ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​ត្រួត​ពិនិត្យ Facebook នឹង​សម្រេច​អំពី​ការ​ហាម​ឃាត់​លោក Trump នៅ​ថ្ងៃ​ពុធ


រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងអំឡុងពេលថ្លែងទៅកាន់អ្នកគាំទ្ររូបលោក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១។
រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងអំឡុងពេលថ្លែងទៅកាន់អ្នកគាំទ្ររូបលោក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១។

ក្រុម​ប្រឹក្សា​ត្រួតពិនិត្យ​ឯករាជ្យ​របស់ Facebook គ្រោង​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​តើ​ក្រុម​ហ៊ុន​បណ្តាញ​ព័ត៌មាន​សង្គម​នេះបាន​ធ្វើ​ការ​សម្រេច​ត្រឹមត្រូវ ​ឬទេ​ ចំពោះ​ការហាមឃាត់​ជារៀង​រហូត ​មិនឲ្យ​អតីត​ប្រធានាធិបតី Donald Trump ចុះផ្សាយ​នៅលើ​គណនី Facebook និង Instagram របស់​លោក​នោះ។

ក្រុម​ប្រឹក្សា​ភិបាល​នោះ​ មាន​សមាជិក​ ២០ រូប រួមមាន​អ្នក​ស្រាវជ្រាវ​ខាង​ច្បាប់ អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស ​និង​អ្នក​កាសែត។ គណៈកម្មការ​ដែល​មាន​សមាជិក ​៥ រូប ​ប្រុងប្រៀប​ធ្វើ​ការសម្រេចដែល​ត្រូវ​តែ​មាន​ការយល់ព្រម​ដោយ​សំឡេង​ភាគ​ច្រើន​របស់​ក្រុមប្រឹក្សា​ភិបាល។ បន្ទាប់មក​ Facebook ​តម្រូវ​ឲ្យ​អនុវត្តតាមសេចក្តីសម្រេចនោះ លើកលែង​តែ​សកម្មភាព​នោះ​អាច​រំលោភ​ច្បាប់។

ក្រុមប្រឹក្សា​នោះ បាននិយាយ​ថា បេសកកម្ម​របស់​ខ្លួន​គឺ «ឆ្លើយ​សំណួរ​ដ៏​លំបាក​បំផុត ​ជុំវិញ​បញ្ហា​នៃ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​តាម​អនឡាញ​នោះ​គឺថា តើអ្វី​ដែល​ត្រូវ​ដក​ចេញ អ្វី​ដែល​ត្រូវ​ទុក​ ហើយ​និង​ថាតើ​ដោយសារ​ហេតុអ្វី»។

ការហាមឃាត់​មិនឲ្យ​លោក Trump ប្រើ Facebook បានធ្វើឡើង​នៅ​ថ្ងៃ​ទី ៦ ខែ​មករា​ នៅពេល ដែល​ក្រុម​អ្នក​គាំទ្រ​របស់​លោក បាន​វាយ​ប្រហារ​លើ​វិមាន​សភា Capitol ខណៈដែល​សមាជិក​សភា​កំពុង​ជួប​ប្រជុំ​ដើម្បី​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពីខែ​វិច្ឆិកា។

លោក Trump បានបង្ហោះសារ​មួយចំនួន​ក្នុង​អំឡុង​ពេល​នៃ​ការវាយប្រហារ​ ដោយបន្ត​ការអះអាង​មិន​ពិត​របស់​លោក ​អំពី​ការលួច​បន្លំ​សន្លឹកឆ្នោត។ ក្រុមហ៊ុន Facebook បាន​ដកចេញ​ការចុះផ្សាយ​របស់​លោក Trump ២ ដង​ហើយ ក្នុងនោះករណី​ដំបូង​បាន​ហាមឃាត់​មិន​ឲ្យ​លោក​ប្រើ Facebook ចំនួន​២៤​ម៉ោង៕

XS
SM
MD
LG