ចុះប្រសិនបើព័ត៌មានដែលលោកអ្នកបំពេញនៅក្នុងការស្ទង់មតិនោះ អាចជួយអ្នកស្រាវជ្រាវ និងមន្រ្តីនានាដែលធ្វើការលើការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះបាន? ចុះប្រសិនបើការចូលរួមរបស់លោកអ្នកក្នុងការបំពេញការស្ទង់មតិនោះមានន័យថា វាអាចជួយឲ្យអាជីវកម្មក្នុងតំបន់របស់អ្នក សួនសាធារណៈ និងឆ្នេរសមុទ្រ អាចនឹងឆាប់បើកដំណើរការឡើងវិញនោះ តើលោកអ្នកនឹងចូលរួមនៅក្នុងការស្ទង់មតិនោះទេ?
ខាងលើនេះ ជាគំនិតនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងមួយចំនួន ដើម្បីទាញយកប្រយោជន៍ពីការប្រើប្រាស់បណ្តាញសង្គម និងអ៊ីនធឺណិតរបស់មនុស្សទាំងឡាយ ដើម្បីស្វែងរកទីកន្លែងដែលមានការរាតត្បាតដោយជំងឺកូវីដ១៩ច្រើនបំផុត និងព្យាករណ៍ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា មុនពេលដែលមន្ទីរពេទ្យមានអ្នកជំងឺហួសចំណុះ។ នៅពេលដែលសង្គមចាប់ផ្តើម បើកដំណើរការ បន្ទាប់ពីបិទអស់រយៈពេលរាប់សប្តាហ៍មកនោះ មន្រ្តីរដ្ឋាភិបាល កំពុងស្វែងរកសូចនាករគន្លឹះៗ គឺទិន្នន័យដែលអាចជួយឲ្យពួកគេព្យាករណ៍ថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណានឹងកើតមានឡើង ដូច្នេះ វាអាចជួយពួកគេ ឲ្យធ្វើការសម្រេចចិត្តសំខាន់ៗ ដូចជាថា តើអ្វីដែលអាចបើកដំណើរការបាន ហើយនឹងនៅពេលណា។
សូចនាករមួយគឺ តាមរយៈការស្ទង់មតិដោយផ្តោតទៅលើរោគសញ្ញា ដែលបង្កើតឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Carnegie Mellon University។ ការស្ទង់មតិនេះ នឹងចេញនៅផ្នែកខាងលើនៃទំព័រទទួលព័ត៌មានក្នុងគណនីហ្វេសប៊ុករបស់មនុស្សម្នាក់ៗ ហើយសួរថា តើពួកគេធ្លាប់មានរោគសញ្ញាជំងឺកូវីដ១៩ដែរ ឬ ទេ ដែលមានដូចជា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើមជាដើមនោះ។
ការស្ទង់មតិនេះ កំពុងចេញតាមហ្វេសប៊ុកនៅទូទាំងពិភពលោក តាមរយៈការចាប់ដៃគូជាមួយសាកលវិទ្យាល័យម៉ារីលែនដ៍ ហើយវាមានភាពសកម្មយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។
អ្នកនាង Laura McGorman ដែលជាអ្នកដឹកនាំផ្នែកគោលនយោបាយនៃបណ្តាញសង្គមហ្វេសប៊ុក បានថ្លែងក្នុងសម្តីដើមថា៖
«យើងទទួលបានការឆ្លើយតបប្រមាណជា ១៥០.០០០ ក្នុងមួយថ្ងៃ»។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Carnegie Mellon University ធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំថ្ងៃ នៅលើគេហទំព័ររបស់ខ្លួនដែលមានអាសយដ្ឋាន covidcast.cmu.edu។ គេអាចចូលមើលទិន្នន័យនានាទាក់ទងនឹងជំងឺកូវីដ១៩នេះ ទៅតាមថ្ងៃសម្រាប់ស្រុកនីមួយៗរបស់អាមេរិកបានលើគេហទំព័រនេះ។
លោក Ryan Tibshirani សហប្រធាននៃក្រុមឆ្លើយតបនឹងជំងឺកូវីដ១៩ នៃសាកលវិទ្យាល័យ Carnegie Mellon University បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖
«ការព្យាករណ៍ដែលយើងធ្វើបានភ្លាមៗនេះ ស្របគ្នាជាមួយនឹងទិន្នន័យល្អបំផុតផ្សេងទៀតដែលយើងអាចរកបានស្តីពីសកម្មភាពរបស់ជំងឺកូវីដ១៩នេះ»។
លោក Ryan Tibshirani បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ព័ត៌មាននេះ អាចធ្វើឲ្យយើងទុកចិត្តបានថា ក្នុងពេលឆាប់ៗខាងមុខនេះ យើងនឹងអាចផ្តល់ការព្យាករណ៍ដល់មន្រ្តីសុខាភិបាលបាន គឺច្រើនសប្តាហ៍មុនវាកើតឡើងម្ល៉េះ»។
ហ្វេសប៊ុកក៏ចែករំលែកទិន្នន័យអំពីការផ្លាស់ទីរបស់អ្នកប្រើប្រាស់ដល់សាលាសុខភាពសាធារណៈ T.H. Chan នៃសាកលវិទ្យាល័យ Harvard ផងដែរ ដើម្បីជួយអ្នកស្រាវជ្រាវឲ្យបង្កើតផែនទីនៃការផ្លាស់ទីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទៅតាមរដ្ឋ និងស្រុក។ មនុស្សដែលប្រើកម្មវិធីហ្វេសប៊ុកក្នុងទូរស័ព្ទ ដោយប្រាប់ទីតាំងខ្លួន នឹងចូលរួមចំណែកផ្តល់ទិន្នន័យនេះ។
អ្នកតាក់តែងគោលនយោបាយ អាចប្រើប្រាស់ព័ត៌មាននេះ ដើម្បីស្វែងយល់ពីរបៀបដែលសហគមន៍នានា ធ្វើការឆ្លើយតបទៅនឹងវិធានការឲ្យរក្សាគម្លាតពីគ្នា ហើយនិងថា តើត្រូវមានវិធានការបន្ថែមទៀត ឬយ៉ាងណា។
ក្រុមអ្នកស្រាវជ្រាវព្រមានថា សំណុំទិន្នន័យនេះ គ្រាន់តែជាព័ត៌មានមួយផ្នែកដែលចង្អុលបង្ហាញពីនិន្នាការ ដែលអាចកើតមានក្នុងការរាតត្បាតនៃជំងឺកូវីដ១៩នេះ។ ទិន្នន័យទាំងនោះតែឯង មិនអាចឲ្យគេធ្វើការសន្និដ្ឋានអ្វីបានឡើយ។
អ្នកនាង Laura McGorman នៃបណ្តាញសង្គមហ្វេសប៊ុក បានថ្លែងបន្ថែមក្នុងសម្តីដើមថា៖
«ទោះជាលោកអ្នកនៅទីណាក៏ដោយ យើង សង្ឃឹមថា ផ្នែកខ្លះនៃទិន្នន័យរបស់យើង អាចមានប្រយោជន៍ក្នុងការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ១៩នេះ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់