តំណាងរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀតនឹងមកពិភាក្សាគ្នាក្នុងវេទិកាមួយនៅថ្ងៃសៅរ៍នេះ អំពីបញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះដើម្បីស្វែងរកដំណោះស្រាយអំពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
លោក ហេង ភក្ដី ស្ថាបនិកវិទ្យាស្ថានEnrich ដែលបានរៀបចំវេទិកាសាធារណៈមួយនេះថ្លែងថាបញ្ហាចម្បងដែលនឹងលើកឡើងក្នុងវេទិកានេះមានជាអាទិ៍គម្លាតនៃការអភិវឌ្ឍ បញ្ហាបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់ពីការកសាងទំនប់វារីអគ្គិសនីជាដើម។
«បើសិនជាការអភិវឌ្ឍហ្នឹងជាការអភិវឌ្ឍគ្មានចីរភាពគឺយើងចំណេញផ្នែកសេដ្ឋកិច្ចតែក្នុងរយៈពេលខ្លីទេ តែដល់រយៈពេលវែង អ្នកដែលប៉ះពាល់ជាងគេគឺអ្នកដែលក្រីក្រនិងងាយរងគ្រោះ ព្រោះការអភិវឌ្ឍដែលគ្មានចីរភាពគឺយើងសំឡឹងឃើញថាវាចំណេញសេដ្ឋកិច្ចតែក្នុងរយៈពេលខ្លី តែផលប៉ះពាល់សង្គមក៏ដូចជាផលប៉ះពាល់បរិស្ថានគឺក្មេងៗជំនាន់ក្រោយគឺគាត់ជាអ្នកទទួលរ៉ាប់រង»។
វេទិកានេះរៀបចំឡើងក្រោយពីការអភិវឌ្ឍនិងការវិនិយោគក្នុងប្រទេសនេះមួយចំនួនត្រូវបានគេមើលឃើញថាកំពុងស្ថិតក្រោមការរិះគន់ថាមានការប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងប្រជាពលរដ្ឋនៅមូលដ្ឋានរួមទាំងការបណ្ដេញចេញដោយបង្ខំផងដែរ។
កិច្ចពិភាក្សានៅថ្ងៃសៅរ៍នេះនឹងបើកឱ្យមានការចូលរួមដោយសេរី នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន ក្រោមការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុពីវិទ្យុសំឡេងសហរដ្ឋអាមេរិក និងស្ថាប័ន Asia Foundation ជាដើម។
ការអភិវឌ្ឍប្រកបដោយនិរន្តរភាពសំដៅលើការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចដែលមិនប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម វប្បធម៌ និងបរិស្ថាន ហើយធានាបានថាមនុស្សជំនាន់ក្រោយអាចទទួលបានធនធានទាំងនោះដដែល។
យ៉ាងណាក៏ដោយ លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមឯករាជ្យម្នាក់ និងក៏ជាវាគ្មិនម្នាក់ក្នុងវេទិកាសាធារណៈនោះ អះអាងថាការអភិវឌ្ឍនៅកម្ពុជាកំពុងធ្វើឡើងក្នុងរូបភាព«ផុយស្រួល» ដែលវៀរចាកពីគោលការណ៍និរន្តរភាព។
«ជារួមការអភិវឌ្ឍនៅស្រុកខ្មែរជាការអភិវឌ្ឍផុយស្រួយនៅក្នុងកិច្ចការនេះ ពិសេសជាការអភិវឌ្ឍមួយដែលពុំបានគិតទាល់តែសោះពីអំពីនិរន្តរភាពឬក៏ចីរភាព។ ការអភិវឌ្ឍមួយដែលមាននិរន្តរភាពគឺការអភិវឌ្ឍមួយដែលទទួលរងការប៉ះពាល់អវិជ្ជមានតិចតួចបំផុត ជាពិសេសផ្នែកបរិស្ថាន។ ប៉ុន្តែស្រុកយើងគឺការអភិវឌ្ឍដោយកាប់បំផ្លាញធនធានធម្មជាតិជាដើម។ ហើយការអភិវឌ្ឍប្រកបដោយនិរន្តរភាពគឺការអភិវឌ្ឍមួយដែលមានការចូលរួមពេញលេញពីប្រជាពលរដ្ឋ ប៉ុន្តែនៅស្រុកយើងការអភិវឌ្ឍគឺទទួលការចង្អុលបង្ហាញពីអ្នកនយោបាយ»។
លោក កែម ឡី ផ្ដល់អនុសាសន៍ថាដើម្បីធានាឱ្យបានថាការអភិវឌ្ឍមួយប្រកបដោយនិរន្តរភាព រដ្ឋាភិបាលកម្ពុជាគប្បីផ្ដល់សិទ្ធិអំណាចឱ្យប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានបានច្រើនជាងនេះក្នុងការចាត់ចែងធនធានរបស់ខ្លួន។ អនុសាសន៍ផ្សេងទៀតរួមមានការពង្រឹងអភិបាលកិច្ចល្អដោយអនុញ្ញាតឱ្យមានការចូលរួមពីប្រជាពលរដ្ឋចាប់តាំងពីការតាក់តែងរហូតដល់ការអនុវត្តគោលនយោបាយឬផែនការវិនិយោគនានា និងការអនុវត្តគោលនយោបាយមួយដែលអនុគ្រោះដល់ជនក្រីក្រ ឧទាហរណ៍ដូចជាការផ្ដល់ដីសម្បទានខ្នាតតូចដល់ប្រជាពលរដ្ឋក្រីក្រជាដើម។ ដីសម្បទានសេដ្ឋកិច្ចដែលកន្លងមកត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុនវិនិយោគឯកជនប៉ុណ្ណោះ៕