួន។
អ្នកស្រី កែវ វណ្ឌី អាយុ ៣២ ឆ្នាំ បានបាត់ស្វាមីឈ្មោះ កែវ វិសុទ្ធ អាយុ ៤៨ ឆ្នាំ ជាប្រធានផ្នែកបុគ្គលិកនៅក្នុងកាស៊ីណូ។ កំពុងអង្គុយកាន់រូបថតរបស់ស្វាមី នៅខាងមុខវត្តដែលតម្កល់សាកសពដើម្បីរង់ចាំដំណឹងស្វាមីដែលបាត់ខ្លួន អ្នកស្រីបានអំពាវនាវទៅអាជ្ញាធរឲ្យជួយស្វែងរកស្វាមីរបស់អ្នកស្រីឲ្យឃើញផង។
អ្នកស្រីបន្ថែមថា៖ «គាត់មានកូនពីរនាក់ ស្រីមួយ ប្រុសមួយ ហើយនៅតូចនៅឡើយ អ៊ីចឹង[សូម]ឲ្យសមត្ថកិច្ច ឬកងកម្លាំងឲ្យគាត់ចុះមកជួយរកសាកសពមនុស្សនេះ រកឲ្យឃើញ»។
ចំណែកលោក បាន ដូច អាយុ ៥៦ ឆ្នាំ កំពុងស្វែងក្មួយរបស់លោកគឺអ្នកស្រី សំ ស្រីមុំ អាយុ ៣២ ឆ្នាំ ជាអ្នកសម្អាតដែលបាត់ខ្លួននៅក្នុងកាស៊ីណូនោះ។ លោកថា លោកមិនឃើញក្មួយរបស់លោកពីរថ្ងៃមកហើយ។
លោកថ្លែងថា៖ «បាត់ក្មួយពីរយប់ ហើយកូនបីនាក់[របស់អ្នកស្រី សំ ស្រីមុំ] យំរក។ ហើយម្តាយ[របស់អ្នកស្រី សំ ស្រីមុំ] យំនៅឯផ្ទះឯណោះ»។
លោក ហៀង ប៊ុននឿន អាយុ ៥៣ ឆ្នាំ ត្រូវជាបងថ្លៃរបស់អ្នកស្រី អឿ ធី អាយុ ៤១ ឆ្នាំ ជាអ្នកសម្អាត ដែលបាត់ខ្លួនក្នុងអគារកាស៊ីណូនោះផងដែរ ក៏កំពុងតាមរកសាច់ញាតិផងដែរ។
លោកបញ្ជាក់ថា៖ «អូនអើយ រក២ថ្ងៃហើយ រកអត់ឃើញ។ អានោះ[សាច់ញាតិ អ្នកស្រី អឿ ធី] ម្សិលម៉ិញរាគផង អីផង រត់មកជួយរកហ្នឹង»។
លោក អ៊ឹង ប៊ុនឡេង អាយុ ៣៨ ឆ្នាំ អ្នកកាន់ឃ្លាំងនៅកាស៊ីណូ ដែលបានរួចផុតជីវិតដោយចុះតាមបង្អួចពីបន្ទប់ជាន់ទីបី ប្រាប់វីអូអេថា ភ្លើងឆេះនៅជាន់ក្រោមដែលធ្វើឲ្យអ្នកស្នាក់នៅខាងលើពិបាករត់គេច។ លោកថា បើសិនភ្លាមៗមានរថយន្តពន្លត់អគ្គិភ័យមកទាន់ពេលវេលា ហេតុការណ៍ឆេះនឹងមិនធ្ងន់ធ្ងរបែបនេះឡើយ។
លោកថ្លែងថា៖ «ខ្ញុំគិតថា បើមានឡាន [ទឹក]មកច្រើន ប្រហែលជា[ជួយសង្គ្រោះមនុស្ស]បាន ព្រោះពេលហ្នឹងវាមានតែផ្សែងហ្នឹង អត់ទាន់មានភ្លើងទេ»។
ហេតុការណ៍នៃអគ្គិភ័យនោះបានកើតឡើងនៅម៉ោងប្រមាណ ១១និង៣០នាទីយប់ថ្ងៃពុធ ទី ២៨ ខែធ្នូ ឆ្នាំ ២០២២ ឈានចូលដល់ថ្ងៃព្រហស្បតិ៍។ មន្ត្រីពាក់ព័ន្ធបញ្ជាក់ថា អគ្គិភ័យនេះគឺដោយសារកាស៊ីណូនេះរៀបចំព្រឹត្តិការណ៍ចុងឆ្នាំ ដូច្នេះត្រូវការថាមពលអគ្គិសនីច្រើន ដែលជាហេតុបណ្តាលឲ្យផ្ទុះចរន្តអគ្គិសនី។
បើគិតត្រឹមរសៀលថ្ងៃសុក្រ មនុស្សយ៉ាងតិច ២៥ នាក់ត្រូវបានរាយការណ៍ថា ស្លាប់និងរបួសជាង ៧០ នាក់។ ចំនួនអ្នកស្លាប់អាចបន្តកើនឡើង។
ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែគឺផ្លូវជាតិលេខ ៣១ និងលេខ ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងចូលរួមមរណទុក្ខចំពោះឧបទ្ទវហេតុអគ្គិភ័យ ដែលកើតឡើងនៅសណ្ឋាគារ និងកាស៊ីណូ Grand Diamond City និងកាស៊ីណូប៉ោយប៉ែតរីសតក្នុងទីក្រុងប៉ោយប៉ែតនោះផងដែរ។ លោកបន្ថែមថា អគារខ្ពស់ៗត្រូវតែមានរថយន្តពន្លត់អគ្គិភ័យដើម្បីការពារចំពោះគ្រោះឧបទ្ទវហេតុអគ្គិភ័យដូចនេះ។
លោកថ្លែងថា៖ «នេះជារឿងសោកនាដកម្មមួយបានកើតនៅចុងឆ្នាំនេះ ដែលជារឿងអាក្រក់។ ហើយការឃើញបែបនេះ យើងនឹងនៅតែបន្តដើម្បីហ្នឹងរៀបចំបំពាក់ ដូចជាអគារខ្ពស់ៗត្រូវតែមានឡានសម្រាប់បាញ់ទឹក សម្រាប់អគារខ្ពស់ៗនោះ»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ថ្លែងថា រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ត្រួតពិនិត្យតាមអគារធំៗឡើងវិញ ទាក់ទងប្រព័ន្ធសុវត្ថិភាពនានា ដើម្បីកុំឲ្យចេះតែមានហេតុការណ៍នេះកើតឡើងបន្តបន្ទាប់ទៀត។ លោកថ្លែងថា នៅប្រទេសគេគឺគេមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ទាក់ទងប្រព័ន្ធសុវត្ថិភាពអគារខ្ពស់ៗ។
លោកថ្លែងថា៖ «ការសាងសង អត់គិតពីប្រព័ន្ធសុវត្ថិភាពឲ្យបានច្រើន ហើយយើងរវល់គិតតែរឿងបន្ទប់ ហើយ Business [ជំនួញ] មិនគិតអំពីសុវត្ថិភាព អាហ្នឹងកាលណាតែមានគ្រោះថ្នាក់គឺមិនងាយសង្គ្រោះទេ។ ហើយអ្នកដែលនៅក្នុងនោះក៏គ្មានច្រកសុវត្ថិភាពដើម្បីចាក់ចេញដែរ។ អាហ្នឹងដែលធ្វើឲ្យគ្រោះថ្នាក់កើតឡើង។ រឿងទាំងអស់នេះគួរឲ្យសោកស្តាយមែនទែន»។
លោកបន្ថែមថា៖ «កម្ពុជាកំពុងតែមានការអភិវឌ្ឍអគារខ្ពស់ៗ ហើយបើសិនអគារខ្ពស់ៗទាំងអស់ហ្នឹង អភិវឌ្ឍ[សាងសង]រួចរាល់ហើយក៏ត្រូវតែមើល ត្រួតពិនិត្យមើលប្រព័ន្ធសុវត្ថិភាពឡើងវិញ ហើយកែលម្អប្រព័ន្ធសុវត្ថិភាពហ្នឹងឲ្យបានល្អប្រសើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលកើតឡើងដូចប៉ោយប៉ែត»។
គួរបញ្ជាក់ថា ទីក្រុងប៉ោយប៉ែតជាតំបន់មួយដែលសម្បូរទៅដោយជនបរទេសផងដែរ ដោយសារទីនោះមានការប្រកបរបរកាស៊ីណូ៕