ក្រុមសហជីព និងកម្មករដែលកំពុងបម្រើការក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ និងកាបូបបានជំរុញឱ្យភាគីពាក់ព័ន្ធគិតគូរដំឡើងប្រាក់ឈ្នួលឆ្នាំ ២០២៥ ឱ្យបានក្នុងកម្រិតមួយជាអតិបរមា ដើម្បីអាចជួយសម្រាលបន្ទុកសេដ្ឋកិច្ច និងជីវភាពរបស់កម្មករ។
ការជំរុញនេះធ្វើឡើងស្របពេលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កំពុងចរចាប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ ២០២៥។ ការចរចាប្រាក់ឈ្នួលនៃវិស័យនេះតែងតែធ្វើឡើងជារៀងរាល់ឆ្នាំរវាងបីភាគី ដែលរួមមានតំណាងនិយោជក តំណាងកម្មករនិយោជិត និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការចរចានេះកំពុងស្ថិតក្នុងមានការប្រទាញប្រទង់ក្នុងគម្លាតចំនួន ៨ ដុល្លារអាមេរិក ដោយតំណាងកម្មករនិយោជិត ធ្លាប់ទាមទារឱ្យដំឡើង ១៤ ដុល្លារអាមេរិក ចុះមកត្រឹម ១០ ដុល្លារ។ ចំណែកតំណាងភាគីនិយោជកធ្លាប់ដាក់តួលេខដំឡើង ១ ដុល្លារ ប្តូរមកដំឡើង ២ ដុល្លារវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ចុះថ្ងៃទី ៦ ខែកញ្ញា ស្តីពីលទ្ធផលនៃជំនួបចរចាប្រាក់ឈ្នួលលើកទី ៨។ តួលេខនេះនឹងត្រូវយកមកជជែកចរចារវាងភាគីទាំងបីជាបន្តបន្ទាប់ទៀត មុននឹងឈានទៅបោះឆ្នោតសម្រេចថា តើប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០២៥ នឹងឡើងក្នុងកម្រិតណាមួយនោះ។
អ្នកស្រី អ៊ុក ស្រីធំ មកពីខេត្តពោធិ៍សាត់ និងកំពុងធ្វើការនៅរោងចក្រកាត់ដេរ នៅម្តុំផ្លូវវេងស្រេង រាជធានីភ្នំពេញ ប្រាប់វីអូអេថា អ្នកស្រីទទួលបានប្រាក់ឈ្នួលប្រចាំខែសរុប ២២៥ ដុល្លារដែលបូកទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលរោងចក្រផ្តល់ឱ្យ។
ស្ត្រីដែលមានកូន ២ នាក់ និងមានស្វាមីជាកម្មករសំណង់ រូបនេះ បានត្អូញត្អែរអំពីបញ្ហាប្រឈម ក៏ដូចជាបញ្ហាសេដ្ឋកិច្ច និងជីវភាពរបស់ខ្លួន ដូចជាការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ ទិញទឹកដោះកូន បង់ថ្លៃផ្ទះជួល បង់សងធនាគារ និងផ្ញើប្រាក់ទៅឪពុកម្តាយដែលរស់នៅស្រុកកំណើតជាដើម។
អ្នកស្រីប្រាប់វីអូអេថា៖ «វាមិនសូវគ្រប់គ្រាន់ប៉ុន្មានទេ បានតែមួយចាយៗ។ វាមិនសល់ណា៎!»។
ក្នុងពេលដែលភាគីពាក់ព័ន្ធកំពុងចរចាប្រាក់ឈ្នួលអប្បបរមា កម្មការិនីវ័យអាយុ ៣៦ឆ្នាំរូបនេះ បានស្នើទៅភាគីពាក់ព័ន្ធដំឡើងប្រាក់ឈ្នួល ១០ ដុល្លារបន្ថែមទៀតលើប្រាក់ខែគោលបច្ចុប្បន្នដែលមានចំនួន ២០៤ ដុល្លារ។
អ្នកស្រីបញ្ជាក់ថា៖ «និយាយរួមទៅ ប្រាក់ខែគោលឥឡូវហ្នឹង ២០៤ ហើយ តែចង់ឱ្យខាងតំណាងសហជីពជួយឱ្យដំឡើងឱ្យបានត្រឹម ១០ ដុល្លារអីទៀតមក គ្រាន់បានជួយសម្រួល ការចាយវាយ។ ឥវ៉ាន់ឥឡូវឡើងថ្លៃច្រើនណាស់»។
ចំណែកកម្មការិនីម្នាក់ទៀតដែលកំពុងអង្គុយហូបបាយកញ្ចប់រួមគ្នាជាមួយកម្មករផ្សេងទៀតនៅខាងមុខរោងចក្រកាត់ដេរ នៅម្តុំផ្លូវវេងស្រេងដែរនោះ អ្នកស្រី សេង ធារ៉ែន យល់ថា បើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៥ ឡើងបានតិចតួច ឬឡើងត្រឹម ២ ដុល្លារអាមេរិក នោះវានៅតែមិនអាចដោះស្រាយជីវភាពរបស់កម្មករឱ្យរស់នៅសមរម្យបាន។
កម្មការិនីវ័យ ៣៥ ឆ្នាំរូបនោះប្រាប់វីអូអេថា៖ «២ ដុល្លារសម្រាប់ពួកខ្ញុំ ខ្ញុំថា តិចពេក។ វាឡើងអត់សរម្យនឹងតម្លៃដែលចង់ឡើង[ចង់ទទួលបាន] ព្រោះថែមដូចខាងនេះ[សហជីព]ទាមទារ ១០ ដុល្លារអាចសមរម្យ អ៊ីចឹងណា៎។ ប៉ុន្តែគ្រាន់តែចរចា ១០ ដុល្លារ និង ២ ដុល្លារ អាហ្នឹងយើងម៉េចដឹង។ អាហ្នឹងស្រេចលើគេឱ្យ។ ប៉ុន្តែតាមពួកខ្ញុំ អត់សមរម្យទេ ឱ្យ២ដុល្លារហ្នឹងហ៍!»។
បើតាមកម្មការិនីរូបនោះ បច្ចុប្បន្ននេះ កម្មកររោងចក្រសុទ្ធតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ដោយសារចំណូលតិច មិនសមាមាត្រទៅនឹងការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ។
អ្នកស្រីលើកឡើងថា៖ «និយាយទៅកម្មករទាំងអស់ ជួបសុទ្ធតែដូចគ្នាទាំងអស់។ អត់មានអ្នកណាមួយច្រើនជាងអ្នកណាទេ គឺខ្វះខាតទាំងអស់គ្នា»។
ចំណែកក្រុមមេដឹកនាំសហជីព ដែលជាតំណាងចរចាប្រាក់ឈ្នួលឱ្យកម្មករ នៅតែយល់ឃើញថា ប្រសិនបើការដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ ២០២៥ តិចជាង ១០ ដុល្លារ នោះវាមិនទាន់ឆ្លើយតបទៅនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់កម្មករឡើយ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ប្រាប់វីអូអេថា ការចរចាប្រាក់ឈ្នួលរវាងត្រីភាគីប្រព្រឹត្តទៅបានចំនួន៣លើក បើគិតត្រឹមថ្ងៃទី ៦ ខែកញ្ញា ដែលការចរចាកំពុងស្ថិតក្នុងដំណាក់កាលពន្យល់ហេតុផលគ្នាទៅវិញទៅមករវាងភាគីតំណាងនិយោជក និងតំណាងកម្មករនិយោជិត ដែលផ្តោតលើអតិផរណាលើទីផ្សារ កត្តាសេដ្ឋកិច្ច និងលក្ខណៈវិនិច្ឆ័យទាំង៧ចំណុច។
អ្នកស្រីចាត់ទុកការចរចាប្រាក់ឈ្នួលគ្រាន់តែជាការកែប្រែប្រាក់ឈ្នួលឱ្យស្របតាមអតិផរណាទីផ្សារប៉ុណ្ណោះ ដោយវាមិនទាន់ឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការសេដ្ឋកិច្ច និងជីវភាពរបស់កម្មករនោះទេ។
អ្នកស្រីថ្លែងថា៖ «បើសិនណាប្រាក់ឈ្នួលឡើងទៅតាមសំណូមពររបស់សហជីពដែលបានដាក់ទៅក្នុងលេខ ២១៨ ឬ ២១៤ហ្នឹង គ្រាន់តែជាការកែប្រែប្រាក់ឈ្នួលរបស់កម្មករពីមុនទៅតាមតម្លៃអតិផរណាទីផ្សារតែប៉ុណ្ណោះ មិនមែនជាការដំឡើងឱ្យកម្មករទៅតាមអ្វី ដែលជាការចំណាយរបស់កម្មករជាក់ស្តែងឱ្យគាត់មានជីវភាពសមរម្យនៅក្នុងសង្គមថ្លៃថ្នូរបានទេ។ វាគ្រាន់តែជាការកែសម្រួលប្រាក់ឈ្នួលតែប៉ុណ្ណោះ»។
ប្រធានសហព័ន្ធសហជីពកម្ពុជារូបនេះ បន្តថា បើសិនជាតួលេខនៃប្រាក់ឈ្នួលអប្បបរមាក្រោម ២១៤ ដុល្លារ នោះតួលេខនេះនឹងធ្វើឱ្យកម្មករប្រឈមមុខទៅនឹងបញ្ហាសេដ្ឋកិច្ច និងជីវភាពរស់នៅ។
អ្នកស្រីថ្លែងថា៖ «បើសិនណាប្រាក់ឈ្នួលរបស់កម្មករ អត់កែសម្រួលពីឆ្នាំមុន មកតាមសំណើររបស់សហជីពទេ ធ្វើឱ្យកម្មកររបស់យើងកាន់តែពិបាក ហើយអត់ឱ្យគាត់យកទៅចាយវាយ ឬយកទៅទិញនំ ចំណីអាហារហូបចុកទៅតាមតម្រូវការជីវភាពរស់នៅរបស់គាត់ទេ»។
បើតាមអ្នកស្រី យ៉ាង សុភ័ណ្ឌ ការលើកហេតុផលរបស់តំណាងនិយោជក មិនទាន់ឃើញការបញ្ជាក់បែបលក្ខណៈបច្ចេកទេស និងសេដ្ឋកិច្ចណាមួយនៅឡើយទេ ក្រៅពីលើកឡើងការប្រឈមសេដ្ឋកិច្ច ដោយសារការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ក៏បានឱ្យដឹងដែរថា ការចរចាប្រាក់ឈ្នួលរវាងភាគីពាក់ព័ន្ធនឹងធ្វើឡើងប្រមាណ ២ឬ៣ដងទៀត ដែលអាចនឹងបញ្ចប់កិច្ចចរចាប្រាក់ឈ្នួលនៅត្រឹមខែកញ្ញានេះ។
ចំណែកលោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា មើលឃើញថា មូលដ្ឋានវិនិច្ឆ័យទាំង ៧ ចំណុច ដែលយកមកចរចាប្រាក់ឈ្នួលនេះ គឺមានភាពចុះសម្រុងគ្នាច្រើន។ លោកបន្ថែមថា បើសិនជាប្រាក់ឈ្នួលដំឡើងត្រឹម ២ ដុល្លារអាមេរិក នោះវាមិនទាន់ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្មករឡើយ។ លោករំពឹងថា ការចរចាជាបន្តបន្ទាប់ទៀតនឹងអាចបង្កើនប្រាក់ឈ្នួលអប្បបរមានេះបានមួយកម្រិតទៀត។
លោកប្រាប់វីអូអេថា៖ «ឥឡូវនេះ វាមានភាពស្របគ្នាច្រើន អ៊ីចឹងខាងរដ្ឋាភិបាលក៏បានប្រឹងប្រែង ហើយយើងដឹងហើយរឿងមួយចំនួនទៀត ដែលយើងត្រូវការដោះ[ស្រាយ]បណ្តើរៗទៀត។ ក៏ប៉ុន្តែខ្ញុំជឿជាក់ថានឹងមានការឡើងជាបន្តទៀត ហើយថាតើឡើងដល់កម្រិតណា អាហ្នឹងអាស្រ័យទៅលើកត្តាសេដ្ឋកិច្ចយើងផង ហើយនឹងកត្តាប្រកួតប្រជែងក្នុងវិស័យ ហើយនឹងកត្តាប្រទេសដែលប្រកួតប្រជែងតំបន់យើងហ្នឹងផង»។
លោក ខេន លូ អគ្គលេខាធិការនៃសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ (TAFTAC) ប្រាប់វីអូអេថា តំណាងនិយោជកក៏បានប្រើប្រាស់លក្ខខណ្ឌទាំង៧ចំណុចក្នុងការចរចាប្រាក់ឈ្នួលនេះផងដែរ។
លោកបដិសេធមិនបញ្ជាក់ថា តើហេតុអ្វីបានជាតំណាងនិយោជកកំណត់ដំឡើង ២ ដុល្លារនោះទេ ដោយលោកប្រាប់អ្នកសារព័ត៌មានវីអូអេឱ្យរង់ចាំមើលលទ្ធផលនៃកិច្ចចរចាជាបន្តបន្ទាប់ទៀត។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹងយ៉ាងម៉េច អីយ៉ាងម៉េច ចាំលទ្ធផលនៃការចរចាទៅ! យើងចរចាអត់ទាន់ចប់»។
កាលពីឆ្នាំមុន ភាគីពាក់ព័ន្ធបានបោះឆ្នោតដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២ដុល្លារអាមេរិក។ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែម ២ ដុល្លារអាមេរិកទៀតដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០២៤ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ២០៤ ដុល្លារអាមេរិកក្នុងមួយខែ។
ទាក់ទងនឹងដំណើរការចរចាប្រាក់ឈ្នួលសម្រាប់ឆ្នាំ ២០២៥ ក្រោយបញ្ចប់កិច្ចប្រជុំចរចាប្រាក់ឈ្នួលលើកទី ៨ កាលពីថ្ងៃទី ៦ ខែកញ្ញានោះលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ប្រាប់សារព័ត៌មានក្នុងស្រុក ថា ក្រសួងការងារនឹងខិតខំសម្របសម្រួលឱ្យភាគីតំណាងកម្មករនិយោជិត និងតំណាងនិយោជកកាន់តែយល់គ្នា និងខិតជិតគ្នា ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៥។
លោកថ្លែងថា៖ «ហើយរដ្ឋាភិបាលនឹងខិតខំធ្វើម៉េចឱ្យមានប្រព័ន្ធ ឱ្យមានយន្តការ ហើយនឹងផ្តល់ហេតុផលស្ថិតិ ធ្វើម៉េចឱ្យបានសមរម្យ ដើម្បីភាគីនីមួយៗ គាត់អាចយោង និងធ្វើការពិភាក្សាគ្នាបាន»។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គឺជាយន្តការត្រីភាគី ដែលមានសមាជិកសរុប៥១ រូប ដោយក្នុងនោះ ១៧ រូបជាតំណាងរាជរដ្ឋាភិបាល ១៧ រូបជាតំណាងនិយោជក និង ១៧ រូបទៀតជាតំណាងកម្មករនិយោជិត ដើម្បីពិនិត្យ និងវាយតម្លៃទៅលើលក្ខណៈវិនិច្ឆ័យសេដ្ឋកិច្ច និងសង្គមចំនួន ៧ ចំណុច ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដែលវិភាគអំពីស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អន។
អ្នកនាំពាក្យក្រសួងការងាររូបនេះ សង្ឃឹមថា កិច្ចប្រជុំត្រីភាគីដែលនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត នឹងមានការសម្របសម្រួលគ្នា និងឈានទៅកំណត់តួលេខនៃការដំឡើងប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អប្រសើរជាងឆ្នាំ ២០២៤។
លោក កត្តា អន ប្រាប់វីអូអេថា៖ «កត្តាទាំង ៧ នេះ គឺជាមូលដ្ឋានគ្រឹះនៅក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិតយើង ដែលនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ ឯនិយោជកមានការចំណេញសមរម្យផងដែរ។ អ៊ីចឹងភាគីទាំងអស់នឹងទទួលបានប្រយោជន៍ដូចគ្នា»។
បើគិតត្រឹមដំណាច់ឆមាសទី ១ ឆ្នាំ ២០២៤ កម្ពុជាមានកម្មករបម្រើការក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ចំនួនជាង ៩១ ម៉ឺននាក់ (៩១៣.០១៧នាក់) ដែលធ្វើការក្នុងរោងចក្រចំនួន ១.៥៣៨។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ៕
វេទិកាបញ្ចេញមតិ