អតីតប្រធានាធិបតីអាមេរិកលោក Donald Trump នឹងមិនអាចត្រឡប់ទៅប្រើប្រាស់បណ្តាញសង្គម Facebook បានទៀតនោះទេ។
ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍នៅថ្ងៃពុធថា ក្រុមប្រឹក្សាត្រួតពិនិត្យឯករាជ្យរបស់បណ្តាញសង្គមFacebook បានបោះឆ្នោតដោយដាក់បម្រាមជាអចិន្ត្រៃយ៍ចំពោះលោកTrump មិនឱ្យប្រើប្រាស់បណ្តាញ Facebook តទៅទៀតឡើយ បន្ទាប់ពីក្រុមហ៊ុនបណ្តាញសង្គមមួយនេះ បានផ្អាកគណនីរបស់លោក Trump អស់រយៈពេល ៤ ខែ។
ការផ្អាកនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោក Trump បានញុះញង់ឲ្យមានអំពើហិង្សាដែលនាំទៅដល់ការធ្វើកុប្បកម្មវាយប្រហារដ៏ប្រល័យលើវិមានសភាអាមេរិក កាលពីថ្ងៃទី ៦ ខែមករា កន្លងទៅនោះ។
ទោះជាយ៉ាងនេះក្តី ក្រុមប្រឹក្សានេះក៏បានឲ្យក្រុមហ៊ុន Facebook ធ្វើការពិនិត្យវាយតម្លៃឡើងវិញនូវទណ្ឌកម្មរបស់ខ្លួន ព្រោះដោយសារការដាក់ទណ្ឌកម្មត្រូវធ្វើឡើងដោយ «គ្មានពេលវេលាកំណត់» (ជារៀងរហូត) នោះ។
លោក Trump ក៏ត្រូវបានក្រុមហ៊ុនបណ្តាញសង្គម Twitter ហាមមិនឲ្យប្រើប្រាស់បណ្តាញសង្គមមួយនេះជាអចិន្ត្រៃយ៍ផងដែរ។
អ្នកនយោបាយអ្នកជំនាញនិងសកម្មជនខាងសេរីភាពបញ្ចេញមតិជុំវិញពិភពលោកកំពុងតាមដាននូវសេចក្តីសម្រេចនេះយ៉ាងយកចិត្តទុកដាក់។
សេចក្តីសម្រេចនេះបានធ្វើឲ្យប៉ះពាល់មិនត្រឹមតែលោក Trump តែម្នាក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ប៉ះពាល់ដល់ក្រុមហ៊ុនបណ្តាញសង្គមធំៗ មេដឹកនាំពិភពលោកនិងមនុស្សគ្រប់និន្នាការនយោបាយទាំងអស់ ដែលភាគច្រើនតែងលើកឡើងពីទស្សនៈផ្ទុយគ្នាពីតួនាទីដែលសក្តិសមរបស់ក្រុមហ៊ុនបណ្តាញសង្គមនានា ក្នុងការគ្រប់គ្រងលើការបញ្ចេញមតិតាមប្រព័ន្ធអនឡាញ និងការពារអ្នកប្រើប្រាស់ពីការបំពាននិងផ្សព្វផ្សាយព័ត៌មានមិនពិតនោះ។
មួយថ្ងៃមុនសេចក្តីប្រកាសនេះ លោក Trump បានបង្កើតនូវគេហទំព័រផ្ទាល់ខ្លួន (blog) មួយដែលមានឈ្មោះថា «ពីតុធ្វើការរបស់ Donald J. Trump» (From the Desk of Donald J. Trump) ដែលអត្ថបទពីគេហទំព័រនេះងាយចែករំលែកទៅបណ្តាញសង្គម Facebook និង Twitter ដែលខ្លឹមសាររបស់លោកត្រូវហាមឃាត់នោះ៕