លោក ង៉ែត ម៉ូសេ អ្នកសម្របសម្រួលគម្រោងបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលបានជួយបណ្តុះបណ្តាលអ្នកកាសែតពលរដ្ឋបានចំនួនជាង៦០នាក់ រួមទាំងព្រះសង្ឃ១០អង្គផង បានថ្លែងប្រាប់វីអូអេតាមរយៈកម្មវិធី«សំឡេងយុវជន»កាលពីថ្ងៃច័ន្ទ ទី៩ ខែធ្នូនេះថា៖
«ពួកគេអាចថតសំឡេងឬរូបភាពនៃបញ្ហាទាំងនោះពីសហគមន៍ដែលពួកគេរស់នៅផ្ទាល់ និងចែករំលែកព័ត៌មាននោះបានយ៉ាងលឿនតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។»
ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសគឺ ហ្វេសប៊ុក (Faceobook) និងយូធូប (YouTube) ជាដើម បានចាប់ផ្តើមកាន់តែមានប្រជាប្រិយភាពក្នុងចំណោមប្រជាជនខ្មែរច្រើនឡើងៗនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
មានរូបថតនិងរូបវីដេអូនៃសកម្មភាពកាប់ព្រៃឈើ អំពើហឹង្សារបស់អាជ្ញាធរទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី និងសម្រែកនិងការបង្ហូរទឹកភ្នែករបស់ជនរងគ្រោះដោយការរំលោភយកដីធ្លីជាដើម ត្រូវបានគេបង្ហោះនិងចែករំលែកឲ្យគ្នាមើលកាន់តែច្រើននៅតាមបណ្តាញសង្គមទាំងនោះ។
លោក ង៉ែត ម៉ូសេ បានបណ្តុុះបណ្តាលសកម្មជនសិទ្ធិមនុស្ស អ្នកតស៊ូមតិនិងសិស្សនិស្សិតរាប់រយនាក់ឲ្យចេះប្រើប្រាស់បណ្តាញហ្វេសប៊ុកនិងការប្រើប្រាស់ទូរស័ព្ទទំនើបជាដើមនៅក្នុងខេត្តក្រុងជាង១០ រួមមានខេត្តកោះកុង កំពង់ស្ពឺ រតនៈគីរី មណ្ឌលគីរី និងកំពង់ធំ ដែលជាទីកើតមាននូវសកម្មភាពកាប់ឈើខុសច្បាប់និងការរំលោភយកដីធ្លីធ្ងន់ធ្ងរជាដើម។
«យើងនៅភ្នំពេញពិបាកទទួលបានព័ត៌មានមួយចំនួនជាសំឡេង ឬរូបថត ឬវីដេអូ ប៉ុន្តែអ្នកកាសែតពលរដ្ឋអាចយករូបភាពទាំងនោះបានយ៉ាងងាយស្រួលដោយសារពួកគេនៅក្នុងមូលដ្ឋាននោះស្រាប់ ហើយពួកគេអាចផ្ញើមកឲ្យពួកយើងឬចែកដល់សាធារណជនបានយ៉ាងលឿនបំផុត។ ហើយអ្នកកាសែតអាជីពក៏អាចទទួលបានរូបភាពពីបណ្តាញផ្សព្វផ្សាយសង្គមរបស់ពួកគេបានដែរ។»
ក្រៅពីបណ្តុះបណ្តាល មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍របស់លោកមូ៉េស ក៏បានចែកទូរស័ព្ទទំនើបនិងកំព្យូទ័រយួរដៃទៅដល់អ្នកកាសែតពលរដ្ឋផងដែរ ដើម្បីឲ្យពួកគេមានលទ្ធភាពផ្តិតយករូបភាពទាំងនោះបាន។
«បើពួកគេជួបប្រទះដោយផ្ទាល់នូវអំពើពុករលួយនៅក្នុងសហគមន៍របស់ពួកគេ អ្នកកាសែតពលរដ្ឋទាំងនោះអាចសរសេរឬថតរូប រួចបោះព័ត៌មាននោះទៅឲ្យអ្នកកាសែតអាជីព ដើម្បីឲ្យគេពិនិត្យមើលទៅលើបញ្ហានោះបន្តទៀត។
លោកមានប្រសាសន៍បន្ថែមថា៖ «ថ្វីត្បិតតែមិនមែនគ្រប់គ្នាសុទ្ធតែជាអ្នកកាសែតក៏ដោយ ក៏នៅសម័យនេះ នរណាក៏អាចជាអ្នកកាសែតបានដែរប្រសិនបើពួកគេតាមដានព័ត៌មានដោយអានកាសែត ស្តាប់វិទ្យុឲ្យដឹងថា មានអ្វីកើតឡើងហើយប៉ះពាល់ដល់សង្គមឬក៏ជួបប្រទះផ្ទាល់នូវបញ្ហាក្នុងសហគមន៍របស់ពួកគេ ពួកគេអាចចែកចាយព័ត៌មាននោះដល់សាធារណជនបានយ៉ាងងាយស្រួលតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។»