ប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរក្នុងឆ្នាំ ២០២៥ ត្រូវបានកំណត់ចំនួន ២០៨ ដុល្លារក្នុងមួយខែ ដែលធ្វើឱ្យកម្មករទទួលបានប្រាក់ឈ្នួលបន្ថែមចំនួន ៤ ដុល្លារ បើធៀបនឹងឆ្នាំ ២០២៤ មានចំនួន ២០៤ ដុល្លារ។
នារសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ភាគីរដ្ឋាភិបាល និយោជក និងសហជីពតំណាងកម្មករ បានរៀបចំការបោះឆ្នោតកំណត់ប្រាក់ឈ្នួលគោលអប្បរមាសម្រាប់ឆ្នាំ ២០២៥ ដែលមានតួលេខ ២០៦ ដុល្លារ ២០៨ ដុល្លារ និង ២១៤ ដុល្លារ។ ជាលទ្ធផល អ្នកដែលបោះឆ្នោតជ្រើសយកតួលេខ ២០៦ ដុល្លារមានចំនួន ៤៦ លើ ៥១ សំឡេង អ្នកដែលបោះឆ្នោតជ្រើសយកតួលេខ ២០៨ ដុល្លារ មាន ១លើ៥១សំឡេង និងអ្នកដែលបោះឆ្នោតជ្រើសយកតួលេខ ២១៤ ដុល្លារមាន ៤លើ៥១សំឡេង។
ក្រោយការបោះឆ្នោតកំណត់យកតួលេខ ២០៦ ដុល្លារ សម្រាប់ប្រាក់ឈ្នួលគោលអប្បរមាក្នុងឆ្នាំ ២០២៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសបន្ថែម ២ ដុល្លារដូចរៀងរាល់ឆ្នាំ ធ្វើឱ្យតួលេខមានចំនួន ២០៨ ដុល្លារ។
វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងគឺជាក្បាលម៉ាស៊ីននៃការនាំចេញទំនិញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា។ វិស័យនេះបានស្រូបយកកម្លាំងពលកម្មជិត ៩០ ម៉ឺននាក់ ដែលភាគច្រើនគឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្ត និងជនបទ។
នៅមុនការបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៥ សហជីព និងកម្មករមួយចំនួនស្នើឱ្យកំណត់ឱ្យបាន ១០ ដុល្លារបន្ថែម ពោលគឺពី ២០៤ ដុល្លារ ទៅ ២១៤ ដុល្លារ ដោយពួកគេអះអាងថា ការកើនឡើងប្រាក់ឈ្នួលគោលទាបពេកធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ ដោយសារទំនិញលើទីផ្សារកើនឡើងជារៀងរាល់ឆ្នាំ៕
វេទិកាបញ្ចេញមតិ