បណ្តាប្រទេសសមាជិកប្លុកអាស៊ានបង្ហាញសមត្ថភាព និងការត្រៀមរៀបចំខុសៗគ្នា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩ ខណៈពេលដែលវីរុសដ៏ប្រល័យនេះនៅបន្តឆ្លងនៅក្នុងតំបន់ ហើយអាចនឹងមានផលប៉ះពាល់កាន់តែខ្លាំងទាំងលើផ្នែកសុខាភិបាល និងសេដ្ឋកិច្ច។
ក្នុងរយៈពេលតែមួយខែ ចាប់ពីដើមខែមេសាដល់ដើមខែឧសភា ប្រទេសសិង្ហបុរីមានអ្នកឆ្លងវីរុសកូរ៉ូណាកើនឡើង១៥ដង ក្រោយពីបានរក្សាតួលេខឱ្យនៅកម្រិតទាប ចាប់តាំងពីការផ្ទុះការឆ្លងក្នុងខែមករា។
នៅថ្ងៃទី៥ ខែមេសា សិង្ហបុរីមានអ្នកឆ្លងចំនួន ១.៣០៩ នាក់ ប៉ុន្តែមកដល់ថ្ងៃទី៥ ខែឧសភា ចំនួនអ្នកឆ្លងបានឡើងដល់ ១៩.៤១០ នាក់ ដោយមានអ្នកឆ្លងថ្មីប្រចាំថ្ងៃ ក្នុងរយៈពេលនេះ មានចំនួនពីជាង៥០០ នាក់ដល់ចំនួនខ្ពស់បំផុតជាង ១.៤០០ នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលសិង្ហបុរី។
ចំណែកឯប្រទេសហ្វីលីពីនវិញ ក្រសួងសុខាភិបាល បានរាយការណ៍ពីការកើនឡើងពី ៣.២៤៦ នាក់ដល់ ៩.៦៨៤ នាក់ក្នុងរយៈពេលមួយខែនេះ ដែលជាការកើនឡើងចំនួនបីដង។
រីឯប្រទេសឥណ្ឌូនេស៊ីបានឆ្លងកើនឡើងជាង ៥ដង ក្នុងរយៈពេលដូចគ្នានេះ ដោយកើនឡើងពី ២.២៧៣ នាក់រហូតដល់ ១២.០៧១ នាក់។
លោកប៊ីឡាហារី កូស៊ីខាន់ (Bilahari Kausikan) អតីតលេខាអចិន្ត្រៃយ៍នៃក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់នៅក្នុងកម្មវិធីពិភាក្សាមួយ រៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវ Stimson ដែលមានស្នាក់ការនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនថា សិង្ហបុរីមានការត្រៀមលក្ខណៈបានល្អជាងការវាយប្រហារដោយជំងឺសារ កាលពី ១៧ ឆ្នាំមុន។ ប៉ុន្តែ អ្វីដែលខ្វះខាតគឺការធ្វើតេស្តលើពលករចំណាកស្រុក។
លោក ប៊ីឡាហារី កូស៊ីខាន់ បានបញ្ជាក់ថា៖
«ពីដំបូង យើងប្រហែលជាមិនបានធ្វើតេស្តគ្រប់គ្រាន់ តែជាពិសេសពលករបរទេស ពីព្រោះយើងប្រាប់ពលរដ្ឋសិង្ហបុរី និងពលករបរទេសថា បើសិនជាពួកគេមានរោគសញ្ញា សូមមកធ្វើតេស្ត។ ពេលនោះគ្មានអ្នកណាដឹងថា ពួកគេមិនមានរោគសញ្ញា ហើយអាចចម្លងបានទេ ប៉ុន្តែនៅពេលដែលយើងបានដឹង ទើបយើងបង្កើនការធ្វើតេស្ត ហើយដាក់ពលរដ្ឋឱ្យនៅដាច់ដោយឡែកពីគេភ្លាមៗ»។
ចំនួនអ្នកឆ្លងភាគច្រើននៅសិង្ហបុរី គឺស្ថិតនៅក្នុងចំណោមពលករចំណាកស្រុក ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន និងមិនមានការឆ្លងនៅក្នុងសហគមន៍ទេ ហើយរដ្ឋាភិបាលបានរក្សាពួកគេនៅមួយកន្លែង មិនឱ្យធ្វើការ ប៉ុន្តែបានផ្តល់ប្រាក់ខែធម្មតា។
លោក កូស៊ីខាន់ បានបន្ថែមថា៖
«នេះគឺជាការធានាដែលលោកនាយករដ្ឋមន្ត្រីរបស់យើងបានធ្វើឡើងជាសាធារណៈ ថាយើងនឹងថែរក្សាពួកគេ ចិញ្ចឹមគេ ឱ្យបានល្អ ទាំងផ្លូវកាយនិងចិត្ត និងផ្តល់ប្រាក់ខែដល់ពួកគេ។ ខ្ញុំមិនគិតថា មានមេដឹកនាំណាដែលមិនត្រឹមតែនៅអាស៊ីអាគ្នេយ៍ ឬនៅទីណាឡើយ ដែលក្លាហានធ្វើការសន្យាដូចនេះទេ»។
លោកបន្ថែមទៀតថា ក្រុមពលករមួយចំនួនទៀតដែលមិនរស់នៅក្នុងអន្តេវាសិកដ្ឋាន ក៏ត្រូវបានយកចិត្តទុកដាក់ដែរ ក៏ប៉ុន្តែពួកគេមិនមានការឆ្លងច្រើនទេ។
រហូតមកដល់ពេលនេះ សិង្ហបុរីមានអ្នកស្លាប់តែ ១៨ នាក់ប៉ុណ្ណោះ ក្នុងពេលដែលប្រទេសឥណ្ឌូនេស៊ី ដែលមានចំនួនអ្នកឆ្លងតិចជាង ប៉ុន្តែមានអ្នកស្លាប់រហូតដល់ ៨៧២ នាក់ ដែលត្រូវជា ៨ ទៅ ៩ ភាគរយ ហើយស្ថិតនៅក្នុងចំណោមប្រទេសដែលមានអ្នកស្លាប់ខ្ពស់ជាងគេបំផុតលើពិភពលោក។
ទន្ទឹមគ្នានេះដែរ អ្នកតាមដានសភាពការណ៍មើលឃើញថា តួលេខផ្លូវការរបស់ឥណ្ឌូនេស៊ីមិនគួរឱ្យជឿជាក់បានទេ។
លោក រ៉ូប៊ឺត ប្លេក នាយកជាន់ខ្ពស់នៃក្រុមហ៊ុនម៉ាក់ឡាធី បានដកស្រង់សេចក្តីរាយការណ៍របស់ក្រុមគ្រូពេទ្យ ដែលបានធ្វើការសិក្សាលើករណីអ្នកស្លាប់ថា ចំនួនអ្នកស្លាប់អាចច្រើនជាងនេះបីដង ប៉ុន្តែមិនត្រូវបានរាយការណ៍ទេ។
លោក ប្លេក បានលើកឡើងថា ឥណ្ឌូនេស៊ីខ្វះខាតឧបករណ៍ធ្វើតេស្ត សម្ភារៈការពារសម្រាប់ក្រុមគ្រូពេទ្យ ដោយពេទ្យខ្លះត្រូវកែច្នៃដោយខ្លួនឯង ហើយមន្ទីរពេទ្យក៏មិនមានគ្រប់គ្រាន់។ ស្របពេលនេះដែរ ពលរដ្ឋក៏បានរិះគន់រដ្ឋាភិបាល ដែលមើលស្រាល និងមិនបានត្រៀមលក្ខណៈទុកជាមុន។
លោក ប្លេក បានបន្ថែមថា៖ «ជាទូទៅប្រទេសឥណ្ឌូនេស៊ីពិតជាមិនបានត្រៀមខ្លួនទេ ហើយការឆ្លើយតបក៏ខ្វះខាត។ នៅពេលថ្មីៗនេះ ពួកគេបានខិតខំបង្កើនសេវាយ៉ាងច្រើន ហើយអ្វីៗបានប្រសើរឡើង ប៉ុន្តែកង្វះការធ្វើតេស្តនៅតែជាបញ្ហាដ៏សំខាន់»។
លោក ប្លេក បានបញ្ជាក់ថា បញ្ហាប្រឈមបន្ថែម គឺពលរដ្ឋមានជំងឺស្រាប់ដែលធ្វើឱ្យពួកគេងាយឆ្លងវីរុស។ ឥណ្ឌូនេស៊ីមានបុរស ដែលជក់បារីដល់ទៅ ៧៥ ភាគរយដែលធ្វើឱ្យងាយរងគ្រោះនឹងជំងឺដែលវាយប្រហារសួត ដូចកូវីដ១៩។ ជំងឺផ្សេងទៀត គឺបេះដូងនិងជំងឺទឹកនោមផ្អែមជាដើម។
រីឯនៅហ្វីលីពីន អ្នកតាមដានត្អូញត្អែរថា ទិន្នន័យដែលរដ្ឋបានកត់ត្រាមិនសុក្រិតទេ និងមិនមានការធ្វើតេស្តគ្រប់គ្រាន់នៅឡើយ។ ប៉ុន្តែរដ្ឋាភិបាលបានដាក់ការរឹតត្បិត ដែលបានចូលជាធរមានតាំងពីពាក់កណ្តាលខែមីនា និងការដាក់នៅដោយឡែក ដែលអាចជួយកាត់បន្ថយបានខ្លះ។ មានសេចក្តីរាយការណ៍ថា សហគមន៍ក្រីក្របានរងផលប៉ះពាល់ខ្លាំងជាងគេ។
លោក រ៉េនី មីលី (Rene “Butch” Meily) ប្រធានមូលនិធិតស៊ូនឹងគ្រោះមហន្តរាយហ្វីលីពីន បានបញ្ជាក់បន្ថែមថា បើទោះបីជាមានការឆ្លើយតបពីវិស័យឯកជនសកម្មខ្លាំងក្លា ក៏ក្រុមគ្រូពេទ្យនៅខ្វះខាតប្រដាប់ការពារខ្លួន ហើយក្រុមគ្រូពេទ្យបានឆ្លងវីរុសជាច្រើន។
លោក រ៉េនី មីលី បានបន្ថែមថា៖ «ដូច្នេះយើងកំពុងធ្វើអ្វីតាមលទ្ធភាព ប៉ុន្តែយើងឆ្លើយតបយឺតយ៉ាវបន្តិច ហើយសង្ឃឹមថា យើងនឹងចាកចេញផុតវិញនៅខែក្រោយ»។
ក្នុងពេលដែលប្រទេសសមាជិកចាស់នៃសមាគមអាស៊ានជួបប្រទះការលំបាក វៀតណាមដែលជាសមាជិកថ្មីរបស់ប្លុកនេះ ហាក់ទទួលបានជោគជ័យក្នុងការទប់ស្កាត់រលកនៃការឆ្លងចំនួនពីរដង គឺនៅដើមខែមករា និងដើមខែមីនា។ រហូតមកដល់ពេលនេះ ប្រទេសកុម្មុយនីស្តនេះរាយការណ៍ថា មានអ្នកឆ្លងតែ ២៧១ នាក់ និងឆ្លងថ្មីតែ ៣១ នាក់ ប៉ុណ្ណោះក្នុងរយៈពេលមួយខែចុងក្រោយនេះ ហើយមិនមានអ្នកស្លាប់បាត់បង់ជីវិតទេ។
លោក ចន លីចតឺហ្វែល (John Lichtefeld) អនុប្រធានក្រុមអាស៊ីនៃមជ្ឈមណ្ឌលស្ទីមសុន បានបញ្ជាក់ថា៖
«បើមើលនិន្នាការនេះ ខ្ញុំគិតថា រដ្ឋាភិបាលមានអារម្មណ៍ស្រួលខ្លាំងណាស់ដែលអាចគ្រប់គ្រងករណីទាំងនេះ ប៉ុន្តែដូចខ្ញុំបានលើកពីខាងដើម គឺពួកគេត្រូវតែប្រយ័ត្នប្រយែងឱ្យមែនទែន ដើម្បីធ្វើឱ្យប្រាកដថា ពួកគេមិនរងគ្រោះពីរលកទី៣និងទី៤ទេ នៅពេលដែលមានមនុស្សចូលទៅវៀតណាមថែមទៀត និងពេលដែលបើកដំណើរការអាជីវកម្មវិញ»។
ប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មាន ប្រ៊ុយណេ កម្ពុជា ឡាវ ភូមា វៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី។
ប្រទេសកម្ពុជាមានអ្នកឆ្លងចំនួន ១២២ នាក់ និងមិនមានការឆ្លងថ្មីថែមទៀតទេ ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ហើយក៏មិនមានអ្នកស្លាប់បាត់បង់ជីវិតដែរ។ នេះបើតាមក្រសួងសុខាភិបាល។ កម្ពុជាបានធ្វើតេស្តលើមនុស្សតែជាង ១២.៤០០ នាក់ ប៉ុណ្ណោះ និងមិនបានចាត់វិធានការដាក់ប្រទេសក្នុងគ្រាមានអាសន្នទេ ដោយគ្រាន់តែបានរឹតត្បិតការធ្វើដំណើរខ្លះកាលពីបុណ្យចូលឆ្នាំខ្មែរ កាលពីពាក់កណ្តាលខែមេសា។
យ៉ាងណាក៏ដោយ លោក រ៉ូប៊ឺត ប្លេក យល់ឃើញថា អាស៊ានធ្វើសកម្មភាពបានល្អជាងអ្វីដែលគេមើលឃើញ ជាពិសេសនៅក្នុងយុគសម័យឌីជីថលនេះ បើទោះបីជាសមត្ថភាពរបស់សមាជិកនៃប្លុកនេះមិនស្មើគ្នាក៏ដោយ ជាពិសេសពួកគេនៅបន្តទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិក។
ប៉ុន្តែ វិបត្តិសុខភាពដែលបង្កដោយជំងឺរាតត្បាតកូវីដ១៩ នឹងមានផលប៉ះពាល់អាក្រក់លើសេដ្ឋកិច្ចបណ្តាប្រទេសក្នុងតំបន់ធំ ជាងវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៨ និងវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ ១៩៩៧ ហើយប្រទេសនៅតំបន់នេះនឹងមិនអាចងើបឡើងវិញ ទាល់តែសេដ្ឋកិច្ចពិភពលោកងើបឡើងវិញដែរ។ នេះបើតាមការបញ្ជាក់របស់វាគ្មិន។
លោក ប៊ីឡាហារី ខូស៊ីខាន់ បញ្ជាក់ថា សិង្ហបុរីត្រូវតែថ្លឹងថ្លែងរវាងកត្តាសេដ្ឋកិច្ច និងសុខាភិបាល។ បើទោះបីជាឥឡូវនេះសិង្ហបុរីផ្តល់អាទិភាពខ្លាំងលើផ្នែកសុខាភិបាលក៏ដោយ ក៏ប្រទេសនេះនឹងត្រូវផ្តោតលើផ្នែកសេដ្ឋកិច្ចក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីជៀសវាងផលប៉ះពាល់លើការរីកចម្រើនសេដ្ឋកិច្ច។
រីឯសេដ្ឋកិច្ចហ្វីលីពីនត្រូវបានគេវាយតម្លៃថា នឹងធ្លាក់ចុះចំនួន ២ ភាគរយ។ ប្រាក់ដែលពលករចំណាកស្រុកផ្ញើទៅប្រទេសវិញ ក៏នឹងប៉ះពាល់ដែរ។ ហ្វីលីពីនពឹងផ្អែកខ្លាំងលើប្រាក់បញ្ញើពីក្រៅស្រុកនេះផងដែរ។ ក្នុងឆ្នាំ២០១៩ ពលករហ្វីលីពីនផ្ញើប្រាក់ជាង ៣៥ ពាន់លានដុល្លារ ទៅប្រទេសវិញ។
លោក រ៉េនី មីលី វាយតម្លៃថា ក្នុងពេលកន្លងមក នៅគ្រាដែលមានវិបត្តិ គឺពលរដ្ឋហ្វីលីពីនតែងតែបង្កើនប្រាក់បញ្ញើដើម្បីជួយគ្រួសារក្នុងស្រុក ប៉ុន្តែវិបត្តិលើកនេះ គឺប្រាកដជាប៉ះពាល់ខ្លាំងដោយសារពលករទាំងនោះក៏បាត់បង់ការងារដែរ។
នៅប្រទេសកម្ពុជា កម្មកររោងចក្រកាត់ដេរជិត ២០០.០០០ នាក់ត្រូវព្យួរការងារ រីឯ១០០.០០០នាក់ទៀតក៏នឹងត្រូវផ្អាកជាបន្តបន្ទាប់៕