ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ ​រដ្ឋាភិបាល​ធ្វើ​តាម​ការសន្យា​ប៉ុន្តែ​ខ្វះ​តម្លាភាព​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច


តំបន់​ដី​សម្បទាន​​ចម្ការ​កៅស៊ូ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កាល​ពី​ថ្ងៃ​ពុធ កង​សន្ដិសុខ​របស់​ក្រុមហ៊ុន​​​​ម្ចាស់​ដី​សម្បទាន​ដាំ​កៅស៊ូ​មួយ​ក្នុង​​ខេត្ត​ក្រចេះ បាន​ឈរ​បាញ់​រះ​លើ​ប្រជាពលរដ្ឋ​ដើម្បី​បង្រ្កាប​ពួក​គេ ​ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៤​ន
តំបន់​ដី​សម្បទាន​​ចម្ការ​កៅស៊ូ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កាល​ពី​ថ្ងៃ​ពុធ កង​សន្ដិសុខ​របស់​ក្រុមហ៊ុន​​​​ម្ចាស់​ដី​សម្បទាន​ដាំ​កៅស៊ូ​មួយ​ក្នុង​​ខេត្ត​ក្រចេះ បាន​ឈរ​បាញ់​រះ​លើ​ប្រជាពលរដ្ឋ​ដើម្បី​បង្រ្កាប​ពួក​គេ ​ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៤​ន

ការ​ធ្វើ​មោឃៈភាព​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១៩​នាពេលថ្មីៗ​នេះ​គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែលបញ្ជាក់ថា​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​តាម​ការសន្យា​ក្នុង​ពេលដើម​អាណត្តិរបស់​ខ្លួន​ក្នុង​ការ​កែទម្រង់​ស៊ីជម្រៅ​តាមរយៈ​ការគ្រប់​គ្រង​ដីធ្លី​និង​ធនធាន​ព្រៃឈើ។ នេះ​បើតាម​ការស​ង្កេត​របស់​អ្នកជំនាញ​។

ប៉ុន្តែ​អ្នក​ជំនាញ​បាន​ព្រមាន​ថា​នៅ​មាន​កិច្ច​ការ​ជាច្រើន​ទៀត​ដែលរដ្ឋាភិបាលត្រូវ​ធ្វើ​មុន​នឹង​អាច​សម្រេច​ការកែទម្រង់​នេះ​បានជោគជ័យ។

លោកឱក សេរីសុភ័ក្រ​អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ចបាន​បញ្ជាក់នៅ​ក្នុង​កម្មវិធី​ហេឡូ​VOA​ ​ថាតម្លាភាព​ជា​កត្តា​គន្លឹះ​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​គិត​គូ​នៅ​ក្នុង​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចព្រោះ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​រងផលប៉ះពាល់​និង​មន្ត្រី​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​ខ្លះ​ក៏​មិន​ត្រូវបាន​គេធ្វើ​ការពិភាក្សា​ជាមួយ​មុន​នឹង​គម្រោង​អភិវឌ្ឍន៍​បាន​ចេញ​ជាផ្លូវការ។​

លោក​សុភ័ក្រ​បាន​បញ្ជាក់​ថា៖​ «នេះ​គឺជា​ការ​បាត់​បង់​នូវ​តម្លាភាព​ដែល​ជាគន្លឹះមួយ​នៃ​អភិបាល​កិច្ច​ល្អ»។

រដ្ឋាភិបាលកម្ពុជាបានប្រកាសនិរាករណ៍​អាជ្ញាបណ្ណគម្រោង​អភិវឌ្ឍន៍​ចំនួន​១៩ដែល​ក្រុមហ៊ុន​ឯកជន​ទទួល​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទានសេដ្ឋកិច្ច​ហើយ​បង្ក​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ហើយក្រុមហ៊ុន​ខ្លះមិន​បាន​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ទេ។ ប៉ុន្តែរដ្ឋាភិបាលមិន​បាន​បញ្ជាក់​ពី​ចំណាត់​ការ​ណាមួយ​ដើម្បី​ដាក់​ទោស​ក្រុម​ហ៊ុន​ដែល​បាន​ទទួល​យក​ដី​ទៅ​រាប់​ឆ្នាំ​ហើយ​ដោយ​មិន​អភិវឌ្ឍន៍​នោះ​ឡើយ។

លោកសុភ័ក្របាន​បន្ថែមទៀតថា​ការចូលរួម​របស់​មជ្ឈដ្ឋាន​នានា​គឺ​ជា​ការសំខាន់​ណាស់៖

«មុន​នឹង​ដាក់​ដី​ជា​សម្បទាន​សេដ្ឋកិច្ច​នេះ​គឺ​យើង​គិត​ថាដី​ទាំង​អស់​ហ្នឹង​ថ្វី​ត្បិត​រាជរដ្ឋាភិបាល​ជាអ្នក​គ្រប់​គ្រង​ប៉ុន្តែ​ដី​ទាំង​អស់​ហ្នឹង​ជា​របស់​ប្រជាពលរដ្ឋ​ របស់​កូនចៅ​យើង​ដែល​កើត​ហើយ​ ហើយ​កំពុង​រស់​នៅ​ ហើយ​ទាំង​ទៅថ្ងៃ​ក្រោយ​ទៀត​រាប់​លាន​នាក់​ដែល​មិន​ទាន់​កើត​ក៏​ជា​របស់​គេ​ដែរ​។ អីចឹង​ការចាត់​ចែង​ត្រូវ​តែ​ប្រយ័ត្ន​ហើយ​ត្រូវ​តែ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​។ ហើយ​លក្ខណៈ​តែ​ពីរ​នៃ​អភិបាល​កិច្ច​គឺ​តម្លាភាព​និង​ការ​ចូលរួម​គឺ​មាន​ការ​ខ្វះ​ចន្លោះ​ច្រើនណាស់»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោ​ក សាយ សំអាល់ រដ្ឋ​មន្ត្រី ក្រសួង​បរិស្ថានបាន​ថ្លែង​ការពារ​នីតិ​វិធី​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​ថា​៖

«តាម​ពិតជាក់​ស្តែងទៅ​យើង​បាន​ចុះ​ទៅមើល​ដែរហើយ​តំបន់​យើង​ភាគច្រើន​មិន​មាន​ប្រជាជន​ទេ​ពីមុន​មក​តែ​បន្ទាប់​ពី​បាន​គោលការណ៍​បន្ទាប់​ពី​ក្រុមហ៊ុន​ទៅ​ឈូសឆាយ​កន្លែង​ដាំ​ជួនកាល​ក៏​យើ​ញ​មាន​បងប្អូន​មក​ពី តំបន់​ផ្សេង​គាត់​ទៅ ទន្ទាន​យក​ដី​នេះ​តែ ម្តង​ក៏​ប៉ុន្តែ​ខ្ញុំ​ក៏​ទទួលស្គាល់​ដែរ​ថា​ការ​គូស​របស់​យើងនេះ​តាម​ពិត​ទៅ យើង​ក៏​បាន​ដឹង​ថា​មាន​ភូមិ​នៅ​ក្បែរៗ​នោះ ហើយ​យើង​ក៏បាន​ធ្វើ​ការ​ម៉ត់ចត់​ដែរ​ជាមួយ​ក្រុម​ហ៊ុន​ឱ្យ​គាត់​អនុវត្ត​នូ​វគោល​នយោបាយ​ស្បែក​ខ្លា​បើ​ប៉ះនៅ​ភូមិ​គឺ​យើង​ឃ្វៀល​ចោលកន្លែង​នោះ​តែម្តង»។

គណបក្ស​គ្រប់​គ្រង​អំណាច​បាន​បាត់​បង់​អាសនៈ​អស់​ចំនួន​២២ក្រោយពី​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៣បើ​ទោះបី​ជា​ខិត​ខំ​ប្រឹង​ប្រែង​ដោះស្រាយ​វិបត្តិ​ដីធ្លី​ដែល​បាន​រួតរឹត​តាំងពី​ទីក្រុង​រហូតដល់​ជន​បទ​ក៏ដោយ។

លោករដ្ឋ​មន្ត្រី​សាយ​ សំអាល់ ​ក៏​បាន​បញ្ជាក់​បន្ថែមពីការ​ប្តេជ្ញា​របស់​លោកក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី នេះថា​៖

«រឿងនេះ​តាំង​ពី​មុន​បោះឆ្នោត​មក​ម្ល៉េះ​តាម​រយៈ​ចលនា​យុវជន​យើង​ក្នុង​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី របស់​យើង​គឺ​យើង​បាន​អនុវត្ត​តាំង​ពី​មុន​បោះឆ្នោត​មក​ម្ល៉េះ​ហើយនេះ​គឺ​ជាការ​ធ្វើ​ជាបន្តបន្ទាប់​ទៀត​ព្រោះរឿងនោះ​ទោះបី​យើង​បាន​ដោះស្រាយ​មួយចំនួន​ធំ​ក៏ដោយ​ក៏ប៉ុន្តែ​នៅ​បញ្ហា​សេសសល់​យើង​ត្រូវ​ប្តេជ្ញាចិត្ត​តស៊ូ​ដោះស្រាយ​បញ្ហា​នេះ​សង្ឃឹម​ថា​បាន​ចប់​ចុះ»។​

លោកសុភ័ក្រយល់​ថា​ការគ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​បាន​ល្អ​គឺ​នឹង​ផ្តល់​ផលប្រយោជន៍​ទាំង​សម្រាប់​រដ្ឋ​និង​ប្រជាពលរដ្ឋ។

យ៉ាង​ណា​ក៏ដោយ​ លោក​ សុភ័ក្រ​យល់​ឃើញ​ថា​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈ​ពេល​ដល់​ទៅ​៩៩​ឆ្នាំ​គឺ​មាន​រយៈ​ពេល​យូរ​ពេក​ដូច្នេះ​ទាមទា​រ​ឱ្យ​មាន​ការ​សើរើ​ពិនិត្យ​ឡើង​វិញ​លើ​គោល​នយោបាយ​នេះ។ លោក​យល់​ថា​រយៈ​ពេល​ដែលយូរ​បំផុត​គឺ​មិន​ត្រូវ​លើស​ពី​៤០​ឆ្នាំ​ទេ​ជាពិសេសដីដែល​នៅ​តាម​បណ្តោយព្រំដែន​ជាមួយ​នឹង​ប្រទេស​ជិតខាង។

«ដី​នៅ​តាម​ព្រំដែន​ផង​ក៏ បញ្ហា​ហ្នឹង​គឺ​យើង​ឯកភាព​ទាំង​អស់​គ្នា​ហើយ​ថា​គួរ​តែ​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​នៅ​ក្នុង​រឿង​ហ្នឹង​បើ​មិន​អញ្ចឹង​ទេ​ទៅថ្ងៃ​ក្រោយ​ទៅ​អាច​ទៅ ជា​រឿង​នយោបាយ​ធ្ងន់​ធ្ងរ​មិន​មែន​តែ​នៅ ក្នុង​ស្រុក​ទេស​យើង​ទេ​អាច​នឹង​ប៉ះពាល់​ដល់​ទំនាក់​ទំនង​អន្តរជាតិ​រវាង​យើង​និង​ប្រទេស​ជិត​ខាង»។​

លោក​ក៏បាន​បញ្ជាក់​ដែរ​ថារដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​មើលក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ចដែល​បាន​ទទួល​ដី​ព្រៃ​យក​ទៅ​អភិវឌ្ឍន៍​ប៉ុន្តែ​មិន​បាន​ធ្វើ​សកម្មភាព​ត្រូវ​ពិនិត្យ​ថា​ក្នុង​ពេល​នោះ​មាន​ធ្វើ​ឱ្យ​បាត់​ដើមឈើ​ប្រណិត​ឬ​យ៉ាង​ណា​មុន​នឹង​ទទួល​យក​តំបន់​ទាំង​នោះ ​មក​វិញ​ហើយ​បើ​ឃើញ​មាន​ការ​បាត់​បង់​ឈើ​គឺ​ត្រូវ​បង់​សង​មក​រដ្ឋាភិបាល​វិញ៕​

XS
SM
MD
LG