ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​បរិស្ថាន​ដក​ដី​សម្បទាន​ពី​ក្រុមហ៊ុន​ប្រាំបី


ស្ត្រី​ម្នាក់​លាប​មុខ​ក្នុង​ពេល​ចូល​រួម​បាតុកម្ម​​មួយ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១១ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ការពារ​ព្រៃឡង់​ខេត្ត​កំពង់​ធំ។
ស្ត្រី​ម្នាក់​លាប​មុខ​ក្នុង​ពេល​ចូល​រួម​បាតុកម្ម​​មួយ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១១ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ការពារ​ព្រៃឡង់​ខេត្ត​កំពង់​ធំ។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ប្រកាស​ថា ដី​សម្បទាន​របស់​ក្រុមហ៊ុន​ឯកជន​ចំនួន​ប្រាំបី​ នៅ​ក្នុ​ង​ខេត្ត​ចំនួន​បួន ត្រូវ​បាន​ដក​ហូត​មក​វិញ ដោយសារ​ក្រុមហ៊ុន​ទាំង​នេះ​មិន​បាន​អនុវត្តន៍​តាម​គោលការណ៍​ដូច​បាន​សន្យា​ជាមួយ​រដ្ឋាភិបាល​។

ផ្ទៃ​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប ១៣.៤២៣​ហិកតា​ត្រូវ​បាន​ក្រសួង​បរិស្ថាន​ដក​ពី​ក្រុមហ៊ុន​វិនិយោគ​ឯកជន​ចំនួន​ប្រាំបី​គិត​មក​ត្រឹម​ចុងខែ​កញ្ញា​នេះ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​ច៍ន្ទ​នេះ។​ដី​ទាំង​នេះ​ស្ថិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ក្នុង​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ កំពង់​ស្ពឺ និង​កោះកុង។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្ដី​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​ពង្រឹង​ប្រសិទ្ធិភាព​ការងារ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​រសៀល​ថ្ងៃ​ច៍ន្ទ​នេះ លោក សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​មាន​ប្រសាសន៍​ថា ការ​ដក​ហូត​យក​ដី​សម្បទាន​មក​វិញ​នេះ ធ្វើ​ឡើង​បន្ទាប់​ក្រសួង​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ខ្លះ​មិន​បាន​ធ្វើ​ការ​អភិវឌ្ឍ​លើ​ទីតាំង​ដែល​ខ្លួន​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល ហើយ​ក្រុមហ៊ុន​ខ្លះ​ទៀត​បាន​សម្រេច​បោះបង់​មិន​ធ្វើ​ការ​វិនិយោគ​។

«គឺ​ថា​គាត់​បាន​ទៅ​យូរ​ហើយ ក៏ប៉ុន្តែ​មិន​មាន​ការ​អភិវឌ្ឍ​អ្វី​ទេ​។ ចឹង​ទេ វា​អាច​ថា​ងាយ​ជា​មូល​ហេតុ​ចម្បង​សម្រាប់​យើង​ដើម្បី​ដក​ហូត​ត្រឡប់​មកវិញ។ ខ្ញុំ​បាទ​សូម​គូស​បញ្ជាក់​ថា មិនមែន​ថា យើង​ចេះ​តែ​ដក​ហូត​ក្រុមហ៊ុន​ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់​នោះ​ទេ»។

​ក្រុមហ៊ុន​ទាំង​ប្រាំបី​រូមមាន​ក្រុមហ៊ុន​វិមាន​សិលា ក្រុមហ៊ុន​ស៊ាន​ហេង Investment​ដែល​ទទួល​បាន​ដី​សម្បទាន​ពីរ​កន្លែង ក្រុមហ៊ុន Blue Metro​ Co, Ltd និង​ក្រុមហ៊ុន​ហេង ប៊ុន​ណាត​ Co, Ltd ដែល​ក្រុម​ហ៊ុន​ខាង​លើ​នេះ បាន​សុំ​សិទ្ធិ​ក្នុង​ការ​ធ្វើ​ការ​អភិវឌ្ឍ​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​ផ្ទៃ​ដី​នៃ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សីហនុ​រាម។ ក្រុមហ៊ុន​សាន់​ វឌ្ឍនៈ​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​ឧទ្យានជាតិ​គិរីរម្យ​ និង​បូកគោ និង​ក្រុមហ៊ុន​ឋានសួគ៌​ចំកាត់ និង​ក្រុមហ៊ុន​ច័ន្ទ ​រតន៍ គ្រុប ដែល​ទទួល​បាន​ដី​សម្បទាន​នៅ​ក្នុង​ឧទ្យានជាតិ​បុទុមសាគរ​ខេត្ត​កោះកុង។

លោក សាយ​ សំអាល់ មាន​ប្រសាសន៍​ថា ផ្ទៃដី​ដែល​ត្រូវ​បាន​ដក​ហូត​នឹង​ត្រូវ​ប្រែក្លាយ​ជា​ដី​អភិរក្ស​វិញ។

«ដី​ទាំង​នេះ​យើង​អាច​ផ្ទេរ​ទៅ​ជា​ដី​អភិរក្ស​វិញ​ដោយ​ហេតុ​ថា​មិន​ទាន់​មាន​ការ​កាប់​ឈើ​នៅ​ឡើយ​ទេ»។

របាយការណ៍​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​(Licadho) ​នៅ​ដើម​ឆ្នាំ​២០១៤ ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ដី​សម្បទាន​សរុប ​២,២​លាន​ហិកតា​ទៅ​ឲ្យ​ក្រុម​ហ៊ុន​អភិវឌ្ឍ​ក្រោម​រូបភាព​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ (ELCs)។ ប្រជាពលរដ្ឋ​សរុប​ប្រហែល​ជាង​ ៤២០.០០០​នាក់​បាន​រង​ផលប៉ះពាល់​ពី​ការ​ផ្ដល់​ដី​សម្បទាន​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៣។

របាយការណ៍​ដដែល​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១២ ដោយសារ​តែ​ជិត​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥​ និង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ រដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​ផ្អាក​សម្បទាន​ដី​សេដ្ឋកិច្ច​ជា​បណ្ដោះ​អាសន្ន​ដោយ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​កន្លង​មក។ ​រដ្ឋាភិបាល​ក៏​សម្រេច​រៀបចំ​កម្មវិធី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ដាច់​ស្រយាល។ ក៏​ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​២០១៣ កម្មវិធី​ទាំងពីរ​បរាជ័យ។ ទោះបី​ជា​រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មីៗ​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ឯកជន​ក៏​ដោយ ការ​ទប់ស្កាត់​នោះ​មិន​មាន​ប្រសិទ្ធិភាព​ឡើយ។ របាយការណ៍​ដដែល​អះអាង​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​យ៉ាង​តិច​ចំនួន​១៦​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​ហ៊ុនចាប់​តាំង​ពី​បទ​បញ្ជា​អំពី​ការ​ផ្អាក​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ​២០១២​លើ​ផ្ទៃ​ដី​សរុប​ ៨០.០០០​ហិក​តា។​

​លោក ចាន់​ សាវ៉េត អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ថ្លែង​ថា លោក​ស្វាគមន៍​នៅ​ពេល​ឃើញ​ចាត់​វិធានការណ៍​ដក​ហូត​យក​ពី​ក្រុមហ៊ុន​ដែល​មាន​មិនបាន​ធ្វើ​តាម​ការ​សន្យា។ ក៏ប៉ុន្តែ​លោក​ហៅ​វិធានការណ៍​នោះ​ថា ទំនង​ហាក់​ដូចជា​យឺត​ពេល​បន្តិច។

«វា​ជា​ការ​រង់ចាំ​យូរ​ពេក​ហើយ​សម្រាប់​យើង​ខ្ញុំ​សង្គម​ស៊ីវិល​ និង​ពលរដ្ឋ​ខ្មែរ។ ក្រុមហ៊ុម​មិនមែន​មាន​តែ​ប៉ុណ្ណឹង។ មាន​ច្រើន​ណាស់​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​ផ្ដេស​ផ្ដាស​មិន​បាន​គោរព​តាម​កិច្ចសន្យា។ យើង​ស្វាគមន៍​ដែល​ក្នុង​ការ​ចាត់​វិធានការណ៍​ក្ដៅ​របស់​រដ្ឋាភិបាល​ ប៉ុន្តែ​យើង​ទទូច​ឲ្យ​ធ្វើ​កាន់​តែ​ខ្លាំង​ជាង​ហ្នឹង​ទៅ​ទៀត​ដើម្បី​រក្សា​ដីធ្លី​ព្រៃឈើ​របស់​យើង។ ជាពិសេស​មិន​ចង់​ឲ្យ​ពួក​គេ​រួច​ខ្លួន​បាន​ទេ​នៅ​ពេល​ដែល​ពួកគេ​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ​អស់​ហើយ»។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានក្រសួងលោក សាយ សំអាល់ ប្រកាស​បន្ថែម​ថា ក្រសួង​របស់​លោក​នឹង​បន្ត​ការ​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច​បន្ថែម​ទៀត​ក្នុ​ង​ពេល​ខាងមុខនេះ៕

XS
SM
MD
LG