ចំនួននៃអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍនៅទ្វីបអាស៊ីមានចំនួនទាប បើប្រៀបធៀបជាមួយនឹងប្រទេសកំពុងអភិវឌ្ឍនៅតាមតំបន់ផ្សេងទៀត ប៉ុន្តែនេះទំនងជាមិនមែនដំណឹងល្អដែលអ្នកសុទិដ្ឋិនិយមសង្ឃឹមដូច្នេះនោះទេ។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានធ្វើការវិភាគលើទិន្នន័យ បានបង្ហាញថា តួលេខទាបនេះគឺដោយសារការធ្វើតេស្តតិចតួច ដែលករណីនេះមានន័យថា មានហានិភ័យដែលវីរុសនេះអាចផ្ទុះឡើង នៅពេលដែលមានករណីឆ្លងវីរុសនេះដោយមិនមានការធ្វើតេស្តដឹង។
អ្នកផ្ដល់ប្រឹក្សានៃវិទ្យាស្ថានធនាគារ ADB លោក Trinh Long និងលោក Peter Morgan បានពិនិត្យលើចំនួននៃការធ្វើតេស្ត និងការឆ្លងនៅតាមបណ្ដាប្រទេសនៅទ្វីបអាស៊ី ហើយបន្ទាប់មកប្រៀបធៀបទិន្នន័យទាំងនេះជាមួយនឹងប្រាក់ចំណូលធម្យមរបស់មនុស្សម្នាក់ៗនៅក្នុងប្រទេសទាំងនោះ។
លោកទាំងពីរបានបញ្ជាក់ថា ការសិក្សារបស់ពួកគេបានបង្ហាញអំពី «ទំនាក់ទំនងវិជ្ជមានដ៏ខ្លាំង» មួយ ដែលប្រទេសអ្នកមានមាន «កម្មវិធីធ្វើតេស្តខ្លាំងក្លា» ចំណែកឯប្រទេសក្រីក្រវិញមានការធ្វើតេស្តតិចជាងច្រើន។
លោក Long និងលោក Morgan បានបញ្ជាក់នៅក្នុងការវិភាគមួយសម្រាប់ធនាគារអភិវឌ្ឍអាស៊ីដូច្នេះថា៖ «ការឆ្លងរាតត្បាតនៃវីរុសនេះនៅតាមប្រទេសកំពុងអភិវឌ្ឍនៅទ្វីបអាស៊ីកន្លងមកត្រូវបានគ្រប់គ្រងបានគួរឲ្យភ្ញាក់ផ្អើល»។
លោកទាំងពីរបានបន្ថែមថា៖ «មានការបកស្រាយពីរដែលអាចទៅរួច។ ទីមួយគឺអាចមកពីប្រជាជននៅ ក្នុងប្រទេសកំពុងអភិវឌ្ឍមានភាពស៊ាំទប់ទល់នឹងជំងឺខ្ពស់ជាង ហើយទីពីរអាចបណ្ដាលមកពីប្រទេសទាំងនោះមានការធ្វើតេស្តតិចតួច»។
គ្មានភស្តុតាងណាមួយបង្ហាញថា ប្រាក់ចំណូលរបស់ពលរដ្ឋពាក់ព័ន្ធជាមួយនឹងភាពស៊ាំរបស់ពួកគេទៅនឹងវីរុសនោះទេ។ ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅក្នុងការវិភាគនេះក៏ជាប្រទេសដែលស្ថិតនៅក្នុងតំបន់មានអាកាសធាតុក្ដៅផងដែរ ដែលក្នុងនោះមានដូចជាឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ហ្វីលីពីន និងថៃជាដើម។ គេបាននិយាយថាជំងឺកូវីដ១៩ អាចនឹងបាត់នៅតំបន់ដែលមានអាកាសធាតុក្ដៅ។ ប៉ុន្តែ អង្គការសុខភាពពិភពលោកបញ្ជាក់ថា ករណីនេះមិនពិតនោះទេ។
អង្គការសុខភាពពិភពលោកលើកឡើងដូច្នេះថា៖ «វីរុសដែលបង្កឲ្យកើតជំងឺកូវីដ១៩ អាចឆ្លងនៅក្នុងតំបន់ដែលមានអាកាសធាតុក្ដៅ ហើយសើម។ អ្នកអាចឆ្លងវីរុសនេះ ទោះបីជាធាតុអាកាសបើកថ្ងៃក្ដៅយ៉ាងណាក៏ដោយ»។
ដោយមិនមានការធ្វើតេស្ត គេបានប្រើវិធីផ្សេងនៅក្នុងការតាមដានមើលថាតើអត្រានៃការឆ្លង ឬក៏ស្លាប់ដែលពាក់ព័ន្ធទៅនឹងវីរុសនេះអាចខ្ពស់ជាងអត្រាដែលបានរាយការណ៍ ឬក៏យ៉ាងណានោះ។
នៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ចំនួននៃពិធីបុណ្យសពបានកើនឡើង ៤០ ភាគរយ កាលពីខែមីនា ដែលអភិបាលក្រុងថាបណ្ដាលមកពីវីរុសនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ទស្សនាវដ្ដី Economist កំពុងចងក្រងទិន្នន័យ ដែលបង្ហាញអំពីករណីស្លាប់ដោយសារជំងឺកូវីដ១៩ នេះ ដែលរដ្ឋាភិបាលនានាបានរាយការណ៍ ដោយប្រៀបធៀបជាមួយនឹងចំនួននៃការស្លាប់ដែលជាទូទៅត្រូវបានគេរំពឹងថានឹងកើតឡើងនៅក្នុងអំឡុងពេលនេះក្នុងមួយឆ្នាំៗ។
មានកត្តាមួយចំនួនដែលអាចពន្យល់ថាហេតុអ្វីបានជាអត្រានៃការធ្វើតេស្តមានលក្ខណៈទាបខ្លាំងនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍនៅទ្វីបអាស៊ី។ នេះបើតាមការបញ្ជាក់របស់អ្នកប្រឹក្សាគម្រោងលោក Long និងអ្នកប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់លោក Morgan នៃវិទ្យាស្ថានធនាគារ ADB។ កត្តាទាំងនោះមានដូចជាការចំណាយ ជំនាញ និងគ្រឿងប្រដាប់បរិក្ខានានា។
លោកទាំងពីរបញ្ជាក់ដូច្នេះថា៖ «ទីមួយ ការបានឧបករណ៍ធ្វើតេស្តអាចពិបាក ដោយសារតែថ្លៃចំណាយច្រើន និងមានការប្រកួតប្រជែងជាមួយនឹងប្រទេសអ្នកមានសម្រាប់ការផ្គត់ផ្គង់ដែលមានកម្រិត។ ទោះបីជាក្នុងករណីបានឧបករណ៍ធ្វើតេស្ដក៏ដោយ ក៏សមត្ថភាពនៅក្នុងការប្រើឧបករណ៍ទាំងនោះអាចនៅមានកម្រិត ដោយសារតែមានបញ្ហាខ្វះខាតនៅក្នុងប្រព័ន្ធសុខាភិបាល ការខ្វះខាតគ្រឿងប្រដាប់បរិក្ខាមន្ទីរពិសោធន៍ ឬក៏មានប្រជាពលរដ្ឋជាច្រើនរស់នៅតាមតំបន់ជនបទ ដែលធ្វើឲ្យមានការពិបាកក្នុងការទៅដល់ទីកន្លែងនោះ។ យុទ្ធសាស្ត្រថ្នាក់ជាតិអាចផ្ដោតលើការធ្វើតេស្តតែលើអ្នកណាដែលមានរោគសញ្ញា ជាជាងព្យាយាមជ្រើសរើសគំរូតំណាងប្រជាពលរដ្ឋទាំងមូល»។
លោកទាំងពីរបន្ថែមថា ការធ្វើតេស្តអ្នកដែលមិនមានរោគសញ្ញាអាចប៉ះពាល់ដល់សមត្ថភាពរបស់ប្រទេសនៅក្នុងការគ្រប់គ្រងជំងឺឆ្លងរាតត្បាតនេះ។
លោក Long និងលោក Morgan បានអំពាវនាវឲ្យទីភ្នាក់ងារអភិវឌ្ឍនានាដូចជាវិទ្យាស្ថានធនាគារ ADB របស់ពួកគេជាដើម ផ្ដល់ជំនួយដល់ប្រទេសទាំងនោះដើម្បីបានឧបករណ៍ធ្វើតេស្ត ផ្ដល់សេវាសុខាភិបាល និងពង្រឹងសេដ្ឋកិច្ចមិនឲ្យរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ នេះ។ ពួកគេបញ្ជាក់ដូច្នេះថា ប្រសិនបើគ្មានជំនួយ នោះនឹងមានហានិភ័យនៃការកើនឡើងយ៉ាងឆាប់រហ័សនូវអត្រាឆ្លងជំងឺនេះនៅពេលអនាគត»៕
ប្រែសម្រួលដោយ ភី សុភាដា