ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​កម្ពុជា​និង​ហូឡង់​ដំណើរការ​គម្រោង​ជួយ​ដល់​កម្មករ​ស្រ្តី​និង​យុវជន


កម្មករ​ស្ត្រី​ប្រមូល​ផ្តុំ​ក្នុង​អំឡុង​​ពេល​កូដកម្ម​នៅ​មុខ​រោងចក្រ Sabrina (Cambodia) Garment Manufacturing នៅ​ខេត្ត​កំពង់​ស្ពឺ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៣។
កម្មករ​ស្ត្រី​ប្រមូល​ផ្តុំ​ក្នុង​អំឡុង​​ពេល​កូដកម្ម​នៅ​មុខ​រោងចក្រ Sabrina (Cambodia) Garment Manufacturing នៅ​ខេត្ត​កំពង់​ស្ពឺ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៣។

សម្ព័ន្ធ​សហជីព​កម្មករ​ដ៏​ធំ​របស់​ប្រទេស​ហូឡង់​និង​សហភាព​ការងារ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​សម្ពោធ​គម្រោង​ស្តី​ពី​ការ​លើក​កម្ពស់​ស្តង់ដារ​ការងារ​ស្នូល​ឆ្ពោះ​ទៅ​កាន់​ការងារសមរម្យ​សម្រាប់​កម្មករ​និយោ​ជិត​នៅ​កម្ពុជា។ ​

​គម្រោង​នេះ​មាន​រយៈ​ពេល​បី​ឆ្នាំ ​ពោល​គឺពីឆ្នាំ​២០១៤​ រហូត​ដល់​ឆ្នាំ​២០១៦​ និង​មាន​គោលដៅ​គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម​សហជីព​សម្រាប់​ការតស៊ូមតិ ​និង​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​កម្មករ​រោងចក្រ​ឲ្យ​បាន​សមរម្យ​និង​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ស្ត្រី​និង​យុវជន​ក្នុង​វិស័យ​ការងារ។

ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រៅ​សន្និសីទ​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​អាត់​ ធន់ ​បញ្ជាក់​ថាគោល​ដៅ​សំខាន់​នៃ​គម្រោង​នេះគឺ​ការ​ធានា​ថា​កម្មករអាច​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ​ លក្ខខណ្ឌ​ការងារ​ត្រឹម​ត្រូវ​ សេវា​សង្គម​នៅ​ពេល​គ្រោះ​ថ្នាក់​ការងារ​ ឬ​ពេល​មាន​ជំងឺ ការ​ទទួល​បានប្រាក់​ពេល​ចូល​និវត្តន៍តាម​ស្តង់ដារ​ស្នូល​របស់​អន្តរជាតិ។​

«យើង​បណ្តុះ​បណ្តាល​យើង​ចង​ក្រង​ យើង​ចរចា​ យើង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សច្ចាប័ន​ទៅ​លើ​អនុសញ្ញា​អន្តរជាតិ​សម្រាប់​លក្ខខណ្ឌ​ការងារ​សមរម្យ​ ​យើង​ចង់​ឃើញ​បរិស្ថាន​នៃ​ការ​ចរចា​ឲ្យ​ប្រសើរ​ឡើង​ មិន​មែន​មាន​ន័យ​ថា​គម្រោង​នេះ​ធ្វើ​ឡើង​ដើម្បី​បាតុកម្ម​នោះទេ»។

គម្រោង​ស្តី​ពី​ការ​លើក​កម្ពស់​ស្តង់​ដារ​ការងារ​កម្មករ​នេះ​នឹងត្រូវចំណាយ​ទឹកប្រាក់​អស់​ប្រហែល​ ១,៧​លាន​អឺរ៉ូ​ឬ​ស្មើ​នឹង​ប្រហែល២,២៣​ លាន​ដុល្លារក្រោម​ជំនួយទឹក​ប្រាក់​ឧបត្ថម្ភ​ដោយ​គណៈ​ប្រតិភូ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។

លោក​ស្រី​ យ៉ាស្នា​ ប៉ាញ​គី​ហារ​ (Jasna Pajnkihar)​តំណាង​គណៈប្រតិភូ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ថា​សហភាព​អឺរ៉ុប​ជាទីផ្សារ​យ៉ាង​សំខាន់នៃ​ផលិតផល​សម្លៀកបំពាក់​របស់​ប្រទេស​កម្ពុជា​ ដូច្នោះ​លោក​ស្រី​រំពឹង​ទុក​ថា​គម្រោង​មួយ​នេះ​នឹង​ជួយ​ឲ្យ​កម្មករ​នៅ​កម្ពុជា​អាច​ទទួល​បាន​ការងារ​សម​ស្រប​មួយ។​

​«យើង​មិនត្រឹម​តែជា​អ្នក​ផ្តល់​ជំនួយ​ទេ​ យើង​ក៏​ជាទីផ្សារ​នាំចូល​សម្លៀក​បំពាក់​សំខាន់​មួយ​របស់​កម្ពុជា​ ចឹងយើង​ចង់ឃើញ​ស្តង់ដារការ​ងារ​ដែល​មាន​ការ​គោរព»។

លោក​ ទុន​ សុភ័ណ​មន្ត្រី​សម្រប​សម្រួល​ថ្នាក់​ជាតិ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ (ILO)ឲ្យ​ដឹង​ដែរ​ថា​រហូត​មកទល់​បច្ចុប្បន្ន​នេះ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​សរុប​ជាង១៤​លាន​នាក់​ មានប្រជា​ពលរដ្ឋ​ត្រឹម​តែ​ជាង៧លាន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​ការងារ។​ លោក​បន្ថែម​ថា៦០%​គឺ​ជាអ្នក​ធ្វើការ​ក្នុងវិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មិន​ទទួល​បាន​លក្ខខណ្ឌ​ការងារ​សមរម្យ និង​ជួប​ប្រទៈ​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត។​

​លោកសុភ័ណ ​បន្ថែម​ថា​ប្រជា​ពលរដ្ឋ​ប្រមាណ​២លាន​នាក់​ទទួល​បាន​ប្រាក់​ចំណូលតិច​ជាង​១​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។​

«នេះ​ជា​បញ្ហា​ប្រឈម​មួយ​ធំ​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​ងារ​សមរម្យ​និង​សិទ្ធិ​ជា​មូលដ្ឋាន​សម្រាប់​កម្មករ​និយោជិត​នៅ​កម្ពុជាយើង»។

លោក​ជែន រ៉ៃឌ័រ (Jan Ridder) ​មន្ត្រី​កម្មវិធី​សម្ព័ន្ធ​សហជីព​កម្មករ​របស់​ប្រទេស​ហូឡង់ ​(CNV ​ International) ប្រចាំ​អាស៊ី​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានថាលោក​សង្ឃឹមថា​គម្រោង​មួយ​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ធានាឲ្យ​បាន​នូវ​លក្ខខណ្ឌ​ការងារ​សម​រម្យ​សម្រាប់​កម្មករ​ និង​លើក​កម្ពស់​ស្តង់​ដារ​ការ​ងារ​ស្នូល​ ការ​គោរព​សិទ្ធិ​របស់​ស្តី​ និង​កម្មករជា​យុវជន។​ ​

តំណាង​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​និយោជក​ដែលមាន​វត្តមាន​ក្នុង​សន្និសីទ​នៅ​ថ្ងៃ​ពុធនេះមិនបាន​ធ្វើ​សេចក្តី​អធិប្បាយ​អ្វី​ឡើយ៕

XS
SM
MD
LG