ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន ចិន និង​កូរ៉េ​ខាង​ត្បូង​រួម​គ្នា​ថ្កោលទោស​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង


លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន Fumio Kishida ដែលឈរនៅកណ្តាល អានសារមួយបន្ទាប់ការជួបប្រជុំជាមួយលោក​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi (ខាងឆ្វេង) និង​លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង Yun Byung Se (ខាងស្តាំ) នៅថ្ងៃ២៤ សីហា ២០១៦។
លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន Fumio Kishida ដែលឈរនៅកណ្តាល អានសារមួយបន្ទាប់ការជួបប្រជុំជាមួយលោក​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi (ខាងឆ្វេង) និង​លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង Yun Byung Se (ខាងស្តាំ) នៅថ្ងៃ២៤ សីហា ២០១៦។

រដ្ឋមន្ត្រី​ការបរទេស​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង បាន​ទុក​ជម្លោះ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដែន​ទឹក​របស់​ខ្លួន​មួយ​ឡែក ដោយ​បាន​រិះគន់​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​សាកល្បង​បាញ់​គ្រាប់​មីស៊ីល​នាវា​មុជ​ទឹក​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ពុធ​នេះ។ ការ​វិវត្តន៍​នេះ​គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​សហការ​គ្នា​ជា​ធ្លុង​មួយ​ដែល​កម្រ​នឹង​ឃើញ​រវាង​ប្រទេស​ប្រទេស​ទាំង ៣ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​ប្រទេស​ទាំង ៣ រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​តូក្យូ​នា​ថ្ងៃ​ពុធ​នេះ។

លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន Fumio Kishida ដែល​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi និង​លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង Yun Byung Se នេះ បាន​និយាយ​ថា ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​លើក​នេះ គឺ​ជា «ការ​បង្កហេតុ​ដែល​មិន​អាច​ទ្រាំទ្រ​បាន‍»។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ពី​នាវា​មុជ​ទឹក​របស់​ខ្លួន​ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​កូរ៉េ​ខាង​ត្បូង និង​មន្ត្រី​សហរដ្ឋ​អាមេរិក។

ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​លើក​នេះ​បង្ហាញ​ពី​ការ​វិវត្តន៍​ដ៏​ខ្លាំង​ពិត​ប្រាកដ​មួយ​នៃ​សមត្ថភាព​យោធា​កូរ៉េ​ខាង​ជើង​ក្នុង​ការ​វាយប្រហារ​សហរដ្ឋ​អាមេរិក​ ឬ​ក៏​ប្រទេស​ណាមួយ​ផ្សេង​ទៀត​ដោយ​អាវុធ​នុយក្លេអ៊ែរ។

មន្ត្រី​កូរ៉េ​ខាង​ត្បូង​បាន​ថ្កោលទោស​ការ​បាញ់​គ្រាប់​មីស៊ីល​នេះ​ថា​ជា «ការ​តវ៉ា​ដោយ​អាវុធ‍» ប្រឆាំង​នឹង​ការ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រួមគ្នា​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក ដែល​សមយុទ្ធ​នេះ​ត្រូវ​បាន​ប្រទេស​កូរ៉េ​ខាង​ជើង​ហៅ​ថា ការ​ហាត់សម​ដើម្បី​ឈ្លានពាន​ប្រទេស​របស់​ខ្លួន។

លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន Kishida បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​តូក្យូ បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​ពាក់ព័ន្ធ​នឹង​បញ្ហា​មីស៊ីល​នេះ ហើយ​បាន​ជំរុញ​ឲ្យ​សមភាគី​របស់​លោក គឺ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ចិន Wang Yi និង​លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង Yun Byung Se ឲ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង។

លោក Yun Byung Se ថា ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​លើក​នេះ​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃ​សមត្ថភាព​យោធា​របស់​ប្រទេស​នេះ ហើយ​លោក​បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំង ៣ គឺ​ជប៉ុន ចិន និង​កូរ៉េ​ខាង​ត្បូង​រួមគ្នា​ជា​ធ្លុង​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ។

រី​ឯ​លោក Wang Yi វិញ បាន​បញ្ជាក់​ថា ទោះបីជា​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​មាន​ជម្លោះ​ជាមួយ​គ្នា​ក៏ដោយ ក៏​ត្រូវតែ​សហការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​គំរាមកំហែង​ក្នុង​តំបន់ ដូចជា​បញ្ហា​មហិច្ឆិតា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នេះ៕

XS
SM
MD
LG